ស៊ីរី​ទទួល​បាន​ព័ត៌មាន​ប្រយោល​ពី​ការ​វាយប្រហារ​ដឹក​នាំ​ដោយ​ស.រ.អាប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​

ប្រធានាធិបតី​ស៊ីរី​លោក​ Bashar al-Assad ត្រូវ​បាន​ឃើញ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ BBC ក្នុង​រដ្ឋធានី​ដាម៉ាស នាថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

លោក​ប្រធានា​ធិបតី Bashar al-Assad ​នៃ​ប្រទេសស៊ីរី ​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក ​បាន​ទទួល​ព័ត៌មាន​អំពីការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកប្រឆាំង​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​គ្មាន​កិច្ច​សហប្រតិបត្តិការ​ផ្ទាល់​ទេ។

​លោក Assad ​បាន​ប្រាប់​ទូរទស្សន៍ BBC ក្នុង​រដ្ឋ​ធានី​ដាម៉ាសថា ​មាន​ការ​ផ្លាស់​ប្តូរ​សាររវាង​គ្នា​ទៅវិញ​ទៅ​មកតាម​រយៈ​ភាគី​ទី​៣​ដូចជា​ប្រទេស​អ៊ីរ៉ាក់ ​ក៏ប៉ុន្តែ​សារ​ទាំង​នោះ ​មិន​បាន​រួមបញ្ចូល​ព័ត៌មាន​កលយុទ្ធ​ទេ។

លោក​ប្រធានា​ធិបតី​បាន​និយាយថា ​ស៊ីរី​នឹង​មិន​ចូលរួម​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ទេ។

​លោក Assadបាន​និយាយ​ថា« ​ទេ! យើង​ប្រាកដ​ជាមិន​អាច​ ​យើង​មិន​មាន​ឆន្ទៈ ហើយ​យើង​មិន​ចង់ ​ដោយ​សារតែមូលហេតុ​សាមញ្ញមួយ​ ​គឺថា​ ​យើង​មិនអាចក្លាយ​ជាសម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​ដែលគាំទ្រ​ភេរវកម្ម​នោះ​ទេ»។

រដ្ឋាភិបាល​ស៊ីរី ​បាន​ពណ៌​នា​ជាយូរយារ​ណាស់​មក​ហើយ​ថា ​កងកម្លាំង​ប្រឆាំង​លោក​ប្រ​ធា​នា​ធិបតី Assad ​ជា​ភេរវជន​រួម​ជាមួយ​ក្រុម​នានា​ដូចជា ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុម Nusra Front ​ដែល​មាន​ចំណងទាក់​ទង​ជាមួយ​ក្រុម​អាល់​ កៃដា ។​លោក​ប្រធានា​ធិបតី Assad ​បាន​និយាយ​ថា ​ប្រទេស​ស្ទើរតែទាំងអស់​នៅ​ក្នុង​ក្រុម​ចម្រុះ​គាំទ្រ​ភេរវកម្ម។

​លោក ​ក៏បាន​បញ្ជាក់​ដែរ​ថា ​កងទ័ព​ស៊ីរី ​មិន​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ធ្វើ​ពី​ធុង​សាំង ឬ​អាវុធ​មិនរើសផ្សេងទៀត​ក្នុង​អំឡុងពេល​នៃ​សង្គ្រាមស៊ីវិល​ជិត​៤ឆ្នាំ​ ​ដោយ​លោក​និយាយ​ថា ​កងកម្លាំង​ស៊ីរី ​មាន «​គ្រាប់​បែក​ ​កាំជ្រួចមីស៊ីលនិង​គ្រាប់កាំ​ភ្លើង» ​ក៏ប៉ុន្តែ ​មិនមែន​គ្រាប់​បែក​ធ្វើ​ពី​ធុង​សាំង​ទេ។

​លោក Assadក៏​បាន​លើក​ឡើងផងដែរ​ថា ​នេះ​ជា​រឿង​របស់​កូនក្មេង ​ដែល​និយាយ​ម្តងហើយ​ម្តង​ទៀត​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច។

​អង្គការសិទ្ធិ​មនុស្ស​ Amnesty International ​ Human Rights Watch និង​គណៈកម្មការ​ដែល​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្សក្នុង​ប្រទេស​ស៊ីរី ​បាន​ចោទ​ប្រកាន់កងទ័ព​ស៊ីរី​ពី​ការ​វាយ​ប្រហារ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ដោយ​ប្រើ​គ្រាប់បែក​ធ្វើពី​ធុងសាំង៕