មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជនសង្ស័យ​បើក​រថយន្ត​បំបុក​របាំង​ការពារ​វិមាន​សភា​សហរដ្ឋ​អាមេរិក

មន្ត្រី​ប៉ូលិស និង​ក្រុមមន្ត្រី​ពន្លត់​អគ្គីភ័យ​ឈរ​នៅ​ក្បែរ​រថយន្ដ​មួយ​គ្រឿង ដែល​បាន​បើក​បំបុក​របាំង​ការពារ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សុក្រ​ ទី២ ខែមេសា ឆ្នាំ២០២១។

ការ​វាយប្រហារ​ដ៏​ប្រល័យ​នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពន្យារពេល​នៅ​ក្នុង​ការ​បើក​ឡើង​វិញ​នូវ​បរិវេណ​ជុំវិញ​អាគារ​សភា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

វិមាន​សភា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ព័ទ្ធ​ដោយ​របង​សុវត្ថិភាព​តាំងពី​ហេតុការណ៍​កុបកម្ម​ដែល​បង្ក​ឡើង​ដោយ​អ្នក​គាំទ្រ​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា​មក។ នៅ​ពេល​នោះ កុបករ​គាំទ្រ​លោក Trump បាន​ព្យាយាម​រារាំង​សភា​មិន​ឲ្យ​ប្រកាស​ថា​លោក Joe Biden ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

របង​ផ្នែក​ខាង​ក្រៅ​ត្រូវ​បាន​ដក​ចេញ​កាលពី​ពេល​ថ្មីៗ​នេះ ចំណែក​ឯ​របង​ផ្នែក​ខាង​ក្នុង​វិញ​នៅតែ​ស្ថិត​នៅ​ជុំវិញ​អាគារ​សភា​ដដែល។

សេចក្ដី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បាន​ស្រង់​សម្ដី​របស់​សមាជិក​សភា​ដែល​បាន​បង្ហាញ​អារម្មណ៍​ចម្រុះ​លើ​បញ្ហា​ថា​តើ​បរិវេណ​ជុំវិញ​សភា​គួរតែ​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឬ​ក៏​រង់ចាំ​មួយ​រយៈ​ទៀត។

ប្រធាន​ប៉ូលិស​ស្ដីទី​នៃ​វិមាន​សភា​អ្នកស្រី Yogananda Pittman បាន​ប្រាប់​សមាជិក​សភា​កាលពី​ខែ​កុម្ភៈ​ថា «ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​នៃ​វិមាន​សភា​ត្រូវតែ​ផ្លាស់ប្ដូរ»។

ក្រុម​ការងារ​ដែល​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​សន្តិសុខ​នៃ​បរិវេណ​វិមាន​សភា បាន​ស្នើ​ឲ្យ​ដាក់​របង​ចល័ត​ដែល​អាច​ពន្លឹប​បាន​នៅ​ពេល​ខាង​មុខ​ដើម្បី​ជំនួស​របង​បច្ចុប្បន្ន​ដែល​បាន​ដំឡើង​ក្រោយ​ពី​មាន​ហេតុការណ៍​កុបកម្ម​ថ្ងៃ​ទី ៦ ខែ​មករា​កើតឡើង។

កាលពី​ថ្ងៃ​សុក្រ មន្ត្រី​ប៉ូលិស​វិមាន​សភា​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស នៅពេល​ដែល​ជន​ល្មើស​ម្នាក់​បាន​បើក​រថយន្ត​បំបុក​របាំង​មួយ​នៅ​ខាងក្រៅ​វិមាន​សភា។

ការិយាល័យ​សន្តិសុខ​វិមាន​សភា​បាន​បញ្ជាក់​ថា ជន​សង្ស័យ​នោះ​បាន​ចេញ​ពី​រថយន្ត​ដោយ​មាន​កាន់​កាំបិត​ហក់​សំដៅ​មន្ត្រី​ប៉ូលិស​នានា។ បន្ទាប់មក ប៉ូលិស​វិមាន​សភា​បាន​បាញ់​លើ​ជន​សង្ស័យ​នោះ។ ជន​សង្ស័យ​នោះ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​មាន​ឈ្មោះ Noah Green អាយុ ២៥ ឆ្នាំ។ ប៉ូលិស​កំពុង​ពិនិត្យ​លើ​ប្រវត្តិ​របស់​ជន​សង្ស័យ​នេះ​ដើម្បី​រក​តម្រុយ​នៃ​មូលហេតុ​នៃ​អំពើ​ល្មើស​នេះ។

រូបថត​ selfie មួយ​ប៉ុស្តិ៍​នេះ​ដែល​គ្មាន​ចុះ​កាល​បរិច្ឆេទ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​គណនី​ Facebook របស់ Noah Green ដែល​ជា​ជនសង្ស័យ​នៅ​ក្នុង​ការវាយប្រហារ​ទៅលើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លង​ទៅ​នេះ។ (AFP PHOTO / NOAH GREEN FACEBOOK PAGE)

សមាជិក​ក្រុម​គ្រួសារ​របស់​ជន​នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បញ្ជាក់​ថា ពួកគេ «មាន​អារម្មណ៍​អាណិតអាសូរ​ចំពោះ​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​សម្លាប់ និង​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ដែល​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The Washington Post។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា ជន​នេះ​ធ្លាប់​ឆ្លងកាត់ «បញ្ហា​បាក់​ទឹកចិត្ត និង​អាច​មាន​ជំងឺ​ផ្លូវចិត្ត»។

កាសែត The Washington Post បាន​សួរ​បង​ប្រុស​របស់​ជន​នេះ​ឈ្មោះ Brendan ដែល​បាន​និយាយ​ថា លោក​មាន​ការ​បារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត​របស់​ប្អូន​ប្រុស​របស់​លោក​មួយ​រយៈ​មក​ហើយ។ បងប្អូន​ទាំង​ពីរ​នាក់​នេះ​រស់នៅ​ក្នុង​បន្ទប់​ apartment មួយ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋ Virginia។

លោក Brendan បាន​និយាយ​ថា Noah បាន​ផ្ញើ​សារ​ឲ្យ​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​បាន​ចាកចេញ​ពី​កន្លែង​រស់នៅ​នេះ ដែល​សារ​នោះ​សរសេរ​ដូច្នេះ​ថា៖ «ខ្ញុំ​សុំទោស ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ ហើយ​នឹង​គ្មាន​កន្លែង​ស្នាក់នៅ»។

ទស្សនាវដ្ដី Newsweek អាច​ទាញ​យក​បាន​សារ​បង្ហោះ​មួយ​ចំនួន​នៅ​លើ​ទំព័រ Facebook របស់​ជន​សង្ស័យ មុន​ពេល​ដែល​សារ​ទាំង​នោះ​ត្រូវ​បាន​ក្រុមហ៊ុន Facebook លុបចោល។

សារ​បង្ហោះ​មួយ​បាន​បង្ហាញ​ថា ជន​សង្ស័យ​នេះ​គឺ​ជា​អ្នក​គោរព​មេដឹកនាំ​អង្គការ​ឥស្លាម Nation of Islam (NOI) ឈ្មោះ Louis Farrakhan។ សារ​នោះ​សរសេរ​ដូច្នេះ​ថា៖ «បព្វជិត [Louis Farrakhan] មក​ទី​នេះ​ដើម្បី​សង្គ្រោះ​ខ្ញុំ​និង​មនុស្ស​ជាតិ​ទាំង​អស់ ទោះបីជា​មាន​ន័យ​ថា​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់​ក៏ដោយ»។

កងឆ្មាំ​ការពារ​ជាតិសហរដ្ឋ​អាមេរិក​យាមល្បាត​តាម​ដងផ្លូវ​នៅ​ជុំវិញ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ និង​អគារ​ការិយាល័យ​សភា ក្រោយ​ពី​មាន​ការ​គំរាមកំហែង​ផ្នែក​សន្ដិសុខ​មួយ​នៅ​វិមាន​សភា​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លង​ទៅ​នេះ។

មជ្ឈមណ្ឌល​ច្បាប់ The Southern Poverty Law Center ដែលជា​អង្គការ​តស៊ូ​មតិ​ផ្នែក​ច្បាប់​មួយ​ដែល​ផ្ដោត​លើ​សិទ្ធិ​ពលរដ្ឋ​និង​បណ្ដឹង​ទាក់ទិន​នឹង​ប្រយោជន៍​សាធារណៈ បាន​ចាត់ទុក​អង្គការ​ឥស្លាម NOI ថា​ជា​ក្រុម​ស្អប់​គុំកួន។

ប៉ូលិស​បាន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​មាន​ឈ្មោះ​ថា William “Billy” Evans។

លោក Evans គឺជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​កង​កម្លាំង​ប៉ូលិស​ប្រចាំ​វិមាន​សភា និង​បាន​បម្រើការ​ជា​មន្ត្រី​ប៉ូលិស​នៃ​ការិយាល័យ​សន្តិសុខ​ប្រចាំ​វិមាន​សភា​អស់​រយៈពេល ១៨ ឆ្នាំ។

ហេតុការណ៍​កាលពី​ថ្ងៃ​សុក្រ​បាន​កើតឡើង​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​រថយន្ត​មួយ​កន្លែង​នៅ​តាម​វិថី​ Constitution នៅ​ខាង​ផ្នែក​ព្រឹទ្ធសភា​នៃ​បរិវេណ​វិមាន​សភា។

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ទាហាន​ឆ្មាំ​ការពារ​ជាតិ​ជិត ២.២០០ នាក់​ ដែល​នៅ​បន្ត​ការពារ​សុវត្ថិភាព​បន្ថែម​នៅ​បរិវេណ​វិមាន​សភា តាំងពី​កុបកម្ម​ថ្ងៃ​ទី ៦ ខែ​មករា​មក៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា