ក្រុមប្រឆាំងដែលកំពុងបះបោរនៅក្នុងប្រទេសស៊ីរីបានយល់ព្រមថារបៀបវារៈនៃកិច្ចប្រជុំបន្ទាប់របស់ពួកគេ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ ខែមករាខាងមុខនេះនឹងផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលត្រូវរួមបញ្ចូលក្នុងរដ្ឋធម្មនុញ្ញថ្មី។
លោក Geir Pedersen បេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីបានទទួលស្គាល់ថា វាមិនមានការវិវត្តច្រើននោះទេ ប៉ុន្តែវាអាចបើកទ្វារឱ្យកាន់តែធំជាងមុនដើម្បីឈានទៅដល់កិច្ចព្រមព្រៀងកាន់តែទូលំទូលាយមួយ។
លោកទទួលស្គាល់រួចហើយថា ការពិភាក្សារវាងគណៈប្រតិភូរដ្ឋាភិបាល និងក្រុមប្រឆាំងបានបង្ហាញពីភាពខុសគ្នាជាច្រើនក្នុងគោលជំហររបស់ពួកគេ និងតាមរយៈភាពតានតឹងក្នុងកិច្ចពិភាក្សានោះ។ លោកបាននិយាយថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីមានជម្លោះដ៏ប្រល័យអស់រយៈពេល១០ឆ្នាំមកហើយនោះ។
ប៉ុន្តែលោកបានកត់សម្គាល់ថា គណៈប្រតិភូស៊ីរីបានស្តាប់ដោយការគោរពគ្នាទៅវិញទៅមកនិងអាចស្វែងរកចំណុចរួមបានលើផ្នែកមួយចំនួន។
លោក Geir Pedersen បាននិយាយក្នុងន័យដើមថា៖ «មានគោលជំហរមួយចំនួនដែលយើងសង្ឃឹមថានៅពេលយើងជួបប្រជុំគ្នាម្តងទៀត ពួកគេអាចយល់ស្របនិងអាចបង្កើតអ្វីមួយដែលមានសារៈសំខាន់នៅពេលយើងចាប់ផ្តើមព្រាងសំណើច្បាប់សម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលយើងសង្ឃឹមថានឹងមិនយូរនោះទេ»។
ការចរចានេះមានគោលបំណងតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ ដែលនឹងធ្វើជាមូលដ្ឋានសម្រាប់ការបោះឆ្នោតដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ីរី។ លោក Pedersen និយាយថា គណៈកម្មាធិការធម្មនុញ្ញត្រូវវិវត្តទៅមុខឱ្យបានលឿនជាងនេះក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ ដើម្បីបុព្វហេតុពលរដ្ឋស៊ីរីរាប់លាននាក់ ដែលកំពុងតែរងគ្រោះពីសង្គ្រាមដ៏យូរអង្វែងមួយនេះ។
លោក Pedersen បានបន្តក្នុងសម្ដីដើមទៀតថា៖ «អ្វីដែលសំខាន់ដែរនោះគឺថា យើងមើលឃើញការវិវត្តនៅក្នុងប្រទេស។ យើងមានការវិវត្តនៅក្នុងសហគមន៍អន្តរជាតិ។ យើងលើកទឹកចិត្តជាពិសេសឱ្យរដ្ឋបាលសហរដ្ឋអាមេរិកថ្មីនិងរុស្ស៊ី ដើម្បីជួបពិភាក្សាគ្នាស្វែងរកថាតើអាចមានវិធានការជាជំហានៗដែលអាចជួយគ្នាទៅវិញទៅមកដែរឬទេ»។
លោកបាននិយាយថា ការធ្វើបែបនេះអាចនឹងជួយកសាងទំនុកចិត្តដែលចាំបាច់ដើម្បីវិវត្តទៅមុខលើដំណើរការនយោបាយដែលជាប់គាំងនេះ។ លោកនិយាយថា ការណ៍នេះនឹងជួយផ្លាស់ប្តូរជីវិតរបស់ប្រជាជនស៊ីរីឱ្យមានភាពល្អប្រសើរឡើងវិញ។ សង្គ្រាមមួយទសវត្សរ៍នៅក្នុងប្រទេសស៊ីរីបានសម្លាប់មនុស្សប្រមាណ៤០០.០០០នាក់ និងបណ្តាលឱ្យមនុស្សជិត១២លាននាក់ធ្វើចំណាកស្រុកទាំងនៅក្នុងប្រទេស និងក្រៅប្រទេសក្នុងនាមជាជនភៀសខ្លួន៕