គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រទេសស៊ីរីកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចដែលទំនងជាកាន់តែអាក្រក់ នៅពេលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន និងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនៅស៊ីរីកំពុងតាមដានស្ថានភាពសិទ្ធិមនុស្សនៅស៊ីរីចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងប្រទេសនេះកាលពីជាង ១០ ឆ្នាំមុន។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន គណៈកម្មការដែលមានសមាជិក ៣ ប្រទេសនេះបានពណ៌នាលក្ខខណ្ឌនេះថាបានឈានដល់ភាពលំបាកក្នុងកម្រិតថ្មីមួយ។
គណៈកម្មការនេះនិយាយថា ប្រជាជន ៩០% បានធ្លាក់ចូលក្នុងភាពក្រីក្រ និងពឹងផ្អែកលើជំនួយមនុស្សធម៌។ លោក Hanny Megally សមាជិកនៃគណៈកម្មការនេះបានថ្លែងថា ពិភពលោកហាក់ដូចជាជឿថា ជម្លោះនៅស៊ីរីកំពុងត្រូវបានបញ្ចប់។ ផ្ទុយទៅវិញ លោកថា សង្គ្រាមនេះនៅតែបន្តនៅឡើយ។
លោក Hanny Megally បានថ្លែងក្នុងសម្តីដើមថា៖ «នៅតំបន់ភាគពាយព្យ យើងមើលឃើញពីការកើនឡើងនៃគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើអាកាសពីរដ្ឋស៊ីរី និងសហព័ន្ធរុស្ស៊ី និងការបាញ់ផ្លោងពីលើដីរួមទាំងការប្រើប្រាស់អាវុធសម្លាប់មិនរើសមុខ និងការប្រើប្រាស់រ៉ូកែតតម្រង់គោលដៅ។ ហើយនៅពេលនេះ យើងមើលឃើញការប្រើប្រាស់រ៉ូកែត Krasnopol នៅក្នុងតំបន់នេះផងដែរ»។
របាយការណ៍នេះរកឃើញថា ជនស៊ីវិលកំពុងត្រូវបានគេយកជាគោលដៅ និងសម្លាប់ដោយប្រព័ន្ធអាវុធកាំភ្លើងធំដែលអាចបញ្ជាបាញ់តាមគោលដៅដ៏ទំនើបតាមបៀបសូវៀត។ របាយការណ៍នេះលើកឡើងថា ជនស៊ីវិលនៅទូទាំងប្រទេសកំពុងក្លាយជាគោលដៅនៃការសម្លាប់ ការឃុំខ្លួនមិនស្របច្បាប់ និងទារុណកម្ម។ លោក Megally បានថ្លែងថា គណៈកម្មការនេះព្រួយបារម្ភអំពីលទ្ធភាពដែលហេតុការណ៍អាចនឹងកើតឡើងនៅអ៊ុយក្រែនផងដែរ។
លោក Hanny Megally បានថ្លែងក្នុងសម្តីដើមថា៖ «នៅទីកន្លែងដែលមានការវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល និងការវាយប្រហារតម្រង់គោលដៅលើទីតាំងមន្ទីរពេទ្យ និងការមិនខ្វាយខ្វល់ពីចំនួនជនស៊ីវិលស្លាប់គឺជាក្តីបារម្ភមួយក្នុងចំណោមក្តីបារម្ភចម្បងៗរបស់យើងនៅស៊ីរី។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងមិនកើតឡើងនៅអ៊ុយក្រែននោះទេ»។
លោក Paulo Pinheiro ប្រធានគណៈកម្មការបានថ្លែងថា លោក និងក្រុមការងាររបស់លោកក៏បារម្ភអំពីផលវិបាកអវិជ្ជមានលើវិបត្តិអ៊ុយក្រែននៅស៊ីរី។
លោក Paulo Pinheiro បានថ្លែងក្នុងសម្តីដើមថា៖ «អតិផរណាបានកើនឡើងយ៉ាងខ្លាំងរួចហើយ។ រដ្ឋាភិបាលបានចាប់ផ្តើមគ្រប់គ្រងលើទំនិញសំខាន់ៗមួយចំនួនរួមមានប្រេងឥន្ធនៈផងដែរ។ តម្លៃនៃការនាំចូលបានកើនឡើងខ្លាំង ហើយយើងគួរតែចងចាំថា ការនាំចូលស្រូវសាលីរបស់ស៊ីរីភាគច្រើនយកមកពីអ៊ុយក្រែន និងរុស្ស៊ី»។
របាយការណ៍នេះលើកឡើងថា សង្គ្រាមរ៉ាំរ៉ៃរយៈពេល ១០ ឆ្នាំនេះបានសម្លាប់មនុស្ស រាប់ម៉ឺននាក់ និងបានធ្វើឱ្យប្រជាជនពាក់កណ្តាលនៃចំនួនប្រជាជនមុនសង្គ្រាមភៀសខ្លួន។ របាយការណ៍នេះថា មនុស្សជាង ១០០.០០០ នាក់កំពុងបាត់ខ្លួន ឬបាត់ខ្លួនដោយបង្ខំ។
គណៈកម្មការនេះថា ពលរដ្ឋស៊ីរីបានមើលឃើញការបំផ្លិចបំផ្លាញប្រទេសរបស់ពួកគេ និងមិនអាចទទួលយករឿងនេះបានទេ។ ខណៈដែលគ្រប់គ្នាផ្តោតការយកចិត្តទុកដាក់លើសោកនាដកម្មបន្តកើតឡើងនៅអ៊ុយក្រែន ពួកគេថា គេត្រូវយកចិត្តទុកដាក់ផងដែរលើពលរដ្ឋស៊ីរី ដែលស្ថានភាពរបស់ពួកគេមិនត្រូវព្រងើយកន្តើយនោះទេ៕