កិច្ចប្រឹងប្រែងមួយដើម្បីប្រកាសថាអតីតប្រធានាធាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពុំមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតអាមេរិកជាថ្មីនោះ ត្រូវរងភាពមិនប្រាកដប្រជាជាខ្លាំងក្នុងតុលាការកំពូលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមចៅក្រមដែលមាននិន្នាការផ្សេងៗគ្នា បានបង្ហាញពីភាពមន្ទិលសង្ស័យទៅលើសុពលភាពនៃច្បាប់ ក៏ដូចជាក្តីបារម្ភអំពីប្រសិទ្ធភាពជាក់ស្តែងដើម្បីលុបឈ្មោះលោកចេញពីសន្លឹកឆ្នោត។
តុលាការកំពូលសហរដ្ឋអាមេរិកបានពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការកំពូលនៃរដ្ឋ Colorado ដែលបានសម្រេចថា នៅក្រោមវិសោធនកម្មទី ១៤ នៃរដ្ឋធមនុញ្ញសហរដ្ឋអាមេរិក លោក Trump គ្មានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងធ្វើជាប្រធានាធិបតីនោះឡើយ ហេតុដូចនេះហើយ តុលាការកំពូលក្នុងរដ្ឋនេះ បានបញ្ជាឱ្យលុបឈ្មោះលោកចេញពីសន្លឹកឆ្នោតក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋនេះ។
ការសម្រេចណាមួយរបស់តុលាការកំពូលអាមេរិកដើម្បីគាំទ្រសាលក្រមរបស់រដ្ឋ Colorado នឹងបើកផ្លូវដល់រដ្ឋផ្សេងទៀតៗដើម្បីអាចលុបឈ្មោះលោក Trump ចេញពីសន្លឹកឆ្នោតបាន ក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ដោយផ្អែកលើបទចោទប្រហាក់ប្រហែលគ្នានេះ ហើយប្រសិនបើលោកត្រូវបានជ្រើសរើសធ្វើជាបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋនោះ អាចបង្កើតជាសំណួរថា តើលោកអាចមានឈ្មោះក្នុងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជាសកលក្នុងខែវិច្ឆិកាបានឬអត់នោះ។
ចៅក្រមតុលាការកំពូលអ្នកស្រី Elena Kagan ដែលមាននិន្នាការគាំទ្រសេរីភាពនៃក្រុមសំឡេងភាគតិចបានលើកជាសំណួរ ដែលទំនងជាអាចធ្វើឱ្យមានកង្វល់ដល់ចៅក្រមផ្សេងៗទៀតនោះថា «តើហេតុអ្វីបានរដ្ឋមួយអាចមានលទ្ធភាពដើម្បីធ្វើការកំណត់យ៉ាងដូចនេះ ដែលនេះមិនគ្រាន់តែសម្រាប់ពលរដ្ឋរបស់រដ្ឋនោះមួយទេ ប៉ុន្តែក៏អាចសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
ទន្ទឹមនឹងនេះដែរ ចៅក្រមតុលាការកំពូលអ្នកស្រី Amy Coney Barrett ដែលមាននិន្នាការគាំទ្រក្រុមអភិរក្សនិយមសំឡេងភាគច្រើននោះ បានបន្ទរគាំទ្រក្តីបារម្ភនេះ ដោយនិយាយថា «វាហាក់ដូចជាមិនទំនងទាល់តែសោះដែលនេះជាការសម្រេចរបស់រដ្ឋមួយ»។
នៅក្នុងការវត្តមួយទៀត លោក Donald Trump បានឈ្នះការបោះឆ្នោតបឋមក្នុងគណបក្សនៅរដ្ឋ Nevada កាលពីថ្ងៃព្រហស្បតិ៍នៅក្រោយលោកជាបេក្ខជនសំខាន់តែម្នាក់គត់ដែលប្រកួតប្រជែង ដោយលោកបានទទួលជ័យជម្នះលើកទីបីជាបន្តបន្ទាប់នៅពេលលោកប្រឹងប្រែងឱ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប.លោកស្រី Nikki Haley ដែលជាគូប្រជែងធំចុងក្រោយរបស់លោកដែលនៅតែប្រកួត មិនបានចូលរួមប្រកួតនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Nevada ទេ ទោះជាការបោះឆ្នោតទាំងនេះនៅ Nevada ត្រូវរាប់បញ្ចូលសម្រាប់ការជ្រើសតាំងបេក្ខជនបក្សសាធារណរដ្ឋក៏ដោយ។ លោកស្រី Haley បាននិយាយយោងដល់អ្វីដែលលោកស្រីចាត់ទុកថាជាដំណើរការមិនយុត្តិធម៌ដោយលំអៀងទៅលោក Trump។ លោកស្រីបានឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមជានិមិត្តរូបនៃរដ្ឋ Nevada កាលពីថ្ងៃអង្គារ ដោយលទ្ធផលគឺលោកស្រីចាញ់ជម្រើស«គ្មានបេក្ខជនណាក្រៅពីបេក្ខជនទាំងនេះ»។
លោក Trump នឹងឈ្នះដោយមានប្រតិភូច្រើនបំផុត បើមិនទាំងអស់ ក្នុងចំណោមប្រតិភូ២៦នៃរដ្ឋនេះ៕