តុលាការ​កំពូល​ស.រ.អា.​ប្រកាន់​ជំហរ​លើ​ការ​ចាក់​ថ្នាំ​សម្លាប់​អ្នកទោស

ក្រុម​សម្ព័ន្ធ​ដើម្បី​លុបបំបាត់​ទោស​ប្រហារជីវិត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ចែក​សម្ភារៈ​ទាក់ទង​នឹង​ទោស​ប្រហារជីវិត​ នៅ​ខាង​ក្រៅ​តុលាការកំពូល​ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។

តុលាការ​កំពូល​ស.រ.អា.​បានអនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំដ៏​ចម្រូង​ចម្រាស់​មួយ​ក្នុងការ​ប្រហារ​ជីវិត​ដោយ​ការ​ចាក់​ថ្នាំ​ដ៏​ប្រល័យ។​

នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​កាល​ពី​ថ្ងៃចន្ទ​ដោយ​មាន​៥សំឡេង​ទល់នឹង​៤សំឡេង​ ចៅក្រម​៥​នាក់​នៃ​តុលាការ​នេះ​ បាន​និយាយ​ថា ​ការ​ប្រើ​ថ្នាំ​ Midazolam សម្រាប់​រម្ងាប់​ការ​ឈឺចាប់​មិន​រំលោភ​លើ​វិសោធនកម្ម​ទី៨​នៃ​រដ្ឋធម្មនុញ្ញ​ឡើយ ​ដែល​ចំណុច​នេះ​ហាម​ប្រាម​មិន​ឱ្យមាន​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ឃោរឃៅ​និង​មិន​ធម្មតា។

ពួក​អ្នកទោសត្រូវ​ប្រហារ​ជីវិត​នៅ​ក្នុង​រដ្ឋ​ Oklahoma នា​ផ្នែក​កណ្តាល​ខាង​លិច​ស.រ.អា.​បាន​និយាយ​បង្ហាញ​ហេតុផល​ថា ​ថ្នាំរម្ងាប់​ការ​ឈឺចាប់​ដែល​ត្រូវ​ប្រើ​នេះជា​ផ្នែក​មួយ​នៃ​ការ​ផ្សំ​គ្នា​រវាង​ថ្នាំបី​មុខ​សម្រាប់​ការ​ចាក់ថ្នាំ​ប្រហារជីវិត។ តែ​ថ្នាំ​នេះ​មិន​នាំ​ឱ្យ​មាន​ការ​សន្លប់​បាត់​ស្មារតី​ដើម្បី​បញ្ចៀស​កុំឱ្យ​ពួក​គេមាន​ការ​ឈឺចាប់​ដោយសារ​ថ្នាំ paralytic និង​ឱសថ​សម្រាប់ឱ្យ​បេះដូង​ឈប់​ដើរ​ដែល​ត្រូវ​ប្រើ​បន្ទាប់​មក​នោះ​ទេ។

អាជ្ញាធរ​រដ្ឋ​ Oklahoma បាន​ប្រើថ្នាំ​នេះ​ក្នុង​ការ​ប្រហារជីវិត​អ្នកទោស​ម្នាក់​ឈ្មោះ​ Clayton Lockett ដែល​បាន​ថ្ងូរ​និង​ងើប​ក្បាល​នៅ​ពេល​ត្រូវ​ចាក់​ថ្នាំ​ផ្សំគ្នា​ទាំង​នេះ។​ គេ​បាន​ប្រើ​ពេល​៤៣នាទី​ដើម្បី​ប្រកាស​ថា​ អ្នកទោស​រូប​នេះ​បាន​ស្លាប់​ហើយ​នៅ​ក្រោយ​ការ​ចាក់​ថ្នាំ​លើក​ទី​មួយ។​

នៅ​ក្នុង​ការ​សម្តែង​ការ​ខ្វែង​យោបល់​របស់​ខ្លួន​ លោកស្រី​ចៅក្រម​តុលាការ​នៃ​កំពូល​ Sonia Sotomayor បាន​ប្រដូច​ការ​ប្រើប្រាស់​ថ្នាំ​ដ៏​ចម្រូងចម្រាស់​នេះ​ទៅ​នឹង​«ការ​ធ្វើទារុណកម្ម​យឺតៗ​រហូត​ដល់ស្លាប់​ឬ​ការ​ដុត​ទាំង​រស់​ដោយ​ចង​ភ្ជាប់នឹង​បង្គោល»៕