រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​សន្យា​បន្ត​កិច្ចចរចា​សន្តិភាព​នៅ​ក្នុង​ក្រុង​ហ្សឺណែវ

លោក Bashar al Ja'afari ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​សន្តិភាព​ជាមួយ​នឹង​លោក Staffan de Mistura ប្រេសិត​អ.ស.ប.​ទទួល​បន្ទុកកិច្ចការ​ប្រទេស​ស៊ីរី​នៅ​ក្នុង​ក្រុង​ហ្សឺណែវ។

អ្នក​ធ្វើ​ការ​ចរចា​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​និយាយ​ថា​ លោក​មាន​ជំនឿ​ថា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃសៅរ៍​នៅ​ក្នុងក្រុង Homs មាន​គោលដៅ​បង្អាក់​កិច្ច​ចរចា​សន្តិភាព​ដែល​កំពុង​មានធ្វើ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ។​

លោក​ Bashar al-Ja'afari បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា «ការ​បំផ្ទុះ​គ្រាប់បែក​ដោយ​ពួក​ភេរវជន​នៅ​ក្នុង​ក្រុង​ Homs ជា​សារ​មួយ​ដល់​ក្រុង​ហ្សឺណែវ​ពី​ពួក​អ្នក​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ភេរវកម្ម ហើយ​យើង​និយាយ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា​សារ​នេះ​បាន​ត្រូវ​ទទួល​ហើយ​ ហើយ​ឧក្រិដ្ឋកម្ម​នេះ​បាន​ត្រូវ​កត់​សម្គាល់​ហើយ»។

លោក Ja'afari បាន​ជួប​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​លោក Staffan de Mistura ប្រេសិត​អ.ស.ប.​ទទួល​បន្ទុកកិច្ចការ​ប្រទេស​ស៊ីរី​នៅ​ក្នុង​ក្រុង​ហ្សឺណែវ។​ លោក De Mistura បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​សារព័ត៌មាន​នៅ​មុន​ជំនួប​នេះ​ថា

លោក​សង្ឃឹម​ថា​ការ​វាយ​ប្រហារទាំង​នេះ​នឹង​មិន​មានផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ទេ ដោយ​លោក​បាន​ហៅ​ពួក​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នេះ​ថា​ជា «ពួក​អ្នក​បំផ្លាញ​សន្តិភាព»។ លោក​បាន​មាន​ប្រសាសន៍​ថា «នៅ​រាល់​ពេល​ដែល​យើង​មាន​កិច្ច​ចរចា​គ្នា តែងតែ​មាន​នរណា​ម្នាក់​ដែល​ខិតខំ​ព្យាយាម​បំផ្លាញ​ការ​ចរចា​នេះ​ជានិច្ច។ យើង​រំពឹង​ថា​ការណ៍​នេះ​នឹង​កើត​មាន»។

នៅ​ក្រោយ​ជំនួប​នេះ​ លោក Ja'afari បាន​ទាមទារ​ឱ្យ​ពួកអ្នក​ធ្វើ​ការ​ចរចា​របស់​ក្រុម​ប្រឆាំង​រិះគន់​ការ​វាយប្រហារ​ទាំង​នេះ​ថា​ ជា​ការ​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​របស់​ពួកគេ​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព។ លោក​បាន​និយាយ​ថា «ភាគី​ណា​មួយ​ដែល​ប្រកែក​មិន​ព្រមថ្កោលទោសការ​វាយ​ប្រហារ​ទាំង​នេះ​នៅ​ថ្ងៃនេះ​ទេ យើង​នឹង​ចាត់​ទុក​ភាគី​នោះ​ថា​ជា​អ្នក​ឃុបឃិត​ជាមួយ​ពួក​ភេរវជន»។

ចំណែក​ឯពួក​ប្រឆាំង​វិញ​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​កិច្ចចរចា​ត​ទៅ​ទៀត​ ក៏ប៉ុន្តែ​ពួក​គេ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ស៊ីរី​ថា ​បាន​ប៉ុនប៉ង​បំផ្លិច​បំផ្លាញ​ការ​ចរចា​គ្នា​នេះ​ដោយ​ធ្វើ​ការ​ទាមទារ​មក​លើ​ក្រុម​ប្រឆាំង។​

ពួក​ប្រតិភូ​ខ្លះ​នៃ​ក្រុម​ប្រឆាំង​បាន​ថ្កោលទោស​ភេរវកម្ម​ជា​ទូទៅ​ ក៏ប៉ុន្តែ​ក៏​បាន​ប្រលយ​ពាក្យ​សម្តី​ថា ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង Homs ប្រហែល​ជា​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​រដ្ឋាភិបាល៕