ការ​បង្កើន​ការ​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អាច​បង្អាក់​ដល់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន

  • Ralph Jennings

រូបភាព​ឯកសារ៖ នាវាចម្បាំងចិន​ Huangshan ត្រូវ​បាន​ឃើញ​នៅ​លើ​ដែន​សមុទ្រ​ប្រទេស​សិង្ហបុរី RSS Singapura Changi កាលពី​ថ្ងៃទី​១៥ ឧសភា ឆ្នាំ ២០១៧។

អ្នក​ជំនាញ​នានា​អះអាង​ថា ការ​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា និង​ការ​ធ្វើ​នាវាចរណ៍​របស់​សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង អាច​រារាំង​ប្រទេស​ចិន​មិន​ឲ្យ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​បាន​នៅ​ក្នុង​សមុទ្រ​នោះ។

ការ​កើន​ឡើង​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​របស់​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​ចិន​មិន​ហ៊ាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត​ចូល​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

ប្រទេស​អូស្ត្រាលី បារាំង ជប៉ុន និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​របស់​ពួកគេ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ។ បណ្ដា​ប្រទេស​ទាំង​នេះ​ជឿ​ថា សមុទ្រ​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​ត្រី និង​ប្រេង​ឥន្ធនៈ​នេះ​គឺ​ជា​ផ្លូវ​ទឹក​អន្តរជាតិ។ ប៉ុន្តែ ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​ដែន​ទឹក​នេះ​ប្រហែល ៩០ ភាគរយ និង​បាន​ដាក់​ពង្រាយ​យោធា​នៅ​លើ​កោះ​តូចៗ​សំខាន់ៗ​មួយ​ចំនួន។

ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​បរទេស ការ​ធ្វើ​នាវាចរណ៍​របស់​នាវា​ទាហាន​ជើង​ទឹក​នានា និង​ចំណត​នាវា​នានា ក៏​ដូចជា​ការ​ហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បាន​បង្អាក់​យ៉ាង​មាន​ប្រសិទ្ធភាព​មិន​ឲ្យ​ប្រទេស​ចិន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ទៅ​មុខ​បន្ថែម​ទៀត​នៅ​ក្នុង​សមុទ្រ​នេះ ដែល​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នេះ​ក៏​ត្រូវ​បាន​ប្រទេស​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នេះ​ចំនួន ៥ ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី​ប្រឆាំង​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

លោក Alan Chong សាស្ត្រាចារ្យ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «បើ​តាម​ទស្សនៈ​ប្រាកដ​និយម​នៃ​អំណាច នោះ​យើង​ឃើញ​ថា នឹង​មាន​ការ​ប្រកួតប្រជែង​គ្នា​ជា​រៀង​រហូត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក​បាន​បញ្ជាក់​ថា៖ «ប្រទេស​ចិន​នឹង​ចេញ​នូវ​សេចក្ដី​ប្រកាស​ខឹង​សម្បារ និង​សេចក្ដី​ប្រកាស​ផ្សេងៗ​ទៀត ដោយ​ព្រមាន​ថា​នឹង​មាន​ផល​វិបាក​កើត​ឡើង​ជា​ដើម។ ប៉ុន្តែ ការណ៍​ដែល​នាវា​ទាហាន​ជើង​ទឹក​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅតែ​បន្ត​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ទោះបីជា​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ចិន​ក៏​ដោយ បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកគេ​មិន​ស្ដាប់​ចិន​នោះ​ទេ»។

ឆ្នាំ ២០១៨ ជា​ឆ្នាំ​សមយុទ្ធ​យោធា

នាវា​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ចំណាយ​ពេល​ច្រើន​ជាង​មុន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Carl Thayer សាស្ត្រាចារ្យ​ជំនាញ​ខាង​កិច្ចការ​អាស៊ី​នៃ​សាកលវិទ្យាល័យ New South Wales នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ចូល​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ៨ ដង​រួច​មក​ហើយ​នៅ​ក្នុង​រយៈពេល ១៨ ខែ​ចុង​ក្រោយ​នេះ និង​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ឲ្យ​ហោះហើរ​ពី​លើ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។ នៅ​ក្នុង​ខែ​កក្កដា​នេះ សហរដ្ឋ​អាមេរិក និង​ប្រទេស​ហ្វីលីពីន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ពួកគេ​ដើម្បី​បង្វឹក​ទាហាន​ជើង​ទឹក​របស់​ហ្វីលីពីន។

ប្រទេស​អូស្ត្រាលី​បាន​បញ្ជូន​នាវា ៣ គ្រឿង​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​កាល​ពី​ខែ​មេសា ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​បែប​សុឆន្ទៈ​ទៅ​កាន់​ប្រទេស​វៀតណាម។ ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ គ្រោង​នឹង​បញ្ជូន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​កម្រិត Izumo មួយ​គ្រឿង កាត់​តាម​សមុទ្រ​នេះ​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ដូច​ដែល​ខ្លួន​បាន​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០១៧។ កាល​ពី​ឆ្នាំ​មុន មន្ត្រី​យោធា​មក​ពី​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន​បាន​ឡើង​ជិះ​កប៉ាល់ Izumo នោះ។

ប្រទេស​បារាំង​បាន​បញ្ជូន​នាវា​ចម្បាំង​ហ្វ្រេហ្គាត​មួយ​គ្រឿង និង​នាវា​វាយ​ប្រហារ​មួយ​គ្រឿង​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ជិត​កោះ​តូចៗ​ដែល​កាន់កាប់​ដោយ​ប្រទេស​ចិន​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។

លោក Carl Thayer បាន​និយាយ​ថា ការ​រាយការណ៍​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​អំពី​ការ​ដំឡើង​មីស៊ីល​របស់​ចិន​នៅ​លើ​ប្រជុំ​កោះ Spratly បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ច្រើន​ពី​នាវា​បរទេស​នានា​នៅ​ក្នុង​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​នៃ​បណ្ដា​ប្រទេស​ដែល​ជាប់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​ថា RIMPAC រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​របស់​ខ្លួន ដែល​ការ​ធ្វើ​សមយុទ្ធ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សមុទ្រ​នៃ​ទីក្រុង Honolulu រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក។

ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតៗ និង​ការ​ធ្វើ​សមយុទ្ធ​ផ្អែក​លើ​សេនារីយ៉ូ​នានា​ជា​បន្តបន្ទាប់​កន្លង​មក មាន​ការ​ចូលរួម​ពី​មនុស្ស​សរុប​ចំនួន ២ ម៉ឺន ៥ ពាន់​នាក់ ដែល​មក​ពី​ប្រទេស​ចំនួន ២៥ ដែល​ក្នុង​នោះ​មាន​ទាំង​ភាគី​ទាមទារ​កាន់កាប់​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដូចជា​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ផង​ដែរ។

ប្រទេស​ហ្វីលីពីន​ទទួល​បាន​ប្រយោជន៍​ពី​ការ​ធ្វើ​សមយុទ្ធ RIMPAC នេះ ដោយ​ខ្លួន «កាន់តែ​មាន​ភាព​កក់ក្ដៅ​ជាង​មុន» ជាមួយ​នឹង​សម្ព័ន្ធមិត្ត​នានា និង​បាន​សិក្សា​រៀន​សូត្រ​ពី «ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​រលូន​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ទាំង​នោះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jay Batongbacal សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ដែន​សមុទ្រ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន (University of the Philippines)។

ប្រទេស​ទាំង ៤ ដែល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​បាន​តវ៉ា​ទាមទារ​កាន់កាប់​ដែន​ទឹក​មួយ​ចំនួន​ដែល​ប្រទេស​ចិន​អះអាង​ថា​ជា​របស់​ខ្លួន។ សហរដ្ឋ​អាមេរិក​បាន​លុបចោល​ការ​អញ្ជើញ​ប្រទេស​ចិន​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ RIMPAC នេះ នៅ​ក្នុង​ឆ្នាំ​នេះ។

បញ្ហា​របស់​ប្រទេស​ចិន

រដ្ឋាភិបាល​ចិន​បាន​រិះគន់​ការ​ធ្វើ​សមយុទ្ធ​ទាំង​នេះ និង​ជា​រឿយៗ​ឆ្លើយតប​ដោយ​ការ​ធ្វើ​សមយុទ្ធ​ដោយ​ខ្លួន​ឯង។ រដ្ឋាភិបាល​ចិន​សំអាង​លើ​តឹកតាង​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ទាមទារ​កាន់កាប់​របស់​ខ្លួន​លើ​ដែន​សមុទ្រ​ភាគ​ច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

នាវា​ចិន​បាន​ធ្វើ​តាម​នាវា​អូស្ត្រាលី និង​នាវា​បារាំង។ ទាហាន​ជើង​ទឹក​ចិន​បាន​បញ្ជូន​កប៉ាល់​ស៊ើបការណ៍​សម្ងាត់​ជំនួយ​ទូទៅ​មួយ​គ្រឿង​នៅ​ក្នុង​ខែ​នេះ​ទៅ​តាមដាន​ការ​ធ្វើ​សមយុទ្ធ RIMPAC នៅ​ជិត​ទីក្រុង Honolulu រដ្ឋ​ហាវ៉ៃ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ព័ត៌មាន​អាមេរិក ដែល​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​កង​យោធា​សហរដ្ឋ​អាមេរិក​ប្រចាំ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

កាល​ពី​ខែ​មេសា ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល ២ ថ្ងៃ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ធ្វើ​សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​ពី​ទាហាន​សរុប​ប្រហែល ១ ម៉ឺន​នាក់ និង​នាវា​ទាហាន​ជើង​ទឹក ៤៨ គ្រឿង។

ប្រទេស​ចិន​មិន​ចង់​ឲ្យ​ប្រទេស​ណា​មួយ​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jonathan Spangler ប្រធាន​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea Think Tank) នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

លោក Spangler និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការណ៍​ដែល​ប្រទេស​ចិន​ធ្វើ​ដូច្នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ចិន​គឺ​ជា​មេដឹកនាំ​ពិភពលោក​ទាំង​ផ្នែក​នយោបាយ និង​ផ្នែក​យោធា ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ផ្នែក​អំណាច​ដ៏​ខ្លាំង​មួយ នឹង​ដើម្បី​ឲ្យ​ប្រទេស​ដទៃ​ខ្លាច​ញញើត​ខ្លួន។ ការ​ធ្វើ​ដូច្នេះ​គឺ​ប្រៀប​ដូចជា​គោល​នយោបាយ​ធានា​រ៉ាប់រង​ផង​ដែរ។ នៅ​ក្នុង​ស្ថានការណ៍​ដ៏​កម្រ​ដែល​ប្រសិនបើ​មាន​ជម្លោះ​កើត​ឡើង ប្រទេស​ចិន​នឹង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ជម្លោះ​នោះ​ជាក់​ជា​មិន​ខាន»។

ប៉ុន្តែ ការ​ធ្វើ​នាវាចរណ៍​របស់​ទាហាន​ជើង​ទឹក​បស្ចិម​ប្រទេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រារាំង​ប្រទេស​ចិន​មិន​ឲ្យ​សាងសង់​កោះ​សិប្បនិម្មិត​បន្ថែម​ទៀត ដែល​កោះ​ភាគ​ច្រើន​នៃ​កោះ​ទាំង​នេះ ត្រូវ​បាន​ចិន​ចាក់​ដី​បំពេញ​តាំង​ពី​ឆ្នាំ ២០១០ មក ហើយ​ការ​ធ្វើ​នាវាចរណ៍​ទាំង​នេះ​ក៏​ដើម្បី​រារាំង​ប្រទេស​ចិន​មិន​ឲ្យ​សាកល្បង​ជាមួយ​នឹង​ភាព​អត់ធ្មត់​នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​ដែល​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

ប្រទេស​ចិន «មិន​អាច​ចេះ​តែ​ទទួល​ជោគជ័យ​រហូត​នោះ​ទេ និង​មិន​អាច​ចេះ​តែ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​លាក់លៀម​ដូច្នេះ​នោះ​ទេ» ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​កសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រទេស​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alan Chong។

លោក​បាន​បន្ថែម​ថា ការ​ឆ្លើយតប​បែប​អវិជ្ជមាន​ជា​ច្រើន​ប្រឆាំង​នឹង​ទាហាន​ជើង​ទឹក​ប្រទេស​ដទៃ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អះអាង​របស់​ចិន​ដែល​ថា ខ្លួន​ជា​អ្នក​ជិតខាង​ដ៏​ល្អ​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី។

នា​ពេល​បច្ចុប្បន្ន​នេះ ការ​ធ្វើ​នាវាចរណ៍​របស់​កប៉ាល់​ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​បស្ចិម​ប្រទេស​គឺ​ធ្វើ​ឡើង​តាម​ទម្រង់​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់ ដែល​កាល​នោះ កប៉ាល់​អាមេរិក និង​កប៉ាល់​សូវៀត​បាន​សាក​មើល​ឥទ្ធិពល​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Carl Thayer។ ជា​ឧទាហរណ៍ កន្លង​មក កប៉ាល់​សហរដ្ឋ​អាមេរិក និង​កប៉ាល់​សូវៀត​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។

ប្រទេស​ចិន​ប្រហែល​ជា​បាន​លុប​ចោល​គម្រោង​សាងសង់​របស់​ខ្លួន​នៅ​លើ​កោះ Scarborough Shoal ដែល​ជា​កោះ​ដែល​មាន​ការ​ប្រជែង​គ្នា​រវាង​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ហ្វីលីពីន នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama បាន​បញ្ជូន​នាវា​ទៅ​ទី​នោះ។ ក្រុម​នាវា​ប្រយុទ្ធ​ដែល​អម​ដំណើរ​កប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ឆ្នាំ ២០១៥។

លោក Carl Thayer បាន​និយាយ​ថា៖ «ភាគី​ទាំង​ពីរ​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ស្ថានការណ៍​ដែល​ថា អ្វី​មួយ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ គឺ​ចិន​នឹង​រុញ​ច្រាន​ទៅ​វិញ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​ឃើញ​មាន​ការ​លើក​ឡើង​ថា ប្រសិនបើ​អ្នក​ធ្វើ​មួយ យើង​ធ្វើ​មួយ​កន្លះ ប្រសិនបើ​អ្នក​ធ្វើ​ពីរ យើង​ធ្វើ​ពីរ​កន្លះ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា