តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបដិសេធនូវបណ្តឹងមួយរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានព្យាយាមប្លុកអ្នករិះគន់របស់លោកចេញពីគណនី Twitter ផ្ទាល់ខ្លួនរបស់លោក។ តុលាការលើកឡើងថា ហេតុផលទាំងឡាយនៅក្នុងបណ្តឹងនោះត្រូវបានផុតរលត់បន្ទាប់ពីលោក Trump ត្រូវបានក្រុមហ៊ុន Twitter ផ្អាកសកម្មភាពរបស់លោកជាអចិន្ត្រៃយ៍ ហើយលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីកាលពីខែមករាមក។
ក្រុមហ៊ុន Twitter បានដាក់បម្រាមទៅលើលោក Trump ក្នុងរយៈពេលពីរថ្ងៃក្រោយពីមានការវាយប្រហារទៅលើវិមានសភា ដោយអ្នកគាំទ្ររបស់លោកកាលពីថ្ងៃទី៦ ខែមករា។ ក្រុមហ៊ុនTwitter បានលើកឡើងថាការសម្រេចចិត្តរបស់ខ្លួនក្នុងការហាមប្រាមលោក Trump មិនឲ្យប្រើប្រាស់បណ្តាញ Twitter ដោយសារ«តែហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត»។
តុលាការកំពូលសហរដ្ឋអាមេរិក ក៏បានទាត់ចោលជាផ្លូវការផងដែរ នូវដីកាសម្រេចរបស់តុលាការឧទ្ធរណ៍អាមេរិក ដែលសម្រេចថា លោក Trump បានរំលោភវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញអាមេរិក នៅពេលដែលលោកប្លុកអ្នករិះគន់របស់លោកម្នាក់មិនឲ្យបញ្ចេញយោបល់។
ចៅក្រមតុលាការកំពូលលោក Clarence Thomas បានឯកភាពជាមួយសហការីរបស់លោកលើលទ្ធផលនៃរឿងក្តីនេះ ប៉ុន្តែលោកលើកឡើងថា ស្ថានភាពនៃក្តីក្តាំនេះ បានបង្កើតនូវសំណួរដែល«គួរឲ្យចាប់អារម្មណ៍និងមានសារៈសំខាន់ជាច្រើន»៕