កោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំនៅថ្ងៃអង្គារនេះ ដោយធ្វើឱ្យដូចទៅនឹងស្ថានការណ៍ដែលតៃវ៉ាន់ទប់ទល់ប្រឆាំងនឹងការវាយប្រហារណាមួយដូច្នេះដែរ។ ស្របពេលនោះដែរ មន្ត្រីការទូតកំពូលរបស់តៃវ៉ាន់បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានត្រៀមលក្ខណៈឈ្លានពានកោះតៃវ៉ាន់ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាដ៏ធំអស់រយៈពេលប៉ុន្មានថ្ងៃមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សមយុទ្ធរបស់តៃវ៉ាន់នៅថ្ងៃអង្គារនេះបានធ្វើឡើងនៅក្នុងស្រុក Pingtung នៅភាគខាងត្បូងកោះតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់លោក Lou Woei Jye អ្នកនាំពាក្យនៃកងពលទី ៨ របស់យោធាតៃវ៉ាន់។
យោធាតៃវ៉ាន់ថា ការធ្វើសមយុទ្ធនេះដែលនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ខាងមុខ ក៏មានការដាក់ពង្រាយកងទ័ពរាប់រយនាក់និងកាំភ្លើងធំធុនធ្ងន់ប្រហែល ៤០ គ្រឿងផងដែរ។
កាលពីសប្ដាហ៍មុន ប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមួយតាមផ្លូវទឹកនិងផ្លូវអាកាសនៅជុំវិញកោះតៃវ៉ាន់ដើម្បីឆ្លើយតបបែបខឹងសម្បាចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ យោធាចិនបានបញ្ជាក់ថា ការធ្វើសមយុទ្ធរបស់ខ្លួនបានបន្តនៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះថា៖ «ចិនបានប្រើសមយុទ្ធនោះនៅក្នុងក្បួនយុទ្ធសាស្ត្រយោធារបស់ខ្លួនដើម្បីត្រៀមលក្ខណៈសម្រាប់ការឈ្លានពានលើកោះតៃវ៉ាន់»។
លោក Joseph Wu បានចោទប្រកាន់រដ្ឋាភិបាលចិនថាបានប្រើដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ជាលេសដើម្បីធ្វើសកម្មភាពយោធា។
លោកបានលើកឡើងដូច្នេះថា៖ «ចេតនាពិតប្រាកដរបស់ចិនគឺធ្វើឱ្យប្រែប្រួលដល់ស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់និងនៅតំបន់ទាំងមូល»៕
ឃុំ Fenggang ស្រុក Pingtung កោះតៃវ៉ាន់ —