ចាប់តាំងពីសង្គ្រាមស៊ីរីផ្ទុះឡើង ការផលិតប្រេងរបស់រដ្ឋាភិបាលស្ទើរតែផ្អាកទាំងស្រុងដោយបរិមាណនៃការផលិតបច្ចុប្បន្នមានចំនួនតិចជាង៣ភាគរយនៃបរិមាណប្រេងដែលផលិតបានកាលពីមុនសង្គ្រាមផ្ទុះឡើង។ ប៉ុន្មានថ្ងៃមុននេះ ឧស្សាហកម្មផលិតប្រេងបានធ្វើសកម្មភាពគួរឲ្យភ្ងាក់ផ្អើលមួយដោយសហការជាមួយអាជ្ញាធរក្នុងតំបន់បើកទីតាំងបូមប្រេងធំបំផុតមួយឡើងវិញ។ ប៉ុន្តែអ្នកវិភាគបានឲ្យដឹងថា ការធ្វើបែបនេះនឹងមិនអាចជួយសង្គ្រោះវិស័យឧស្សាហកម្មដែលរលំរលាយរួចហើយនោះឡើយ។
ឧស្សាហកម្មប្រេងស៊ីរីដូចជាឧស្សាហកម្មផ្សេងទៀតដែរ ស្ទើរតែដួលរលំទៅហើយ។ សូម្បីតែក្រុមប្រដាប់អាវុធដែលហៅខ្លួនឯងថាក្រុមរដ្ឋឥស្លាមនោះក៏កាត់បន្ថយការផលិតប្រេង និងលក់ប្រេងខុសច្បាប់ដែរព្រោះតែការវាយប្រហារតាមអាកាស។
លោក Afif Dalla អ្នកវិភាគនយោបាយនៅរដ្ឋធានីដាម៉ាស (Damascus) បានឲ្យដឹងថា៖ «បើទោះបីជាយើងមានការចាំបាច់ខ្លាំងក្នុងការផលិតប្រេងដើម្បីធ្វើឲ្យសេដ្ឋកិច្ចដើរទៅមុខក៏ដោយខ្ញុំគិតថា ជាទូទៅយើងមិនអាចផលិតប្រេងឲ្យបានស្មើកម្រិតយើងធ្លាប់ផលិតកាលពីមុនឡើយ ខណៈពេលដែលមានវត្តមានក្រុមភេរវជនដូចពេលបច្ចុប្បន្ននេះនៅក្នុងប្រទេស»។
សង្គ្រាមជាងបួនឆ្នាំនេះបានឆក់យកជីវិតមនុស្សច្រើនជាង២០០.០០០នាក់ និងធ្វើឲ្យមនុស្ស១២លាននាក់បាត់បង់ផ្ទះសម្បែង។
លោក Mustafa Alani ប្រធានផ្នែកការពារនិងសន្តិសុខ របស់មជ្ឈមណ្ឌស្រាវជ្រាវ Gulf Research Center ដែលស្ថិតនៅទីក្រុង Dubai បានលើកឡើងថា សង្គ្រាមស្ទើរតែធ្វើឲ្យស៊ីរីស្ទើរតែត្រូវពឹងផ្អែកទាំងស្រុងលើប្រេងដែលនាំចូលទៅហើយ។
«ស៊ីរីធ្លាប់ជាប្រទេសដែលស្ទើរតែម្ចាស់ការខ្លួនឯងលើធនធានសម្រាប់ប្រើប្រាស់ក្នុងប្រទេស។ បច្ចុប្បន្ននេះស៊ីរីបាត់បង់ម្ចាស់ការ ដូច្នេះប្រទេសនេះត្រូវនាំប្រេងចូលស្ទើរតែគ្រប់ដំណក់ ជាពិសេសពីប្រទេសអ៊ីរ៉ង់»។
កាលពីសប្តាហ៍មុន មេដឹកនាំក្រុម Kurd បានបើកទីតាំងផលិតប្រេងដ៏ជាងគេឡើងវិញ ដោយប្រកាសថា នឹងអាចបង្កើនទិន្នផលប្រេងទ្វេដងលើសកម្រិតបច្ចុប្បន្ន។
ប៉ុន្តែលោក Alani អះអាងថា បរិមាណប្រេងប៉ុនហ្នឹងមិនទាន់ជាដុំកំភួនអ្វីទេ ហើយវាអាចបានត្រឹមតែផ្គត់ផ្គង់ភូមិដែលនៅជុំវិញទីតាំងផលិតប្រេងប៉ុណ្ណោះ។
លោក Alani បានបន្តថា៖ « វាជាជំនួញក្នុងតំបន់ ហើយវាក៏ជាវិធីសាស្ត្រធម្មតាដែរក្នុងការផលិតប្រង។ សម្ភារៈបរិក្ខារសំខាន់ៗសម្រាប់ប្រើប្រាស់ដើម្បីបូមប្រេងក៏រងការបំផ្លិចបំផ្លាញអស់។ ដូច្នេះខ្ញុំមិនឃើញមានស្ថានភាពផ្លាស់ប្តូរអ្វីសោះ។ វាផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ»។
លោកក៏បានបន្តទៀតថា រដ្ឋាភិបាល ក្រុមហ៊ុនបរទេស ឬក៏ក្រុមសកម្មប្រយុទ្ធសុទ្ធតែមិនអាចទាញយកប្រយោជន៍ពីអណ្តូងប្រេងនេះក្នុងរយៈពេលយូរនោះទេ។ ប្រសិនបើសង្គ្រាមនឹងបញ្ចប់ ស៊ីរីប្រហែលជាអាចផលិតប្រេងម្តងទៀតបានសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន ប៉ុន្តែឧស្សាហកម្មប្រេងសម្រាប់នាំចេញប្រហែលបានត្រឹមតែជាអ្វីស៊ីរីដែលមានពីអតីតកាលប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ សៅ ផលនិស្ស័យ