ការកោះហៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យចូលខ្លួនក្នុងបន្ទប់សវនាការពាក់ព័ន្ធនឹងសំណុំរឿងសួនប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដាកាលពីឆ្នាំទៅ បានបង្កឲ្យមានការរិះគន់ថា តុលាការកំពូលមានកំហុសបច្ចេកទេសដែលពុំគួរឲ្យកើតមានក្នុងប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជា។
ដីការរបស់លោកឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានកោះហៅអ្នកតំណាងរាស្ត្រចំនួន៦រូប ដែលរួមមាន៖ លោកហូរ វ៉ាន់ លោកកែវ ភិរម្យ លោកឡុង រី លោកនុត រំដួល លោករៀល ខេមរិន្ទ និងលោកមែន សុឋាវរិន្ទឲ្យមកចូលខ្លួនបំភ្លឺតុលាការនៅថ្ងៃទី១៩ខាងខែមករាមុខនេះ។
ដីការរបស់តុលាការកំពូលបានចោទប្រកាន់អ្នកតំណាងរាស្ត្រទាំង៦រូប និង សកម្មជនគណបក្សមួយចំនួនផ្សេងទៀតពីបទ៖«ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។
បទល្មើសនេះត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចេញដីការឲ្យនៅក្រៅឃុំជាបណ្តោះសន្នកាលពីថ្ងៃទី២២ខែវិច្ឆិកាបន្ទាប់ពីមានការសម្របសម្រួលផ្នែកនយោបាយ ហើយតុលាការជាន់ទាបមួយនេះមិនទាន់បានបើកសវនាការពេញអង្គសេចក្តីនៅឡើយទេ។
បើពិនិត្យមើលបទចោទនៅក្នុងដីការរបស់តុលាការមានន័យថា អ្នកតំណាងរាស្ត្រទាំង៦រូបត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលបទល្មើសនេះត្រូវតែតុលាការស្នើសុំទៅស្ថាប័នរដ្ឋសភាដើម្បីព្យួរអភ័យឯកសិទ្ធិជាមុនសិនមុននឹងអ្នកតំណាងរាស្ត្រចូលខ្លួនទៅក្នុងបន្ទប់សវនាការ។
លោកចាន់ ចេន មេធាវីការពារក្តីឲ្យលោករៀល ខេមរិន្ទ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា តុលាការធ្វើខុសបច្ចេកទេសក្នុងការចេញដីការកោះអញ្ជើញកូនក្តីរបស់លោក។ លោកបានបញ្ជាក់ថា លោកបានសាកសួរមន្ត្រីតុលាការ ហើយមន្ត្រីតុលាការបានឆ្លើយថា តាមការណ៍ពិតតុលាការគ្រាន់តែកោះហៅអ្នកតំណាងរាស្ត្រទាំង៦រូបមកសាកសួរលើសំណុំរឿងបណ្តឹងសារទុក្ខទាមទារសម្ភារៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនករណីបទឧក្រិដ្ឋទេ។
លោកនិយាយថា៖ «ប្រហែលជាកំហុសបច្ចេកទេស ការខុសបច្ចេកទេសរបស់តុលាការកំពូលទេ ពីព្រោះតាមពិតអង្គហេតុ វាអត់មានអង្គហេតុណាមួយដែលទាក់ទងជំនុំជម្រះរឿងអង្គសេចក្តីពាក់ព័ន្ធនឹងរឿងថ្ងៃទី១៥ ពាក់ព័ន្ធនឹងហិង្សានៅស្ពាននាគទេ ពីព្រោះសាលាដំបូងរាជធានីភ្នំពេញមិនទាន់បានធ្វើការជំនុំជម្រះក្តីនៅឡើយ»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកឈួន ចាន់ថា ព្រះរាជអាជ្ញារងតុលាការកំពូល ដែលបានចុះហត្ថលេខាចេញដីការកោះអញ្ជើញអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះ តែមិនអាចទាក់ទងបានទេ។ ចំណែកលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏វីអូអេមិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល ដោយសារថ្ងៃពុធនេះជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការដើម្បីចូលរួមអបអរសារទរថ្ងៃទី៧ខែមករា។
លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា៖«រឿងនេះតំណាងរាស្ត្រអាចទៅបាន ក៏ប៉ុន្តែគ្រាន់តែថាអង្គសវនាការហ្នឹងមិនអាចឲ្យអ្នកតំណាងរាស្ត្រមកឈរនៅចំពោះមុខក្រចកសេះបានទេ»។
កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤មានការប៉ះទង្គិចដោយអំពើហិង្សាមួយរវាងកងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសួនប្រជាធិបតេយ្យ ក្នុងខណៈពេលដែលអ្នកតំណាងរាស្ត្រមួយក្រុម ដែលដឹកនាំដោយអ្នកស្រីមួយសុខ ហួរទាមទារឲ្យដោះលែងសួនប្រជាធិបតេយ្យ។
យ៉ាងតិចមានមនុស្សប្រមាណជិត៥០នាក់បានរងរបួសភាគច្រើនជាកងកម្លាំងសន្តិសុខ ដែលធ្លាប់វាយបង្ក្រាបមកលើក្រុមបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ។
តុលាការប្រទេសកម្ពុជាបានបន្តយកសំណុំរឿងសួនប្រជាធិបតេយ្យនេះមកចាត់ការប្រឆាំងនឹងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ បើទោះបីពេលនេះសមាជិកសភាខាងគណបក្សសង្គ្រោះជាតិបានចូលប្រជុំសភាដើម្បីបំពេញភាពស្របច្បាប់ដល់រដ្ឋាភិបាលអាណត្តិទី៥នេះយ៉ាងណាក៏ដោយ។
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះនឹងបើកសវនាការពេញអង្គសេចក្តីលើសំណុំរឿងសួនប្រជាធិបតេយ្យប្រឆាំងជំទាស់នឹងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប ក្នុងនោះមានលោកមាជ សុវណ្ណារ៉ាផងដែរ៕