ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​អាច​សម្លាប់​មនុស្ស​ក្នុង​ជំរំ​ជនភៀស​ខ្លួន​នៅ​ស៊ីរី

រូប​ឯកសារ៖ សមាជិក​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​វាស់​សីតុណ្ហភាព នៅ​ក្នុង​ក្រុង Kafr Takharim ខេត្ត Idlib ប្រទេស​ស៊ីរី។

វីរុស​កូរ៉ូណា​ត្រូវ​គេ​រកឃើញ​លើក​ដំបូង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេសស៊ីរី​ ដែល​ជា​ដែនដី​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម ​ហើយ​ជា​ជំរំ​មាន​ជន​ភៀសខ្លួន​រស់​នៅ​យ៉ាង​ច្រើន​នោះ។

មនុស្ស​ដែល​ឆ្លង​ជំងឺ​នោះ​គឺ​វេជ្ជបណ្ឌិត​ម្នាក់​រស់នៅ​ក្នុង​តំបន់​អ៊ីដលីប ​ដែល​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ឯង​ភ្លាមៗ​ក្រោយ​ពីរក​ឃើញ​ថា​មាន​រោគសញ្ញា​បង្ហាញ​ចេញ​ឱ្យ​ដឹង។​ ក្រុម​មន្ត្រី​និយាយ​ថា​ មនុស្ស​ដែល​មាន​ការ​ទាក់ទង​នឹង​វេជ្ជបណ្ឌិត​រូប​នេះ​ត្រូវ​ដាក់​ឱ្យ​ធ្វើ​តេស្ត​ទាំង​អស់។

សហព័ន្ធ​ថែទាំ​សុខភាព​ហៅថា ​UOSSM​ ដែល​ជា​អង្គការ​មនុស្សធម៌​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា វីរុស​នេះ​អាច​នឹង​ឆ្លង​រាលដាល​ពាសពេញ​ជំរំ​ជន​ភៀសខ្លួន​ដូចជា​ភ្លើងឆេះ​ព្រៃ។

នៅ​កន្លែង​ផ្សេង​ទៀត ​ដូចជា​ដែនដី​ហុងកុង​ សាលារៀន​ទាំងអស់​ត្រូវ​បិទទ្វារ​កាលពី​ថ្ងៃចន្ទ ​ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ប្រព័ន្ធ​វិស្សមកាល​ក្នុង​រដូវ​ក្តៅ​មួយ​សប្តាហ៍​មុន​ការ​គ្រោងទុក។ ​សាលា​រៀន​បាន​បិទ​ទ្វារ​មុន​ការ​កំណត់​កាល​ពីដើម​ឆ្នាំ​ដោយសារ​ការផ្ទុះ​ជំងឺ​កូវីដ១៩​ តែ​បាន​ចាប់ផ្តើម​បើក​ជា​បណ្តើរៗ​ឡើងវិញ​កាលពី​ខែ​ឧសភា។

នៅ​អាមេរិក ​មាន​សេចក្តី​រាយការណ៍​ថាចំនួន​អ្នកឆ្លង​កាលពី​ថ្ងៃព្រហស្បតិ៍​មាន​ដល់​ទៅ​៦៤.០០០ ករណី។ ​តំបន់​ដែល​មាន​ការវាយ​ប្រហារ​ខ្លាំង​ជាង​គេ​គឺ​ស្ថិត​នៅ​ភាគ​ខាង​លិច​ និង​ខាង​ត្បូង​ ដូច​ជា​រដ្ឋ​Arizona ​រដ្ឋ California រដ្ឋ ​Florida ​និង​រដ្ឋ Texas៕