​ប្រទេស​ស៊ីរី​និង​រុស្ស៊ី​ចោទ​ប្រកាន់​អាមេរិក​ពីការ​ភូត​កុហក​អំពី​ការ​វាយ​ប្រ​ហារ​ប្រើ​អាវុធ​គីមី

បុរស​ជន​ជាតិ​ស៊ីរី​ម្នាក់​បង្ហាញ​គ្រាប់​រ៉ុកកែតដែល​បាញ់​ដោយ​របប​ស៊ីរី ទៅ​លើ​ក្រុង Douma នៃ​ទីក្រុង Ghouta ខាង​កើត ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម កាល​ពី​ថ្ងៃ​ទី​២២​ មករា ២០១៨។

ប្រទេស​ស៊ីរី​ និង​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពីការ​ភូត​កុហក​អំពី​ការ​វាយ​ប្រហារដោយ​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​សង្គ្រាម​ប្រទេស​ស៊ីរី​ថា​ ជា​វិធី​ធ្វើ​ឲ្យ​បរាជ័យ​នូវ​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​។

​ទីភ្នាក់​ងារ​ព័ត៌មាន​ SANA​ របស់​រដ្ឋ​ស៊ីរី​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដក​ស្រង់​ប្រភព​ពី​ក្រសួងការ​បរទេស​ដែល​បាន​ថ្កោល​ទោស​អ្វី​ដែល​ខ្លួន​បាន​ហៅថា​ «ការចោទ​ប្រកាន់​ភូតកុហក‍»​ដោយ​លោក​រដ្ឋមន្រ្តី​ការបរទេសអាមេរិក ​Rex Tillerson ​និង​លោក​រដ្ឋ​មន្រ្តីការ​បរទេស​បារាំង ​Jean-Yves Le Drian។

លោក​ Sergei Ryabkov​ អនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី ​Interfax ​ថា ​នៅពេល​ដែល​ការ​ខំ​ប្រឹងប្រែង​សន្តិភាព​ជឿន​លឿន​ទៅ​មុខ ​សហរដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​មាន​ការ​ផ្ទៀងផ្ទាត់អំពី​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អត្ថា​ធិប្បាយ​ទាំង​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​ជាមួយ​សម្ព័ន្ធ​មិត្ត​អង្គការ​អូតង់​របស់​ខ្លួន​នៅ​ក្នុង​ការ​ចាប់​ផ្តើមធ្វើ​យុទ្ធនាការដាក់​ការ​គៀប​សង្កត់​ប្រឆាំង​នឹងការ​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ខណៈ​ដែល លើក​ឡើង​ចំៗ​ថា​ប្រទេស​រុស្ស៊ី​ការ​ពារ​រដ្ឋាភិបាល​របស់​ប្រធានា​ធិបតី Bashar al-Assad ​នៃ​ប្រទេស​ស៊ីរី។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Tillerson​ បាន​និយាយ​នៅ​ឯ​សន្និសីទ​ក្រុង​ប៉ារីស​ដែល​រៀប​ចំ​ឡើង​ដោយ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​បារាំង​ Le Drian​ ថា​ «​ការ វាយ​ប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​តំបន់​ East Ghouta ​បាន​បង្កើន​នូវការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ថា ​របប​របស់​ Bashar al-Assad ​នៃ​ប្រទេស​ស៊ីរី​ប្រហែល​បន្ត​ប្រើ​អាវុធ​គីមីប្រឆាំង​ប្រជា​ពលរដ្ឋ​ខ្លួនឯង‍»។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក ​Tillerson ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២០​នាក់​ដែរ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទដែល​ទំនង​មកពីការ​វាយ​ប្រ​ហារ​ដោយ​ប្រើឧស្ម័ន​ក្លរីន​នៅ​ក្នុង​តំបន់​ East Ghouta ​ដែល​ពួក​ឧទ្ទាម​កាន់​កាប់ ​នៅ​ជិតរដ្ឋ​ធានី​ដាម៉ាស៕