ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈវិនិច្ឆ័យ​សម្រេច​កាត់​ទោស​ប្រហារ​ជិវីត​អ្នក​ដាក់​គ្រាប់​បែក​ក្នុង​ពេល​រត់​ម៉ារ៉ាតុន​នៅ​រដ្ឋ Boston


នៅ​ក្នុង​រូបភាព​ដែល​បង្ហាញ​ពី​សវនការ​ Dzhokhar Tsarnaev (រូប​កណ្តាល) ត្រូវ​បង្ហាញ​ខ្លួន​ ហើយ​ស្ថិត​នៅ​ចន្លោះ​មេធាវី​ Mariam Conrad (រូប​ឆ្វេង) និង​ Judy Clarke (រូប​ស្តាំ) កំឡុង​សវនការ​ថ្នាក់​សហព័ន្ធ​ដែល​កាត់​ទោស​ថា​តើ​គាត់​ត្រូវ​មាន​ទោស​ប្រហារ​ជីវិត​ឬ​យ៉ាង​ណា កាលពី​ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៥ នៅ​រដ្ឋ​ Boston។

គណៈវិនិច្ឆ័យ​មួយ​ឋិត​ក្នុង​ថ្ងៃ​ទីបី​នៃ​ការ​ពិភាក្សា​គ្នា​អំពី​ថា​តើ​ឈ្មោះ Dzhokhar Tsarnaev អ្នក​បំផ្ទុះ​គ្រាប់បែក​ក្នុង​ការ​រត់ប្រណាំង Marathon ក្នុង​ក្រុង​ Boston គួរ​ចំណាយ​ពេល​អស់​មួយ​ជីវិត​ក្នុង​គុក​ឬ​មួយ​ត្រូវ​ប្រហារ​ជីវិត។

គណៈវិនិច្ឆ័យ​ដែល​មាន​បុរស៧​នាក់​និង​ស្ត្រី​៥​នាក់​បាន​ពិភាក្សា​គ្នា​៨​ម៉ោង​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃព្រហស្បតិ៍​ដោយមិន​បាន​សម្រេច​អំពី​សាលក្រម​ទេ។​ គណៈវិនិច្ឆ័យ​ត្រូវ​មាន​សេចក្តី​សម្រេច​ចិត្ត​ជា​ឯកច្ឆ័ន្ទ​ដើម្បី​កាត់ទោស​ប្រហារជីវិត​ Tsarnaev។

ក្រុម​សមាជិក​គណៈវិនិច្ឆ័យ​ទាំង​នេះ​បាន​ទទួល​ករណី​នេះ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្រោយ​ក្រុម​រដ្ឋអាជ្ញា​និង​ក្រុម​មេធាវី​ការពារ​ចុង​ចោទ​បាន​និយាយ​បង្ហាញ​ហេតុផល​ចុង​ក្រោយ​បង្អស់​របស់​ពួកគេ​នៅ​ក្នុង​ដំណាក់កាល​ដាក់​ទណ្ឌកម្ម​នៃ​ការ​កាត់​ក្តី​ពី​បទ​ប្រព្រឹត្ត​ភេរវកម្ម​នេះ។

ក្រុម​រដ្ឋ​អាជ្ញា​បាន​ច្រានចោលការ​និយាយ​បង្ហាញ​ហេតុផល​របស់​ក្រុម​មេធាវី​ចុង​ចោទ​ដែល​បាន​និយាយថា​ឈ្មោះ​ Tsarnaev បាន​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ខ្លាំង​របស់​បង​ប្រុស​គាត់​ឈ្មោះ​ Tamerlan ដែល​ជា​មនុស្ស​ជ្រុល​និយម​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ត​គ្នា​មួយ​ជាមួយ​ក្រុម​ប៉ូលិស។

ក្រុម​រដ្ឋអាជ្ញា​និយាយ​ថា​ទោះ​ណាជា​ Dzokhar មាន​អាយុតែ​១៩​ឆ្នាំនៅ​ពេល​បំផ្ទុះ​គ្រាប់បែក​ក្នុង​ការ​រត់ប្រណាំង​ Marathon នៅ​ក្នុង​ក្រុង​ Boston ក៏​ដោយ​ ក៏គាត់​មាន​វ័យ​គ្រប់គ្រាន់​ដើម្បី​ដឹង​អំពី​អ្វី​ខុស​និង​អំពី​អ្វី​ត្រូវ​ដែរ ហើយ​ថា​គាត់​ចង់​សងសឹក​ដល់​សង្គ្រាម​របស់​ស.រ.អា.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេសអាហ្វហ្គានីស្ថាន។

ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​១៥ខែ​មេសា​ឆ្នាំ២០១៣​នៅ​ក្នុង​ការ​រត់ប្រណាំង Marathon ក្នុង​ក្រុង Boston បាន​បណ្តាល​ឱ្យ​មនុស្សបី​នាក់ស្លាប់​និង​មាន​ជន​២៦៤នាក់​ទៀត​បាន​ត្រូវ​របួស។

ព័ត៌មាន​ចុង​ក្រោយ

គណៈកម្មការ​វិនិច្ឆ័យ​ទោស​បាន​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត Dzhokhar Tsarnaev ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​បង្កប់​គ្រាប់បែក​ក្នុង​ការ​ប្រកួត​រត់​ប្រណាំង​ម៉ារ៉ាតុន​នៅ​ទីក្រុង Boston កាល​ពី​ពីរឆ្នាំ​មុន ដែល​បាន​សម្លាប់​មនុស្ស​បីនាក់ និង​បណ្តាល​ឲ្យ​មនុស្ស​២៦៤នាក់​រង​របួស។

គណៈកម្មការ​វិនិច្ឆ័យ​ទោស​៧នាក់ ក្នុង​នោះ​មាន​បុរស​៥នាក់ និង​ស្ត្រី​២នាក់ បាន​ចេញ​សាលក្រម​នៅ​ថ្ងៃសុក្រ​នេះ នៅ​ទីក្រុង Boston ក្រោយ​ពី​បាន​ត្រិះរិះ​ពិចារណា​លើ​រឿង​ក្តី​នេះ​រយៈពេល​១៤ម៉ោង ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ។ គណៈកម្មការ​វិនិច្ឆ័យ​បាន​ចេញ​សាលក្រម​នេះ ដោយ​ផ្អែក​ទៅ​តាម‍​ ‍«‍ស្ថានភាព​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ» ហើយ​ក៏​សម្រេច​ថា​ជនល្មើស Tsarnaev សម​នឹង​កាត់​ទោស​ប្រហារ​ជីវិត៕

XS
SM
MD
LG