បទ​ឈប់​បាញ់​គ្នា​នៅ​ស៊ីរី​ទំនង​មិន​អាច​ធ្វើ​បាន​ទេ ខណៈ​ដែល​អ្នក​វិភាគ​ខ្លាច​មាន​សង្គ្រាម​រីករាលដាល​កាន់​តែ​ធំ

ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយប្រហារ​តាម​អាកាស​មួយ​នៅ​ក្នុង​ភាគ​ខាង​កើត​នៃ​ក្រុង Aleppo ប្រទេស​ស៊ីរី។

ពួក​អ្នក​ការ​ទូត​ជាន់​ខ្ពស់​មក​ពី​សហរដ្ឋ​អាមេរិក ​ប្រទេស​រុស្ស៊ី ​និង​តំបន់​មជ្ឈឹម​បូព៌ា ​នឹង​ព្យាយាម​ជួយ​ស្រោច​ស្រង់​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ទទួល​បរា​ជ័យ​សម្រាប់​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​ការ​ចរចា​ធ្វើ​នៅ​ក្នុង​ទីក្រុង Lausane ​នៃ​ប្រទេស​ស្វីស​បន្ទាប់​ពី​ជំនួប​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស។

កិច្ច​ខំ​ប្រឹងប្រែង​ដែល​បន្ត​ធ្វើ​ឡើង ​កើត​មាន​ឡើងមិន​ដល់​២​សប្តាហ៍​ផង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​បាន​ផ្អាក​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​រុស្ស៊ី​ហើយ​ភាគី​ទាំង​២ ​បាន​ផ្លាស់​ប្តូរ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រុម​មន្រ្តី​រុស្ស៊ី ​និយាយ​ថា ​ពួកគេ ​សង្ឃឹម​ថា​ នឹង​មាន​លទ្ធផល​វិជ្ជមាន។

ក៏ប៉ុន្តែ ​នៅ​ពេល​ដែល​ប្រយុទ្ធ​ បាន​បន្ត​នៅ​ក្នុង​ទីក្រុង Aleppo ​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ពួក​អ្នក​វិភាគ ​មាន​ការ​សង្ស័យ​ពី​ការ​ស្ថិត​ស្ថេ​រនៃ​ការ​ឈប់​បាញ់​គ្នា​នេះ។

លោក Alexander Golts ​បណ្ណាធិការ​រង​នៃ​ព្រឹត្តិបត្រ Yezhenedelny Zhurnal បាន​និយាយ​ថា​ «រុស្ស៊ី ​កំពុង​ពង្រីក​ការ​វាយ​ប្រហារ​របស់​ខ្លួន​ដើម្បី​គាំទ្រ​កងទ័ព​ដ៏​អស់​កម្លាំង​របស់​លោក ​Assad នៅ​ក្នុង​ការ​ប៉ុនប៉ង​ចុងក្រោយ​ដើម្បី​ដណ្តើម​ទីក្រុង Aleppo ​មក​វិញ‍។ ឥឡូវ​នេះ ​ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោលដៅ​របស់​រុស្ស៊ី ​មិនមែន​ប្រយុទ្ធ​ពួក​ភេរវជន​មក​ពី​ក្រុម​រដ្ឋ​ឥស្លាម​ ឬ​ក្រុម​ Jabhat al-Nusra ​ទេ។ គោលដៅ​របស់​រុស្ស៊ី​គឺ​គាំទ្រ​លោក ​Assad ​ដើម្បី​ជួយ​ស្រោច​ស្រង់​លោក​ Assad។​ ហើយ នេះ​ជា​ចំណុច​នៃ​ភាព​ផ្ទុយ​គ្នា​ស្រឡះ​រវាង​ប្រទេស​លោក​ខាង​លិច​ និង​ប្រទេស​រុស្ស៊ី។

​មនុស្ស​ជា​ច្រើន ​ជឿ​ជាក់​ថា ​រុស្ស៊ី​ចង់​ជួយ​ប្រធានាធិបតី​ស៊ីរី​ លោកAssadដណ្តើម​យក​ទីក្រុង Aleppo មក​វិញ​ជាមុនសិន។ ​ការ​ធ្វើ​ដូច្នេះ ​ពួកគេ​អាច​មាន​គោល​ជំហរ​ចរចា​ខ្លាំង​ជាង​មុន។

​ខណៈ​ដែល​ការ​ឈប់​បាញ់​គ្នា ​នឹង​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍ ​ពួក​អ្នក​វិភាគ ​និយាយ​ថា ការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង គឺ​ការ​រារាំង​សង្គ្រាម​នេះ​កុំ​ឲ្យ​រីកកាន់​តែ​ធំ​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Golts ​បាន​និយាយ​បន្ត​ទៀត​ថា «កាល​ពី​៣សប្តាហ៍​មុន ​យើង​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក។ ឥឡូវនេះ​ លទ្ធភាព​ទាំង​អស់​នេះ ​បាន​រលាយ​បាត់​អស់‍​ហើយ»៕