ស៊ុយអែត​ប្រកាស​បិទ​ស្ថានទូត​ប្រចាំ​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០២១ ខណៈ​បារម្ភ​អំពី​​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ចាប់​តាំង​ពី​ការ​សម្រេច​ជា​ផ្លូវ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ជំនួយ​លែង​ជួយ​រដ្ឋាភិបាល​កម្ពុជា ដោយផ្តល់​ទៅ​ឲ្យអង្គការ​សង្គម​ស៊ីវិល​វិញ រដ្ឋាភិបាល​ស៊ុយ​អែត​បាន​ប្រកាស​ថា​ខ្លួន​នឹង​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​២០២១។ រដ្ឋាភិបាល​នេះ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ឲ្យ​ចំ​នោះ​ទេ។ តែ​មន្រ្តីសិទ្ធិ​មនុស្ស​លើក​ឡើង​ថាការ​សម្រេច​ចិត្ត​នេះ​មាន​ទំនាក់​ទំនង​ទៅ​នឹងការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

រដ្ឋាភិបាល​របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា​ស្ថាន​ទូត​ស៊ុយ​អែត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​បិទ​នៅ​ចុង​ឆ្នាំ​២០២១ គឺ​ចុង​ឆ្នាំ​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋាភិបាល​ស៊ុយ​អែត ដែល​បង្ហោះ​នៅ​លើ​វេបសាយ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

រដ្ឋាភិបាល​ស៊ុយ​អែត​ មិន​បាន​បញ្ជាក់​មូល​ហេតុ​ចំៗ​នៃ​ការ​បិទ​នេះ​ទេ ប៉ុន្តែ​នេះ​ត្រូវគេ​គិតថា​ជា​ដំណើរ​ការ​មួយ​ ស្រប​ពេល​ដែល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​ស្ថានទូត​ស៊ុយ​អែត​ប្រចាំ​នៅ​កម្ពុជា​ តែង​តែ​ចេញ​មុខ​មុន​គេ​ក្នុង​ការរិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ប្រមូល​ផ្តុំ។ ចុង​ក្រោយ​នេះ ស្ថាន​ទូត​ស៊ុយ​អែត​បាន​ថ្លែង​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ លោក​ រ៉ុង ឈុន ​និង​មនុស្ស​ផ្សេង​ទៀត​ ដែល​ចេញមុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​រូប​លោក។

រដ្ឋាភិបាល​ស៊ុយ​អែត​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​៖ «រដ្ឋាភិបាល​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ថា​ស្ថានទូត​ស៊ុយ​អែត​ប្រចាំ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បិទ​នៅ​ចុង​ឆ្នាំ​២០២១។ ប្រទេស​ស៊ុយ​អែត​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា។​ ទាំង​នេះ​នឹង​បន្ត​តាម​មធ្យោបាយ​ថ្មីៗ​សម្រាប់​ពេល​នេះ»។ ស្ថានទូត​បញ្ជាក់​ថា៖ «នេះ​ជា​ដំណើរ​ការ​ផ្លាស់​ប្តូរជានិច្ច ហើយ​ជួនកាល​ រដ្ឋាភិបាល​ស៊ុយ​អែតបើក​ ឬ​បិទ​ស្ថានទូត​ និង​អគ្គកុង​ស៊ុល​របស់​ខ្លួន»។

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ទៀត​ថា ការ​សម្រេច​បិទ​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ស៊ុយ​អែត ​មាន​បំណង​ផ្តល់​អំណាច​ដល់​ឯក​អគ្គរាជទូតរបស់​ខ្លួន​នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ សម្រាប់​តំណាង​ឲ្យ​កម្ពុជា ហើយ​សកម្មភាព​នៃ​ក្រសួង​ការ​បរទេស​ស៊ុយ​អែត​ នឹង​ត្រូវ​ផ្ទេរ​មក​ស្ថាន​ទូត​នៅ​ទីក្រុង​បាង​កក។ សេចក្តី​ប្រកាស​បន្ថែម​ថានឹង​លែង​មាន​បុគ្គលិក​ប្រចាំ​នៅ​កម្ពុជា​ទៀតនោះ​ទេ។ ចំណែក​កិច្ច​សហការ​ខាង​ផ្នែក​អភិវឌ្ឍន៍​ ​នឹង​បន្ត​អនុវត្ត​ដោយ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​របស់​ស៊ុយ​អែត Sida។

VOA មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ស្ថាន​ទូត​ស៊ុយ​អែត​ប្រចាំ​នៅ​កម្ពុជាបាន​ទេ។

នៅ​ក្នុង​រូបថត​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០ នេះ មន្ត្រី​ស្ថានទូត​បាន​ស្វាគមន៍​អ្នកស្រី ចក់ សុភាព និង​ក្រុមការងារ​ពី​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)។

អ្នកស្រី ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​ថា​លអ្នកស្រីមាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ហើយ​ថា​ជា​ការ​បាត់​បង់​ដ៏ធំ​សម្រាប់​កម្ពុជា ​ដោយសារ​មិន​មាន​មន្រ្តី​ទូត​ប្រចាំ​នៅ​កម្ពុជា ដែល​បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​គ្នា។

អ្នកស្រី​បញ្ជាក់​ថា​កន្លង​ទៅ​ស្ថាន​ទូត​ស៊ុយ​អែត បាន​ឈរ​ជួរ​មុខ​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្នកស្រី​យល់​ថា ​ការ​ប្រកាស​បិទ​នេះ​ពាក់ព័ន្ធ​នឹង​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដូច​ដែល​ស៊ុយ​អែត​ធ្លាប់​បាន​ប្រកាស​បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​អង្គការ​សង្គម​ស៊ីវិល​វិញ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។

អ្នក​ស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​បែប​ផែន​ការងារ​បែប​នេះ គឺ​ធ្វើ​ឲ្យ​ទំនាក់​ទំនង ហើយ​និងកិច្ចគាំពារ កិច្ច​គាំទ្រ​ជា​ច្រើន​ហ្នឹង ហាក់​មិន​ទទួល​បាន​ពេញ​លេញ​នោះ​ទេ។ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់​បង្ហាញពី​ភាព​ខុស​គ្នា​ នៅ​ពេល​ណា​ដែល​យើង​មាន​វត្ត​មាន​ស្ថានទូត​នៅ​ប្រទេស​កម្ពុជា តើ​ការ​គាំទ្រ ការ​សន្ទនា ទំនាក់​ទំនង​អី​ផ្សេងៗ វា​នឹង​អាច​ប្រសើរ​ជាង​នៅ​ពេ​ល​ណា​ដែល​យើង​មិន​មាន​ស្ថាន​ទូត​ប្រចាំ​នៅក្នុង​ប្រទេស​យើង»។

អ្នកស្រី​ ចក់ សុភាព ឲ្យ​ដឹង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ជួប​ជាមួយ​ស្ថានទូត​ ហើយ​នឹង​បន្ត​ស្វែង​យល់​អំពី​ការ​ប្រកាស​បិទស្ថានទូត​នេះ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​បើ​សិន​ការ​សម្រេច​ចិត្ត​នេះ​ឈរ​នៅលើ​ស្ថានភាព​សិទ្ធិ​មនុស្ស អញ្ចឹង​ការ​ផ្លាស់​ប្តូរ ស្តារឡើង​វិញ​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស​ ប្រហែល​ជា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ពិចារណា​នូវ​ទិស​ដៅ​នេះ​ឡើង​វិញ»។

ទោះ​ជា​យ៉ាងណា​ អ្នកស្រី​យល់​ថា​ការ​ប្រកាស​បិទ​ស្ថាន​ទូត​នេះ ​មិន​ប៉ះពាល់​ជំនួយ​ដែល​ផ្តល់​មក​អង្គការ​សង្គម​ស៊ីវិល ​ដែល​ពួកគេ​ទទួល​បាន​ពី​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​ដោយ​ផ្ទាល់ គឺ Sida ​នោះទេ។

កាល​ពី​ខែ​មិថុនា​ ប្រទេស​ស៊ុយអែត​បាន​សម្រេច​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាលកម្ពុជា​ ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​កាន់​តែ​ខ្លាំងក្លា។ ប្រទេស​ស៊ុយ​អែត​បាន​រៀប​រាប់​ថា ​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ការ​ «រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ»។

ចំណែក​កាល​ពី​ខែ​សីហា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង បាន​លើក​ឡើង​ថា​ប្រទេស​ស៊ុយអែត​ដែល​ជា​សមា​ជិក​មួយ​នៃ​សហភាព​អឺរ៉ុប បាន​បង្វែរ​ជំនួយ​របស់​ពួកគេ​ជាង​២០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​លោក​ថា​នេះ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​នេះ។

លោក​មាន​ប្រសាសន៍​កាល​នោះថា៖​ «អាហ្នឹង​នយោ​បាយ​របស់​គេ​ យើង​មិន​ចាត់​ទុក​ស៊ុយអែត​ខុស​ទេ ​ពីព្រោះ​យើង​រដ្ឋ​ធម្មនុញ្ញ​យើង​ថា​ កាន់​របប​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ដែរ។ ដូច្នេះ​វា​អត់​មាន​អី​ខុស​ទេ។​ ប៉ុន្តែ​យើង​ដល់​ពេល​ហ្នឹង​ យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួន​ឯង ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ម៉េច​ ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ធំ​ដុំ ដែល​គេ​អាច​យក​ធ្វើ​ជា​ឆ្នួន»។​

លោក មាស នី អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​ថ្លែង​ថា​ប្រទេស​ស៊ុយ​អែត បាន​ចំណាយ​ថវិកា​ជាច្រើន​ក្នុង​ការ​ជួយ​ពង្រឹង​អភិបាល​កិច្ច ហើយ​ប្រទេស​ស៊ុយ​អែត​ហាក់ដូច​ជា​បង្ហាញ​នូវ«​ភាពអស់​សង្ឃឹម»​នឹង​ការ​ធ្លាក់​ចុះសិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា​ការ​ដក​ស្ថាន​ទូត​នេះ ​អាច​ជា​«​ការ​ព្រមាន»​មួយ​ដែរ​ដល់​រដ្ឋាភិបាល​កម្ពុជា​។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ទោះ​បី​ជា​មាន​ការភ្ញាក់​ផ្អើល​ ក៏​រដ្ឋាភិបាល​មិន​បញ្ចេញ​អី​ឲ្យ​ដឹង​ដែរ​។ ក៏​ប៉ុន្តែ​ជា​ទិដ្ឋភាព​នយោ​បាយ​ការបរទេស ការ​បិទ​ស្ថាន​ទូត​របស់​ប្រទេស​ណាមួយនៅ​ក្នុង​ប្រទេស​របស់​ខ្លួន វា​មិន​មែន​ជា​រឿង​ធម្មតា»។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​អតីត​តំណាង​រាស្រ្ត​មួយ​រូប ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ថ្លែង​ថា​នេះ​ជា​សញ្ញា​បង្ហាញ​ថា​ស្ថានទូត​ស៊ុយ​អែត​មិន​ពេញ​ចិត្ត​នឹង​«ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ»​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​របប​លោក ហ៊ុន សែន មិន​គិត​គូរ​អំពី​ការ​ស្តាប្រជាធិបតេយ្យ ស្តា​សិទ្ធិ​មនុស្ស​ទេ ហើយ​ទៅ​ចាប់​ឱប​ប្រទេស​ចិន ដើម្បី​ឲ្យ​ប្រទេស​ចិន​មក​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជា​ឈ្នាន់​ក្នុង​ការ​ពង្រីក​វាតទី​និយម​ហ្នឹង គឺ​ប្រទេស​កម្ពុជាច្បាស់​ជា​ទទួល​រង​នូវ​ភាព​អាម៉ាស់ ហើយ​និង​ទទួល​នូវ​ការ​ខាត​បង់​ដ៏​ធំធេង»។

លោក កុយ គួង អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ថា​នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុងរបស់​ស៊ុយ​អែត ក្នុង​ការ​បិទ​ឬ​បើក​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​ការ​បិទ​នេះ​មិន​ប៉ះពាល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ព្រឹទ្ធ​សមាជិក​មួយ​រូប មាន​ប្រសាសន៍​ថា​ការ​លើក​ឡើង​អំពី​ការ​បារម្ភ​សិទ្ធិ​មនុស្ស​ គឺ​ជា​សិទ្ធិ​របស់​ស៊ុយ​អែត ដែល​លោក​ថា​វា​ផ្ទុយ​ពី​ការ​ពិត។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ស៊ុយ​អែត​ហ្នឹង មើល​ឃើញ​ពី​ណា​មក ពី[ទីក្រុង]​Stockhomមក​ឬ​មួយ​ពី​ណា [ពី]Copenhagenណា [ថា]​ស្រុក​ខ្មែរ​នេះ​ ​ប្រៀប​ដូច​ជា​កំពុង​តែហុយ​ផ្សែង​ច្បាំង​គ្នា។ គេ​កំពុង​តែ​សម្បូរ​សប្បាយ ឯង​នេះ​វា​លេចឮ​ផ្ទុយ​ពី​ការ​ពិត​»។

បើ​តាម​វេបសាយ​របស់​ស្ថានទូត​ស៊ុយ​អែត​ប្រចាំ​នៅ​កម្ពុជា ទំនាក់​ទំនង​ការទូត​ជាមួយ​កម្ពុជា ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៦១។ កាល​ពី​ខែ​សីហា​ឆ្នាំ​២០​១០​ ប្រទេស​ស៊ុយ​អែត​បាន​បើក​ឲ្យ​មាន​ស្ថាន​ទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ខែ​សីហា​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ»​ឬ​ Everything But Arms ​(EBA)​២០%​ពី​កម្ពុជា ដោយ​សារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​នៅ​កម្ពុជា ​ក្នុង​នោះ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ការ​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ​កឹម សុខា ដាក់​ពន្ធនាគារ។

ការ​ប្រកាសបិទ​ស្ថានទូត​ស៊ុយ​អែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​នេះ កើត​ឡើង​ចំ​ថ្ងៃ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បើក​សវនាការ​ពាក់ព័ន្ធ​នឹង​រឿង«​ក្បត់»ចំនួន៤​សំណុំ​រឿង ​ដែល​មាន​មនុស្ស​ជិត​១៤០​នាក់ ទាក់ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី ​មេដឹក​នាំ​ក្រុម​ជំទាស់​កាល​ពី​ឆ្នាំ​មុន៕