ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

រូបឯកសារ៖ អគ្គ​មហា​សង្ឍ​រាជាធិបតី​​ ទេព វង្ស​ ព្រះ​មហា​សង្ឃរាជ​គណៈ​មហានិកាយ​និមន្ត​ចូលរួម​ជា​​អធិបតី​ការ​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ។ (ឡេង ឡែន​/VOA)

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​លោក​ថា​ ​បាន​ផ្តល់​ការ​រស់រាន​មាន​ជីវិត​ដល់​ពល​រដ្ឋ​កម្ពុជា​ បង្កើន​កិច្ច​អភិវឌ្ឍន៍ ​និង​ការពារ​បរិស្ថាន។​

​ថ្លែង​ក្នុង​មហាសន្និ​បាត​សង្ឃ​ទូទាំង​ប្រទេស ​កាល​ពី​ថ្ងៃ​ពុធ​ ​សម្តេច​សង្ឃរាជ​ ​ទេព វង្ស​ ​ដែល​គេ​ស្គាល់​ថា​ មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គណបក្សកាន់​អំណាច​ បាន​លើក​ឡើង​ពី​គុណ​តម្លៃនិង​ស្មារតី​នៃ​រណសិរ្ស​ង្គ្រោះ​ជាតិ២ធ្នូ​ ​និង​ ៧មករា​ ​ដែល​ជួយ​សង្គ្រោះ​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា។​ ​សម្តេច​សង្ឃរាជ​ក៏​បាន​លើក​ដំកើង​ពី​អំណាច​ដ៏​ធំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​កិច្ច​អភិវឌ្ឍន៍​ និង​ស្មារតី​សាមគ្គីភាព។​

ថ្លែង​ទៅ​កាន់​មន្ត្រី​សង្ឃ​ និង​អ្នក​ចូល​រួម​ក្នុង​មហា​សន្និបាត​សង្ឃ​ កាល​ពី​ថ្ងៃ​ពុធ​ ​សម្តេច​សង្ឃរាជ​ ​ទេព វង្ស​ ​បាន​បញ្ជាក់​ដដែលៗ​ថា៖​

«សុំ​ ​សមាជិក ​សមាជិកា​ ​ពិចារណា​ទៅ​លើ​ការ​បោះឆ្នោត​ថា ​តើនរណា​ឱ្យ​យើង​រស់? ​នរណា​ឱ្យ​លោក ​ជីដូន ​ជីតា​យើង​បាន​រស់?​ ​នរណា​ឱ្យ​ឪពុកម្តាយ​យើង​បាន​រស់?​ ​ហើយ​បាន​យើង​ទាំងអស់​គ្នា​បាន​កើត​នៅ​ខាង​ក្រោយ។​ ​នេះ​យើង​សុំ​ពិចារណា​នៅ​ត្រង់​ចំណុច​ទំាង​នេះ​ឯង»។​

ទោះ​យ៉ាង​ណា​ សម្តេច​សង្ឃរាជ​ ​ទេព វង្សក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ការ​បែកបាក់​ស្មារតី​សាមគ្គី​៧​មករា​និង​២ធ្នូ​អាច​នាំ​ដល់​ការ​បាត់បង់​ជីវិត​នៅ​កម្ពុជា។​

សម្តេច​សង្ឃ​ទេព វង្សបញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«នរណា​ចេញ​ទៅ​ជា​អាពត​ទី​ពីរ​ ​ក៏​ខ្ញុំ​មិន​ជា​បញ្ហា​នោះ​ទេ!​ ​ប៉ុន្ត​អ្នក​ណា​មួយ​ដែល​គេ​ហៅ​ថា​សាមគ្គី​ធម៌​២ធ្នូ​កើត​សាមគ្គី​ ​ហើយ​៧​មករា​កើត​ព្រហ្ម​វិហារ​ធម៌​ ​បាន​រស់រាន​មាន​ជីវិត។​ ​មាន​សាមគ្គី​បាន​សុខ​ចម្រើន​បាត់​សាមគ្គី​ងាប់»។​

​ការ​អំពាវនាវ​របស់​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខ​ដែ​ល​គេ​ដឹង​ថា​ មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គណបក្ស​គ្រប់គ្រង​អំណាចនោះ​ បាន​ធ្វើ​ឡើង​ ​ខណៈ​ការ​បោះឆ្នោត​ជាតិ​លើក​ទី​៦​ ​ខិតជិត​មក​ដល់​ ​និង​ចំ​ពេល​ដែល​មាន​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុម​ប្រឆំាង​ ​សង្គម​ស៊ីវិល​ ​និង​សារ​ព័ត៌មាន​ឯករាជ្យ​នានា​ក្នុង​ប្រទេស​កម្ពុជា។​

​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ តុលាការ​កំពូល​ប្រទេស​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​ដែល​គេ​ដឹង​ថា ​នឹង​ក្លាយ​ជា​គូប្រជែង​ដ៏​ធំ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ។​ ​

ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់យ៉ាងខ្លាំង​ ​និង​មាន​ការ​ព្រមាន​ដាក់​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ពី​ក្រុម​បស្ចឹម​ប្រទេស។​ អ្នកឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​និង​ក្រុមប្រទេស​សេរី​បាន​ដាក់​ការ​សង្ស័យ​ថា​ កម្ពុជា​កំពុង​ដើរ​ខុស​គន្លង​ប្រជា​ធិបតេយ្យ​ ​ហើយ​ការ​បោះឆ្នោត​ពេល​ខាង​មុខ​នឹង​មិន​ប្រកប​ដោយ​សេរី​ និង​យុត្តិធម៌​នោះទេ៕