ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស ខេង ​ថា​ ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ មិន​ប៉ះពាល់​ទំនាក់​ទំនង​កម្ពុជា​និង​អឺរ៉ុប​ឡើយ


រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​ (ឡេង ឡែន/វីអូអេ)
រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​ (ឡេង ឡែន/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​លើក​ឡើង​ថារដ្ឋាភិបាល​មិន​មាន​ជំហរ​អ្វី​ផ្លាស់​ប្តូរ​ទាក់ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ»​ ឬ​ Everything But Arms ​(EBA)​ ២០%​ របស់​សហភាព​អឺរ៉ុប​ ហើយ​ការ​ដក​នេះ​មិន​ប៉ះពាល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA​ មួយ​ផ្នែក​ដែល​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ តាំង​ពី​ឆ្នាំ​២០០១​មក​នោះ​ បាន​ចូល​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ពុធ​ ទី​១២​ ខែ​សីហា ​ឆ្នាំ​២០២០​ ដែល​នាំ​ឲ្យ​កម្ពុជា​ត្រូវ​បង់​ពន្ធ​លើ​ផលិត​ផលនាំ​ចូល​ជាង ​១០០​លាន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ។​ ការ​ដក​នេះ​ គឺ​ដោយ​សារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​នៅ​កម្ពុជា ​ក្នុង​នោះ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ការ​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ​កឹម សុខា ដាក់​ពន្ធនាគារ។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីតាំង​និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក ​ស ខេង​ ថ្លែង​ថា​ កម្ពុជា​មិន​មាន​ជំហរ​អ្វី​ប្លែក​នោះ​ទេ​ ទាក់​ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ ហើយ​កម្ពុជា​ត្រូវ​តែ​ខិត​ខំ​ជម្នះ​ឧបសគ្គ​ដែល​កើត​ឡើង។​

ទោះ​ជា​យ៉ាងណា​ លោក​ថា​ ការ​ដក​នេះ​មិន​ប៉ះពាល់​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប​នោះ​ទេ។​

លោក​ ស ខេង ​ថ្លែង​ថា៖​ «មិន​បាន​សេចក្តី​ថា​ យើង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ទេ។ ទំនាក់​ទំនង​ជាមួយ​អឺរ៉ុប​ នៅ​តែ​មាន​សារៈ​សំខាន់។​ ហើយ​យើង​ខិតខំ​បង្កើន​ថែម​ទៀត​ ព្រោះ​អា​ទំនិញ​យក​ទៅ​អឺរ៉ុប​ហ្នឹង​នៅ​តែ​យក​បាន​ហ្នឹង​ គ្រាន់​តែ​វា​ខុស​គ្នា​ត្រង់​ថា ​ទំនិញ​នៅ​តែ​យក​បាន​ តែ​វា​ត្រូវ​បង់ពន្ធ»។​

លោក​បន្ថែម​ថា៖​ «យើង​ខិតខំ​ដើម្បី​រួម​គ្នា​ ដើម្បី​ជម្នះ​ការ​លំបាក​ទាំង​ឡាយ​នោះ ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​និង​ស្ថិរភាព​នយោបាយ​ ទាក់ទង​នឹង​បញ្ហា ​EBA​ នេះ»។​

លោក ​ស ខេង​ បាន​បញ្ជាក់​ថា ​ប្រទេស​ស៊ុយអែត​ដែល​ជា​សមាជិក​មួយ​នៃ​សហភាព​អឺរ៉ុប​ បាន​បង្វែរ​ជំនួយ​របស់​ពួកគេ​ជាង​ ២០​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​លោក​ថា​ នេះ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «អាហ្នឹង​នយោបាយ​របស់​គេ​ យើង​មិន​ចាត់​ទុក​ស៊ុយអែត​ខុស​ទេ ​ពីព្រោះ​យើង​រដ្ឋ​ធម្មនុញ្ញ​យើង​ថា​ កាន់​របប​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ដែរ។​ ដូច្នេះ ​វា​អត់​មាន​អី​ខុស​ទេ។​ ប៉ុន្តែ​យើង​ដល់​ពេល​ហ្នឹង​ យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួន​ឯង ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ម៉េច​ ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ធំដុំ​ ដែល​គេ​អាច​យក​ធ្វើ​ជា​ឆ្នួន»។​

កាល​ពី​ខែ​មិថុនា​ ប្រទេស​ស៊ុយអែត​បាន​សម្រេច​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​កាន់តែ​ខ្លាំងក្លា។​ ស៊ុយ​អែត​បាន​រៀបរាប់​ថា ​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ការ​ «រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ»។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ លោក ​ស ខេង ​ក៏​ណែនាំ​កុំ​ឲ្យ​អាជ្ញាធរ​ ឬ​កម្លាំង​នគរបាល​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​ ដែល​លោក​និយាយ​ថា ​ដើម្បី​បញ្ចៀស​បដិវត្តន៍​ពណ៌​ដែល​អាច​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

គណៈ​កម្មការ​អឺរ៉ុប​ដែល​ជា​អង្គ​នីតិ​ប្រតិបត្តិ​នៃ​ប្លុក​អឺរ៉ុប​ ដែល​មាន​ ២៧​ ប្រទេស​ កាល​ពី​ថ្ងៃ​ពុធ​ បាន​លើក​ឡើង​ថា​ ​លក្ខខណ្ឌ​អាទិភាព​ពិសេស​ដែល​ផ្ដល់​ប្រយោជន៍​ជូន​កម្ពុជា​ក្រោម​ក្របខណ្ឌ​អនុគ្រោះ​ពាណិជ្ជ​កម្ម​គ្រប់មុខទំនិញ​លើក​លែង​តែ​អាវុធ ​(EBA) ​ត្រូវ​បាន​ដក​ចេញ​ជា​បណ្ដោះ​អាសន្ន។​

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់​ មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​នូវ​ការ​បាត់​បង់​នេះ​ ដោយសារ​វា​ជា​ផល​ប្រយោជន៍​របស់​កម្មករ។​ លោក​បន្ត​ថា​ លោក​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​មិន​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។​

លោក​ ឃុន ថារ៉ូ​ បញ្ជាក់​ថា​ ការ​បាត់បង់​នេះ​នឹង​ប៉ះពាល់​ដល់​កម្មករ​ ហើយ​កម្មករ​នឹង​បាត់បង់​ការងារ​កាត់​ដេរ​ជា​អចិន្រ្តៃយ៍​ និង​ពិបាក​រក​ការងារ​ធ្វើ​ ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូវីដ១៩​ ផង​ដែរ។​លោក​បន្ត​ថា ​មាន​តែ​ឆន្ទៈ​នយោបាយ​របស់​អ្នក​ដឹក​នាំ​ទេ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ​ខណៈ​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា​នៅ​តែ​ចង់​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​នេះ ​ប៉ុន្តែ​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ស្នូល​ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​ «ភាព​ក្រីក្រ​និង​ផល​លំបាក​ធ្ងន់​ធ្ងរ​ទាំង​អស់​នោះ ​គឺ​វា​នឹង​ធ្លាក់​ទៅ​ដល់​កម្មករ​និយោជិត​ជា​អ្នក​ ដែល​ទទួល​ផល​រង​គ្រោះ​ចំពោះ​ឥទ្ធិពល​នៃ​ការ​ដក​ចេញ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទីផ្សារ​ទៅ​កាន់​សហភាព​អឺរ៉ុប​ហ្នឹង​ហើយ។​ ទោះ​យ៉ាង​ណា​ ​ខ្ញុំ​យល់​ថា សហភាព​អឺរ៉ុប​នៅ​តែ​បន្ទន់​ឥរិយាបថ​ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល ​ដោយ​ចង់​ឃើញ​នូវ​ឆន្ទៈ​ ដែល​មាន​ការ​សន្ទនា​ដោយ​មាន​ភាព​ស្មោះ​ត្រង់​ វិធានការ​ជាក់​លាក់»។​

ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ជា​ផ្លូវ​ការ​នេះ​កើត​ឡើង​ ស្រប​ពេល​ដែល​កម្ពុជា​និង​ចិន​ ឈាន​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​ នៅ​ថ្ងៃ​ខាង​មុខ​ ដោយ​កម្ពុជា​សង្ឃឹម​ថា​ នឹង​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​បន្ថែម​ទៅ​ប្រទេស​ចិន។​

នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​ថវិកា​ជាតិឆមាស​ទី​១​ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​សីហា​នេះ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​បញ្ជាក់​ថា​ អាទិភាព​នយោបាយ​ក្រប​ខណ្ឌ​ម៉ាក្រូ​សេដ្ឋ​កិច្ច​ និង​ក្រប​ខណ្ឌ​ថវិកា ​ដែល​បាន​ដាក់​ចេញ​ក្នុង​ច្បាប់​ថវិកា​ ឆ្នាំ​ ២០២០​ គឺ​បាន​តម្រង់​ទិស​ដើម្បី​លើក​កម្ពស់​កំណើន​ និង​ទប់​ទល់​នឹង​ផល​ប៉ះពាល់​ពី​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​(EBA)​ ​មួយ​ផ្នែក​ ដោយ​សហភាព​អឺរ៉ុប​ដែល​មិន​បាន​គិត​ដល់​បញ្ហា​ការ​វាយ​លុក​ពី​ជំងឺ​កូវីដ១៩​នោះ​ទេ។​

បើ​តាម​របាយ​ការណ៍​នោះ​ដែរ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ថា​ នឹង​មាន​កំណើន​អវិជ្ជមាន ​១,៩​ភាគ​រយ​ ហើយ​កំណើន​អវិជ្ជមាន​នេះ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៃ​វិស័យ​ជំរុញ​កំណើន​សំខាន់ៗ​ រួម​មាន​វិស័យ​កាត់​ដេរ​ វិស័យ​សំណង់ ​អចលន​ទ្រព្យ​ វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន។​

របាយ​ការណ៍​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ខិត​ខំ​បង្កើន​ប្រសិទ្ធ​ភាព​និង​កម្រិត​នៃ​ការ​កៀរ​គរ​ចំណូល​គ្រប់​ប្រភេទ​ តាម​រយៈ​ការ​អនុវត្ត​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​និង​មុខ​ស្រួច​ ទាំង​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​គោល​នយោបាយ៕

XS
SM
MD
LG