ក្រុមអ្នកស្ម័គ្រចិត្តថ្មីបំផុតរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក Peace Corps Cambodia ដែលមានសមាជិកចំនួន៧១នាក់ នឹងត្រូវបានបញ្ជូនទៅនៅតាមបណ្តាសហគមន៍ខ្មែរនានាទូទាំងប្រទេសកម្ពុជា ក្រោយពីស្បថសច្ចាប្រណិធានកាលពីព្រឹកថ្ងៃសុក្រ។
ទីភ្នាក់ងារ Peace Corps របស់សហរដ្ឋអាមេរិក បង្កើតក្នុងគោលបំណងកសាងសមត្ថភាពរបស់មនុស្សប្រុសស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធនិងសហរដ្ឋអាមេរិក ហើយជួយលើកកម្ពស់ការយល់ដឹងពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតតាមរយៈការចុះធ្វើការងារដោយស្ម័គ្រចិត្តតាមសហគមន៏ក្រីក្រនានា។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងពិធីស្បថប្រណិធាននោះថា ការស្ម័គ្រចិត្តបំពេញការងារតាមសហគមន៍របស់អ្នកស្ម័គ្រចិត្ត Peace Corps ដែលមានរយៈពេលពីរឆ្នាំនេះ នឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត William Heidt បាននិយាយថា៖
«ការងាររបស់អ្នកនៅក្នុងប្រទេសកម្ពុជា នឹងផ្តល់ភាពរឹងមាំ និងស៊ីជម្រៅដល់ទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន។ ហើយការងារនេះ នឹងបំពេញការតភ្ជាប់ពីមូលដ្ឋានបន្ថែមលើវត្តមានរបស់អាមេរិកក្នុងរាជធានីភ្នំពេញ និងទីក្រុងផ្សេងទៀត»។
ជនស្ម័គ្រចិត្តសញ្ជាតិអាមេរិកកាំងទំាង៧១ នឹងត្រូវទៅរស់នៅជាមួយគ្រួសារខ្មែរ នៅតាមភូមិនិងសហគមន៍ជនបទនានា ចំនួន១៧ខេត្តក្រុង។
អ្នកស្ម័គ្រចិត្តទាំងនោះ នឹងធ្វើការរយៈពេល២ឆ្នាំ។ ពួកគេត្រូវបានបង្រៀនភាសារបស់ប្រទេសដែលគេនឹងទៅធ្វើការងារ រៀនពីបច្ចេកទេសផ្សេងៗ និងវប្បធម៌ យ៉ាងហោចណាស់រយៈពេល២ខែ មុននឹងពួកគេអាចធ្វើដំណើរទៅរស់នៅ តាមគេហដ្ឋានដែលបានកំណត់ទុក។
ការរស់នៅជាមួយក្រុមគ្រួសារប្រជាជនខ្មែរតាមសហគមន៍ នឹងជួយឲ្យអ្នកស្ម័គ្រចិត្តទាំងនោះស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរៀននិយាយភាសាខ្មែរ។ មិនតែប៉ុណ្ណោះ អ្នកស្ម័គ្រចិត្តតាមខេត្តនីមួយៗ ត្រូវធ្វើការតាមផ្នែកពីរផ្សេងគ្នា គឺផ្នែកអប់រំភាសារអង់គ្លេស និងផ្នែកអប់រំសុខភាព ដែលទើបតែចាប់ផ្តើមកាលពីឆ្នាំ២០០៩ តាមការស្នើរបស់ក្រសួងសុខាភិបាលកម្ពុជា។ អ្នកស្ម័គ្រចិត្តផ្នែកអប់រំភាសារអង់គ្លេសត្រូវសហការជាមួយគ្រូបង្រៀនជនជាតិខ្មែរ ឬនាយកសាលា ខណៈដែលអ្នកស្ម័គ្រចិត្តផ្នែកអប់រំសុខភាព ត្រូវចាប់ដៃគូជាមួយប្រធានមណ្ឌលសុខភាព ឆ្មប ឬអ្នកស្ម័គ្រចិត្តភូមិផ្សេងៗ។
តាមសម្តីរបស់អ្នកស្រី Paula Alberton នាយិការបស់ Peace Corps ប្រចាំប្រទេសកម្ពុជា ដែលអ្នកស្រីបានថ្លែងក្នុងពិធីស្បថចូលបំពេញការងាររបស់អ្នកស្ម័គ្រចិត្តទាំង៧១រូបនោះ អ្នកស្រីបាននិយាយថា៖
«វាគឺបទពិសោធន៍ពិសេសមួយដែលមានតែអ្នកស្ម័គ្រចិត្ត Peace Corps ប៉ុណ្ណោះ អាចដឹងនិងបានឃើញ។ អ្នកនឹងក្លាយជាមនុស្សម្នាក់ផ្សេងទៀតក្នុងពេលពីរឆ្នាំខាងមុខ រួមទាំងសហគមន៍របស់អ្នក»។
ក្នុងពិធីស្បថកាលព្រឹកថ្ងៃសុក្រនេះ គេឃើញមាន ការចូលរួមពីមន្ត្រីខ្មែរសំខាន់មួយចំនួនរួមមាន លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស ដែលជាកូនប្រុសបង្កើតរបស់លោក សុខ អាន និង លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ដែលជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ គន់ គីម។
នាង Christine Thinn អ្នកស្ម័គ្រចិត្តរបស់ភ្នាក់ងារ Peace Corps ដែលនឹងទៅបំពេញការងារ ក្នុងមជ្ឈមណ្ឌលសុខភាពមួយនៅខេត្តកំពង់ចាម ព្រមទាំងបង្រៀនភាសាអង់គ្លេស តាមសាលានានាក្នុងសហគមន៍ផងនោះ បាននិយាយថា អ្នកនាងចូលចិត្តប្រទេសកម្ពុជា។ អ្នកនាងមានភាពសុទិដ្ឋិនិយមចំពោះការងារស្ម័គ្រចិត្តនេះ។
អ្នកនាង Christine Thinn បាននិយាយថា៖
«ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងធ្វើឲ្យជីវិតប្រជាជនកម្ពុជាមានការផ្លាស់ប្តូរ ហើយខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងបានរៀនសូត្រកាន់តែច្រើនបន្ថែមទៀត»។
ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិក ត្រូវបានបង្កើតដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy កាលពីឆ្នាំ១៩៦១ ដើម្បីលើកកម្ពស់សន្តិភាព និងមិត្តភាពពិភពលោក។ ភ្នាក់ងារ Peace Corps បានមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១១ឆ្នាំមកហើយ ហើយអ្នកស្ម័គ្រចិត្តដែលបានបំពេញការងារក្នុងប្រទេសកម្ពុជា មានចំនួន៥០២នាក់។
ចំនួនអ្នកស្ម័គ្រចិត្ត Peace Corps ក្នុងឆ្នាំ២០១៧នេះ មានស្រី្ត ៦០ភាគរយ និងបុរស៤០ភាគរយ ដែលពួកគេនៅទៅធ្វើការតាមបណ្តាខេត្តចំនួន១៧ ដូចជាខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង បាត់ដំបង កំពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពត ពោធិ៍សាត់ តាកែវ កំពង់ឆ្នាំង កោះកុងសៀមរាប និងត្បូងឃ្មុំ៕