កងទ័ពរដ្ឋាភិបាលស៊ីរីកំពុងរុលទៅមុខទៅកាន់ក្រុង Idlib ដែលជាសំបុកចុងក្រោយបង្អស់របស់ពួកឧទ្ទាមនៅពេលប្រឈមនឹងការគំរាមកំហែងខាងយោធាជាថ្មីដោយប្រទេសតួកគី។ ក៏ប៉ុន្តែជាមួយគ្រោះថ្នាក់នៃការប្រឈមគ្នា រដ្ឋាភិបាលក្រុង Ankara កំពុងប្រឈមនឹងសម្ពាធអន្តរជាតិ និងគំនាបសង្កត់ក្នុងប្រទេសឱ្យផ្លាស់ប្តូរគោលជំហរខ្លួនចំពោះរដ្ឋាភិបាលក្រុងដាម៉ាស់។
ជាមួយការវាយយកបានក្រុង Saraqeb របស់ពួកឧទ្ទាម កងកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់កំពុងពង្រឹងការគាបសង្កត់របស់ខ្លួនលើក្រុង Idlib។ ក្រុង Saraqeb បានរលំនៅក្រោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាហើយរដ្ឋាភិបាលក្រុង Ankara បានព្រមានរដ្ឋាភិបាលក្រុងដាម៉ាស់ឱ្យបញ្ឈប់ការវាយលុករបស់ខ្លួន។
កងកម្លាំងតួកគី មានប៉ុស្តិ៍សង្កេតការយោធាបួននៅជុំវិញក្រុង Saraqeb។ ប៉ុស្តិ៍ទាំងនេះជាផ្នែកនៃកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨រវាងរដ្ឋាភិបាលក្រុង Ankara និងរដ្ឋាភិបាលក្រុងមូស្គូដើម្បីបង្កើតតំបន់បន្ធូរភាពតានតឹងនៅក្នុងក្រុង Idlib ដើម្បីបញ្ចៀសកុំឱ្យមានការប៉ះទង្គិចគ្នារវាងពួកឧទ្ទាមនិងកងកម្លាំងរដ្ឋាភិបាលស៊ីរី។
រដ្ឋាភិបាលក្រុង Ankara បានបដិសេធមិនព្រមដកថយពីប៉ុស្តិ៍ទាំងនេះទេ។ ក៏ប៉ុន្តែអ្នកវិភាគព្រមានថាកងកម្លាំងតួកគីកំពុងប្រឈមនឹងស្ថានភាពមិនអាចការពារបាន៕