បណ្ដឹងសារទុក្ខរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលទាមទារឱ្យលោកមានឈ្មោះនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Colorado ឆ្នាំ ២០២៤ នេះនឹងត្រូវតុលាការកំពូលបើកសវនាការជំនុំជម្រះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសំណុំរឿងបោះឆ្នោតដ៏ធំបំផុតរបស់អង្គចៅក្រមតុលាការកំពូលតាំងពីសំណុំរឿងរវាងលោក George W. Bush និងលោក Al Gore កាលពីឆ្នាំ ២០០០ មក តុលាការនេះនឹងថ្លឹងថ្លែងអំណះអំណាងដែលថាតើលោក Trump មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬក៏អត់ដើម្បីធ្វើជាប្រធានាធិបតីម្ដងទៀត ដោយសារតែកិច្ចប្រឹងប្រែងរបស់លោកនៅក្នុងការប្រែក្រឡាស់ការចាញ់របស់លោកក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលឈានទៅដល់ការវាយប្រហារលើវិមានសភាអាមេរិកកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។
សំណុំរឿងនេះគឺជាសំណុំរឿងដំបូងបង្អស់ដែលអង្គចៅក្រមតុលាការកំពូលនឹងពិចារណាអំពីខមួយនៅក្នុងរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅក្រោយសង្គ្រាមស៊ីវិលដើម្បីរារាំងអតីតអ្នកកាន់តំណែងរដ្ឋាភិបាលដែល «ប្រឡូកនៅក្នុងការបះបោរ» មិនឱ្យកាន់តំណែងជាថ្មីម្ដងទៀត។
កន្លងមក តុលាការកំពូលរដ្ឋ Colorado បានដកឈ្មោះលោក Trump ចេញពីសន្លឹកឆ្នោតនៃការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងការសម្រេចមួយដែលថាលោកបានញុះញង់ឱ្យមានកុបកម្មកើតឡើងនៅវិមានសភា៕
វេទិកាបញ្ចេញមតិ