ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ភាគ​ច្រើន​​នៅ​​មជ្ឈឹមបូព៌ា​អបអរសាទរ​លោក បៃដិន ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​អាមេរិក


ព័ត៌មានស្តីអំពីជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយតាមកាសែត នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទូរទស្សន៍​រដ្ឋ​ស៊ីរីបានប្រកាស​អំពី​ជ័យជម្នះ​របស់​លោក ចូ បៃដិន (Joe Biden) លើ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ (Donald Trump) ដោយ​ជៀសវាងមិន​សរសើរ ឬ​រិះគន់​ដល់បុរស​ណា​មួយ​ទេ។

កាសែតប្រចាំ​ថ្ងៃ​ Thawra របស់រដ្ឋាភិបាល បាន​កត់​សម្គាល់​ថា លោក បៃដិន ​បាន​សន្យាថានឹង «មិនប្រើ​ពាក្យ​សម្តី​អរិភាពរបស់​អ្នក​កាន់​តំណែង​មុន​លោក គឺ​លោក ត្រាំ ទេ»។

មេដឹកនាំ​កំពូលនៃ​ប្រទេស​អ៊ីរ៉ង់ Ayatollah Ali Khamenei បាននិយាយប្រាប់​ក្រុម​អ្នក​គាំទ្រ​លោក​ថា ​ជ័យជម្នះរបស់លោក បៃដិន «នឹងមិន​ផ្លាស់ប្តូរ​អ្វី​ទេ» ​ទោះណា​ជា​លោកអនុប្រធានាធិបតី Eshaq Jahangiri ​បានសរសេរសារ ​Twitter ថា ​លោក​សង្ឃឹម​ថា «នឹង​ឃើញមានការ​ផ្លាស់ប្តូរ»​ នៅ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថា​ជា «គោលនយោបាយ​បំផ្លិច​បំផ្លាញ​របស់រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន» និង «ការ​រករឿង​» របស់​ក្រុម​ការងារ​លោក ត្រាំ ក៏ដោយ។

ព្រះអង្គម្ចាស់រជ្ជទាយាទ​ Mohammed bin Zayed នៃ​ប្រទេស​អេមីរ៉ាត អារ៉ាប់​រួម ឬ UAE ​បានគូស​បញ្ជាក់​ថា ប្រទេសអេមីរ៉ាត អារ៉ាប់​រួម និងសហរដ្ឋ​អាមេរិក ជា «មិត្តនិង​សម្ព័ន្ធមិត្ត​ដែល​មានភាព​ដៃគូជា​ប្រវត្តិសាស្ត្រខ្លាំង» ហើយ​ទ្រង់ «ក៏​បាន​អបអរសាទរ​លោក Joe Biden និង​លោកស្រី Kamala Harris អនុប្រធានាធិបតី​ជាប់​ឆ្នោត ក្នុង​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក» ​ផងដែរ។

នៅ​ក្រុង Le Caire ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sissi បាន​អបអរ​សាទរលោក បៃដិន នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយដោយ «គូស​បញ្ជាក់សេចក្តី​ប្រាថ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សកម្មភាពរួម​ដើម្បីពង្រឹង​ចំណង​ទាក់​ទង​យុទ្ធសាស្ត្រ​ទ្វេភាគី​រវាង​ប្រទេសអេហ្ស៊ីប និង​សហរដ្ឋ​អាមេរិក»។

ទូរទស្សន៍ al Arabiya របស់រដ្ឋ​នៃ​ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសអំពី​ជ័យជម្នះរបស់​លោក បៃដិន ដោយ​និយាយ​ថា លោកនឹង «ផ្តោតការ​យក​ចិត្ត​ទុកដាក់លើ​គោលនយោបាយ​ថ្មីៗ និងទិសដៅថ្មីសម្រាប់​ប្រទេស​អាមេរិក»។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ក៏រដ្ឋាភិបាល​ប្រទេសអារ៉ាប៊ី សាអូឌីត ដែល​មាន​ចំណង​ទាក់​ទង​ជិតស្និទ្ធ​ជា​មួយរដ្ឋបាល​លោក ត្រាំ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ផ្លូវការអំពី​ជ័យជម្នះ​របស់​លោក បៃដិន ទេ។

ព្រះចៅ ​Emir នៃ​ប្រទេសកាតា គឺ​ Sheikh Tamim បាន​អបអរ​សាទរ​លោក បៃដិន នៅក្រោយទ្រង់​បាន​ឮអំពីជ័យជម្នះរបស់​លោក បៃដិន កាល​ពី​ថ្ងៃ​សៅរ៍ ទី៧ ខែវិច្ឆិកា។ ទ្រង់បាន​មាន​បន្ទូល​បន្ថែមថា ទ្រង់​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង ​Dohar នឹង «ពង្រឹង​មិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​របស់​ប្រទេសទាំង​ពីរ»។ ទំនាក់ទំនងរបស់​ប្រទេសកាតា ជា​មួយរដ្ឋបាល​លោក ត្រាំ មាន​ភាព​តានតឹងជា​ញឹកញយ។

ប្រធានាធិបតី​លីបង់លោក Michel Aoun ដែល​ជា​ញឹកញយ​មានការ​ប្រទាំង​ប្រទាស់ជាមួយរដ្ឋបាលលោក ត្រាំ បាន​អបអរសាទរ​លោក បៃដិន ដោយ​សម្តែង​សេចក្តី​សង្ឃឹម​ថា ​នឹង​មាន«ការវិល​ត្រឡប់ទៅ​កាន់​តុល្យភាព​ក្នុង​ទំនាក់​ទំនង​រវាងប្រទេស​អាមេរិក​និង​ប្រទេស​លីបង់​វិញ»។

លោក ​Abdullah Hamdouk នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស៊ូដង់​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ លោក​សង្ឃឹម​ថា​ «នឹង​ធ្វើការ​ជិតស្និទ្ធ» ជា​មួយ​រដ្ឋបាល​ថ្មី​របស់​លោក បៃដិន​។ ចំណែក​ឯប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បានហៅលោក​ បៃដិន ​ថាជា «មិត្ត​និង​ដៃគូមានការ​ទុកចិត្ត​នៅ​ក្នុងបុព្វហេតុនៃ​ការ​កសាង​ប្រទេស​អ៊ីរ៉ាក់​ ឱ្យ​ល្អ​ប្រសើរ​ជាង​មុន»។

ប្រែសម្រួលដោយ ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG