ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដំណើរ​ការ​កាត់​ទោស​​​អ្នក​បំផ្ទុះ​គ្រាប់​បែក​ Boston Marathon ស្ថិត​នៅ​ក្នុង​ការវិនិច្ឆ័យ​ទោស


រូប​ភាព​ឯកសារ៖ កន្លែង​រំឭក​ដល់​អ្នក​ទាំង​៣​ដែល​ស្លាប់​ក្នុង​ការបំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រត់​ប្រណាំង​ Boston Marathon នៅ​ក្នុង​ទីក្រុង​ Boston រដ្ឋ Massacusetts​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៣។

អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​បន្ទាប់​ពី​ការ​កាត់​ឲ្យ​ Dzhokhar Tsarnaev ជាប់​ទោសពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៃ​ការ​រត់​ប្រណាំង Marathon ​ដ៏​ប្រល័យ​នៅ​ឆ្នាំ​២០១៣​ក្នុង​ទីក្រុង Boston គណៈ​វិនិច្ឆ័យ​សហព័ន្ធ​នឹង​វិល​ត្រឡប់​មក​ធ្វើ​ការងារ​វិញនៅ​ថ្ងៃ​អង្គារ​ ​ដើម្បី​សម្រេច​ថា​តើ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​ឬ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

រដ្ឋ​អាជ្ញា​កំពុង​ស្វះ​ស្វែង​ដាក់​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​ជាតិ​ឆេឆេនី ​អាយុ​២១​ឆ្នាំ ​ចំពោះ​ការ​ស្លាប់​មនុស្ស​៣​នាក់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក ​ដែល​បាន​កើត​មាន​ឡើង​នៅ​កន្លែង​ផ្តាច់​ព្រ័ត្រ​នៃ​ការ​រត់​ប្រណាំង។​ ក៏​ប៉ុន្តែ​ឪពុក​ម្តាយ​របស់​ជន​រងគ្រោះ​អាយុ​៨​ឆ្នាំ​ Martin Richard ​បាន​សុំ​ឲ្យ​ក្រសួង​ យុត្តិធម៌​ដាក់​ទោស​ Tsanaev ​ជាប់​គុក​អស់​មួយ​ជីវិត​ដោយ​គ្មានការដោះលែង​ឬ​ក៏​គ្មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ​នៅ​ក្នុង​ការ​ដោះ​ដូរ​ជាមួយ​ទោស​ប្រហារ​ជីវិត។

លោក Bill ​និង Denis Richard ​បាន​សរសេរ​នៅ​ក្នុង​កាសែត The Boston Globe កាល​ពី​សប្តាហ៍​មុន​ថា «​យើង​ដឹង​ថា​រដ្ឋាភិបាល​មាន​ហេតុ​ផល​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្វះស្វែងដាក់​ទោស​ប្រហារ​ជីវិត​នេះ។​ ក៏​ប៉ុន្តែ​ការ​បន្តស្វះស្វែង​ដាក់​ទោស​ប្រហារ​ជីវិត​នោះ ​អាច​នាំ​ឲ្យ​មាន​ការ​ប្តឹងឧទ្ធរណ៍​រាប់​សិប​ឆ្នាំ​ហើយ​នឹង​អូស​បន្លាយ​ពេល​វេលា​នៃ​ការ​ឈឺចាប់​បំផុត​របស់​យើង‍»។

លោកស្រី​ Jessica Kenskyនិង​លោក​ Patrick Downers ​គូ​ស្រករ​នៅ​ទីក្រុង​បូស្តុន​បានកំបុតជើង​ទាំង​២​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋ​អាជ្ញា​ទម្លាក់​ចោល​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ស្វះស្វែង​ដាក់​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ Dzhokar Tsanaev។

ការ​ស្ទង់​មតិ​សាធារណៈ​ក្នុង​ទីក្រុង​បូស្តុន​បង្ហាញ​ថា ​អ្នក​ស្រុក​ភាគ​ច្រើន​បាន​ជំទាស់​ប្រឆាំង​ទោស​ប្រហារ​ជី​វិត​ដល់ Tsanaev៕

XS
SM
MD
LG