លោក នី ចរិយា អតីតប្រធានការិយាល័យស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញខ្លួននៅតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយលើរូបលោក ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលអាចនឹងធ្វើឲ្យលោកជាប់ក្នុងពន្ធនាគាររយៈពេលប្រាំមួយខែ។
លោក នី ចិរយា ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.ត្រូវបានប្តឹងដោយមន្ត្រីតុលាការពីរនាក់គឺអតីតចៅក្រមស៊ើបសួរនិងព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តសៀមរាប នៅពេលលោកបម្រើការងារជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
បន្ទាប់ពីការប្តឹងរបស់មន្ត្រីតុលាការទំាងពីរនាក់នោះ លោក នី ចរិយា អតីតអ្នកការពារសិទ្ធិមនុស្ស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមមាត្រា៣០៥ មាត្រា៣១១ មាត្រា៣១២ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ។ តុលាការក្រុងភ្នំពេញបានកាត់ទោសឲ្យលោកជាប់ក្នុងពន្ធនាគារប្រាំមួយខែ ប៉ុន្តែទោសនេះមិនត្រូវបានអនុវត្ត ឬព្យួរនោះឡើយ។
នៅក្នុងសាលសវនាការរបស់តុលាការកំពូលជំនុំជម្រះបណ្តឹងសាទុក្ខរបស់លោក នី ចរិយា ដែលបានប្តឹងសុំទម្លាក់ចោលបទចោទប្រកាន់ខាងលើនេះ លោក នី ចរិយាបានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនបានធ្វើសកម្មភាពណាមួយ ដែលអាចឲ្យលោករងបទចោទទាំងនេះទេ ដោយសារតែការបំពេញការងាររបស់លោកនាពេលនោះគឺធ្វើឡើងក្នុងនាមជាអ្នកការពារសិទ្ធិជនដែលរងការរំលោភបំពានសិទ្ធិមនុស្សតែប៉ុណ្ណោះ។
លោកបានថ្លែងបញ្ជាក់នៅមុខក្រុមប្រឹក្សាជំនុំជម្រះថា ក្នុងពេលលោកនៅបម្រើការងារជាមន្ត្រីសិទ្ធិមនុស្សនោះ លោកបានស្វះស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះពីរនាក់ឈ្មោះបឿន សុខ និងវ៉ែន ឡនដែលមានវិវាទដីធ្លីមួយនៅឯខេត្តសៀមរាប។ លោកបានពណ៌នាថា មានការចាប់ខ្លួនជនរងគ្រោះទាំងពីរនាក់ដោយខុសពីនីតិវិធីនៃការចាប់ខ្លួន។ លោករៀបរាប់បន្តថា ការចាប់ខ្លួននាពេលនោះធ្វើឡើងដោយមានភាពមិនប្រក្រតី ដោយហេតុថា ជនរងគ្រោះមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយថា ការចាប់ខ្លួននោះបានកើតឡើងក្នុងទីតាំងដែលមិនមានជម្លោះដីធ្លី។
ផ្តើមចេញពីការមិនសុខចិត្តនៃការចាប់ខ្លួនដោយមិនអនុលោមតាមនីតិវិធីនេះ សន្និសីទសារព័ត៌មានចំនួនពីរត្រូវបានរៀបចំឡើងដោយសមាគមអាដហុកនៅខេត្តសៀមរាបនិងក្នុងទីក្រុងភ្នំពេញ។
លោក នី ចរិយាបានប្រាប់តុលាការកំពូលបន្តថា សន្និសីទព័ត៌មាននេះធ្វើឡើងដោយផ្តោតតែទៅលើការចាប់ខ្លួន ដែលប្រាសចាកពីនីតិវិធីប៉ុណ្ណោះ ពោលគឺលោកមិនបានប្រើពាក្យពេចន៍ណាមួយមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់បុគ្គលណាទេ ក្នុងសន្និសីទសារព័ត៌មានទាំងពីរនោះ។
នៅក្រៅតុលាការកំពូល លោកបានប្រាប់អ្នកកាសែតអំពីការធ្វើសន្និសីទព័ត៌មានទាំងពីរនោះយ៉ាងដូច្នេះ៖
«អ្វីដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំអត់មានទៅចោទប្រកាន់លោកមន្ត្រីតុលាការទាំងពីរថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយអីទេ គឺគ្រាន់តែយើងចង់ឲ្យទៅខាងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមហ្នឹងគាត់ជួយពិនិត្យមើលអំពីនីតិវិធីហ្នឹងឡើងវិញ ហើយបើមានខុស គួរឲ្យគាត់ជួយអន្តរាគមន៍ កុំឲ្យប្រជាជនគ្នារងគ្រោះ។ តែប៉ុណ្ណឹងអីតើ! បាទ អាហ្នឹងគឺខ្ញុំបានបញ្ជាក់ជូនអង្គសវនាការហើយ»។
កាលពីពាក់កណ្ដាលឆ្នាំ២០១៥ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនិង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានប្ដឹងលោក នី ចរិយាពីបទបរិហារកេរ្តិ៍ ក្រោយពីលោក នី ចរិយាធ្វើសន្និសីទសារព័ត៌មានមួយដោយនិយាយថា មន្ត្រីតុលាការខេត្តសៀមរាបចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីដោយអយុត្តិធម៌ និងបានប្ដឹងមន្ត្រីតុលាការមួយចំនួន រួមមានព្រះរាជអាជ្ញា និងចៅក្រមតុលាការខេត្តសៀមរាបទៅកាន់ស្ថាប័នចំនួន៤ រួមទាំងក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពីបទចាប់ខ្លួនពលរដ្ឋរឿងដីធ្លី និងចោទប្រកាន់ពួកគាត់ខុស ទាក់ទងនឹងរឿងជម្លោះដីធ្លីនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៤។
លោក សំ សុខគង់ មេធាវីការពារក្តីលោក នី ចរិយា ដែលមានវត្តមានក្នុងសាលសវនាការតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានថ្លែងការពារលោក នី ចរិយា ដោយបានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ការអធិប្បាយនានារបស់លោក នី ចរិយានៅក្នុងសារព័ត៌មាននោះគឺផ្តោតតែទៅលើការចាប់ខ្លួនដែលខុសពីនីតិវិធី។
លោកថ្លែងក្នុងន័យដើមថា៖
«អ្វីដែលកូនក្តីខ្ញុំនិយាយពីការចាប់ខ្លួនមិនតាមនីតិវិធីច្បាប់គឺជារឿងពិត ដោយសារមានភស្តុតាង»។
លោកបានពន្យល់តុលាការថា ការចាប់ខ្លួនជនរងគ្រោះដីធ្លីនៅខេត្តសៀមរាបនាពេលនោះគឺធ្វើឡើងខុសភូមិ ឃុំ និងស្រុករបស់ទីតាំងដីដែលមានជម្លោះ។ លោកក៏បានប្រាប់តុលាការថា មានបណ្តាញព័ត៌មានចំនួនបួន ក្នុងនោះមានអង្គភាព Voice of Democracy (VOD) វិទ្យុអាស៊ីសេរី Radio Free Asia គេហទំព័រអង្គរវត្ត និងទូរទស្សន៍បាយ័ន បានដកស្រង់សម្តីកូនក្តីរបស់លោក ខុសពីការអធិប្បាយរបស់កូនក្តីលោកក្នុងពេលធ្វើសន្និសីទសារព័ត៌មាន។ លោកអះអាងថា កូនក្តីលោកមិនបានប្រើប្រាស់ពាក្យពេចន៍ ដែលថា មន្ត្រីតុលាការទាំងពីរបានប្រព្រឹត្តអំពើពុករលួយនោះឡើយ។
ក្រុមប្រឹក្សាជំនុំជម្រះបានប្រឹងជីកសួរស្វែងរកការបញ្ជាក់អំពីខ្លឹមសារនៃសន្និសីទសារព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់ការអធិប្បាយរបស់លោក នី ចរិយា និងមេធាវីរបស់លោក។ លោក នី ចរិយាបានប្រាប់តុលាការថា ដើមបណ្តឹងបានថតទុកសំឡេងនៃសន្និសីទព័ត៌មាននោះ រួចធ្វើជាថាស CD ដែលលោកជឿជាក់ថា អាចយកមកធ្វើជាភស្តុតាងបាន។
ដោយមិនអស់ចិត្តនឹងការរ៉ាយរ៉ាប់របស់លោក នី ចរិយានោះ លោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានចោទសួរលោក នី ចរិយាតាមន័យដើមថា៖
«ចុះលោកធ្វើសន្និសីទសារព័ត៌មានអត់ថតទុកទេឬ?»
លោក នី ចរិយាឆ្លើយថា៖«អត់ទេ»។
នៅក្រោយការសួរដេញដោលអស់ពេលជាងមួយម៉ោងមកនោះ ក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១ខែតុលា ខាងមុខនេះ។ សវនាការនៅថ្ងៃពុធនេះមិនមានវត្តមានភាគីដើមបណ្តឹង និងមេធាវីដើមបណ្តឹងនោះទេ។
នៅឯក្រៅតុលាការកំពូល ក្រុមមន្ត្រីសិទ្ធិមនុស្សដែលបានតាមដានរឿងនេះ បានផ្តល់ការយល់ឃើញផ្សេងៗគ្នា។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា៖
«យើងឃើញថា ដំណើររឿងហ្នឹងតាំងពីដើមមក ឥឡូវមកទល់ពេលនេះ ដំណោះសា្រយមានហើយ ហើយអ្នកដែលត្រូវបានតុលាការឃុំ គាត់ត្រូវបានដោះលែងឲ្យមានសេរីភាព ហើយដីធ្លីដែលពួកគាត់មានទំនាស់ជាមួយហ្នឹងសហគមន៍តាខ្មៅរបស់សហគមន៍វៀតណាមហ្នឹងក៏គេបានប្រគល់ដីហ្នឹងមកឲ្យប្រជាពលរដ្ឋដែរ។ អ៊ីចឹងទៅ តើយើងបន្តរឿងហ្នឹង ដោយរបៀបម៉េចទៀត អ៊ីចឹងហើយ ខ្ញុំគិតថា ដំណាក់កាលនេះ លោក នី ចរិយា គួររួចផុតពីការចោទប្រកាន់ក្នុងបទល្មើសនឹងបាទ»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា៖
«លោក នី ចរិយា គាត់ទទូលស្គាល់អាខ្សែអាត់មួយដែលដើមបណ្តឹងរដ្ឋប្បវេណីដាក់ទៅតុលាការ ហើយនៅក្នុងខ្សែអាត់ហ្នឹង វាហាក់បីរកបទល្មើសទាក់ទងនឹងបរិហារកេរ្តិ៍ជាសាធារណៈហ្នឹង វាអត់មានទៅទៀត បាទ។ ហើយអ៊ីចឹង សួរថា តើវាអាចចោទប្រកាន់ទៅលើរូបគាត់បានទេ? អ៊ីចឹង ខ្ញុំគ្រាន់តែមានសេចក្តីសង្ឃឹមថា តុលាការកំពូលនឹងអាចពិចារណាក្នុងការទម្លាក់ការចោទប្រកាន់ដូចសំណូមពររបស់លោកនី ចរិយា និងមេធាវីរបស់គាត់»។
នៅពេលមិនមានវត្តមានរបស់ដើមបណ្តឹងនិងមេធាវីដើមបណ្តឹងក្នុងសវនាការនាព្រឹកថ្ងៃពុធនេះ អង្គការសិទ្ធិមនុស្សលីកាដូបានចេញសេចក្តីប្រកាសមួយ ដោយបានលើកឡើងថា អវត្តមានរបស់ភាគីដើមបណ្តឹង«ជាការបដិសេធនូវសិទិ្ធរបស់ជនជាប់ចោទក្នុងការតទល់ជាមួយភាគីដើមបណ្តឹងដោយផ្ទាល់ ដែលស្ថានភាពនេះក៏បានកើតមានឡើងនៅក្នុងសវនាការសាលាដំបូងផងដែរ»។
អង្គការលីកាដូបានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសដដែលបន្ថែមថា៖
«សិទិ្ធរបស់លោកនី ចរិយាក្នុងការរៀបចំ និងការការពារក្តីលើសំណុំរឿងរបស់លោកមុនពេលជំនុំជម្រះ និងនៅក្នុងពេលសវនាការសាលាឧទ្ធរណ៍ ក៏ត្រូវបានគេអះអាងថា ត្រូវបានរំលោភបំពានផងដែរ ពីព្រោះលោកត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការពីបទល្មើសផ្សេងទៀតដែលត្រូវបានគេអះអាងថា ជាសំណុំរឿងនយោបាយពាក់ព័ន្ធនឹងបទសមគំនិតនៅក្នុងរឿងសូកប៉ាន់សាក្សី»។
ក្រៅពីសំណុំរឿងបរិហាកេរ្តិ៍នេះ លោក នី ចរិយាក៏ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ ដែលផ្តើមចេញពីរឿងអាស្រូវស្នេហាលួចលាក់ដ៏គួរឲ្យសង្ស័យរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ផងដែរ។
ការកាត់ទោសលោក នី ចរិយាក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលមានដើមបណ្តឹងជាមន្ត្រីតុលាការពីររូបនោះ កើតមានឡើងនៅពេលលោក នី ចរិយា ត្រូវបានតុលាការដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្នក្នុងសំណុំរឿងលោក កឹម សុខា។ នៅរសៀលថ្ងៃពុធនេះ លោក នី ចរិយា និងមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកបួននាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំក្នុងសំណុំរឿងសូកប៉ាន់សាក្សី។
ប្រសិនបើតុលាការកំពូលតម្កល់ការកាត់ទោសលោក នី ចរិយាក្នុងសំណុំរឿងបរិហារកេរ្តិ៍នេះនោះ នោះអតីតអ្នកការពារសិទ្ធិមនុស្សរូបនេះអាចប្រឈមនឹងការចាប់ដាក់ក្នុងពន្ធនាគារជាថ្មីម្តងទៀត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស៕