ប្រទេសស៊ុយអែត នៅថ្ងៃសុក្រនេះ បានសម្រេចផ្តោតជំនួយអភិវឌ្ឍន៍របស់ខ្លួនសម្រាប់កម្ពុជា ទៅលើការគាំទ្រការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែខ្លាំងក្លា ដោយបង្វែរយុទ្ធសាស្ត្រកម្មវិធីជំនួយរបស់ខ្លួនទៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនានេះ បានរៀបរាប់ថាលំហប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ មានការ«រឹតត្បិតយ៉ាងធ្ងន់ធ្ងរ»។
លោក Peter Eriksson រដ្ឋមន្ត្រីទទួលបន្ទុកសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត បានថ្លែងក្នុងសេចក្តីថ្លែងការណ៍នេះថា៖
«ការណ៍នេះ បង្កការលំបាកដល់ការបន្តការសហការដែលជិតស្និទ្ធនិងទូលំទូលាយ។ ដូច្នេះរដ្ឋាភិបាល[ស៊ុយអែត]បានជ្រើសរើសបង្វែរកិច្ចប្រឹងប្រែងការអភិវឌ្ឍន៍របស់យើងដើម្បីផ្តល់ការគាំទ្រប្រសើរជាងនេះដល់ការផ្លាស់ប្តូរទាក់ទងនឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេស[កម្ពុជា]»។
លោក Eriksson បន្តទៀតថា ស៊ុយអែតនឹងបន្តគាំទ្រអង្គការសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកគាំទ្រប្រជាធិបតេយ្យនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលបស្ចិមប្រទេស ដោយសារការបង្ក្រាបទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨។
គណបក្សសង្គ្រោះជាតិដែលត្រូវមើលឃើញថា ជាបក្សប្រឆាំងដ៏ធំ និងជាគូប្រជែងនយោបាយប្រកៀកប្រកិតបំផុតជាមួយគណបក្សកាន់អំណាច ត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំ ២០១៧។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរទៅមុខ ហើយថា ការផ្តល់ ឬការបង្វែរកម្មវិធីជំនួយរបស់រដ្ឋាភិបាលបរទេសណាមួយ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលនោះ។
«អាហ្នឹងជាការសម្រេចអធិបតេយ្យរបស់ប្រទេសគេទេ របស់រដ្ឋាភិបាលគេទេ។ អាហ្នឹងយើងមើលឃើញ ក៏ប៉ុន្តែអ្វីដែលកម្ពុជាចង់បានដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខ្លួន គឺការបណ្តាក់ទុនផ្ទាល់ពីខាងក្រៅ»។
លោកបន្តថា កម្មវិធីជំនួយអភិវឌ្ឍន៍បរទេសខ្លះមិនមែនជា «ភាពស្លាប់រស់របស់ដំណើរការកម្ពុជាទេ»។
ជំនួយអភិវឌ្ឍន៍របស់ស៊ុយអែតសម្រាប់កម្ពុជា ដោយផ្អែកលើយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេរភាគី នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១។
នៅឆ្នាំ ២០១៩ ជំនួយអភិវឌ្ឍន៍របស់ស៊ុយអែតសម្រាប់កម្ពុជានេះ មានចំនួនជិត ២៤ លានដុល្លារអាមេរិក។ នេះបើយោងតាមស្ថានទូតស៊ុយអែតប្រចាំកម្ពុជា៕