អ្នកគាំទ្របក្សភ្លើងទៀនចង់ឃើញជ័យជម្នះក្នុងការបោះឆ្នោតដោយរំពឹងថាបញ្ហាក្នុងសហគមន៍ត្រូវបានដោះស្រាយ

អ្នកស្រី សន ភារម្យ សមាជិកចលនាស្រ្តីគណបក្សភ្លើងទៀនក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កំពុងបីកូនចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

កំពុង​អង្គុយ​បំបៅ​កូន​ក្នុង​ចំណោម​អ្នកចូលរួម​សមាជ​វិសាមញ្ញ​គណបក្ស​ភ្លើង​ទៀន​រាប់​ពាន់នាក់ អ្នកស្រី សន ភារម្យ ជាសមាជិក​ចលនាស្រ្តី​គណបក្ស​ភ្លើងទៀន​ក្នុងសង្កាត់​លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ស្រ្តី​វ័យ​ ៣៧ ​ឆ្នាំ​រូបនេះ ​បានបង្ហាញពីភាពជឿជាក់យ៉ាងមុតមាំថា គណបក្ស​ភ្លើងទៀន នឹង​ទទួល​ជោគជ័យ​នៅ​ក្នុង​ការបោះឆ្នោត​នា​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំជឿជាក់ ១០០% ពីព្រោះអី ខ្ញុំគាំទ្រគាត់តាំងពីដើមមករហូត។ ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ភូមិ គាត់ចង់បានដូចថាស្រូវអង្ករអីចឹង គឺសុំឱ្យស្រូវនោះឡើងថ្លៃ ដូច​ពួក​គាត់​ដែលបានសន្យា ដូច​គោលការណ៍របស់គាត់»។

អ្នកស្រី សន ភារម្យ បានបញ្ជាក់បន្ថែម​ថា អ្នកស្រី​បាន​ចាប់​ផ្តើម​ចូលរួម​សកម្មភាព​នយោបាយជាមួយគណបក្សភ្លើងទៀន ដោយសារ​បញ្ហាដែល​កើតក្នុង​មូលដ្ឋាន​របស់អ្នកស្រីមិន​ទទួល​បាន​ដំណោះស្រាយ ហើយ​ប្រជាជន​ដូចជា​អ្នកស្រី​រង​ការ​រើសអើង​ពីសំណាក់អាជ្ញាធរដែនដី។

«និយាយទៅ សង្ឃឹមថាមានការងារធ្វើនៅក្នុងប្រទេស និយាយ​ទៅ​ដូច​ថា ចង់​បានយុត្តិធម៌ សច្ចធម៌មកវិញចឹង ពីព្រោះ​អី​គេ​គាប​សង្កត់​យើង​ខ្លាំង​ណាស់​ និយាយ​ទៅ​គេ​ប្រកាន់​បក្ស​តែម្តង»។

អ្នកស្រី សន ភារម្យ គឺជាសកម្មជន​គណបក្សភ្លើងទៀន​ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់​ផ្សេងទៀត ដែល​លើកឡើង​ថា ​ការ​ចូលរួម​សកម្មភាព​នយោបាយជាមួយ​គណបក្ស​ភ្លើងទៀន គឺ​ដោយសារ​បញ្ហា​ក្នុង​សហគមន៍មិនមាន​ដំណោះស្រាយ។ ពួកគេ​ក៏រំពឹង​ថា គណបក្ស​ភ្លើងទៀន​នឹងអាច​ដោះស្រាយ​បញ្ហា ​ដែល​ពួកគេ​តែង​តែជួប​ប្រទះ​ក្នុង​សហគមន៍បានផងដែរ​។​

រីឯ អ្នកស្រី លឹម ស្រីម៉ុច អាយុ ៣៣ ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង និង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា ១០ ឆ្នាំ​កន្លង​មក​ហើយ។ ក៏ប៉ុន្តែពេលនេះ អ្នកស្រី​បាន​ប្តូរ​មក​គាំទ្រ​គណបក្ស​ភ្លើងទៀន​វិញ ដោយសារ​អ្នកស្រី​សង្ឃឹម​ថា គណបក្សនេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះការលំបាក។

អ្នកស្រី លឹម ស្រីម៉ុច បានឱ្យដឹងបន្ថែមថា ការផ្លាស់​ប្តូរ​ការគាំទ្រ​គណបក្ស​នេះ​ គឺ​ដើម្បីឱ្យមាន​ការរីក​ចម្រើន​ប្រសើរ​ជាង​មុន​លើ​ផ្នែក​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

អ្នកស្រីថ្លែងថា៖ «វាជាការផ្លាស់ប្តូរដើម្បីឱ្យវារីកចម្រើនតទៅមុខទៀតចឹង យើងមិនចង់ដដែលៗ ឬ​ក៏​វា​អាច​ហ្នឹង​អន់​ជាង​ហ្នឹង ឬក៏ការអភិវឌ្ឍតិចជាងហ្នឹងអីចឹង។ គ្រាន់តែ​យើង​ចង់​បាន​សន្តិភាព ភាពយុត្តិធម៌ ចង់ឱ្យរីកចម្រើន ចង់​ឱ្យ​បញ្ហា​ខ្លាំង​បំផុត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន គឺ​បញ្ហា​ដីធ្លី និង​បញ្ហា​ផល​ដំណាំ អ៊ីចឹងបានភាគច្រើន បាន​សុទ្ធ​តែ​អ្នក​ធ្វើ​ស្រែធ្វើចម្ការចូលរួមអ៊ីចឹង»។

អ្នកស្រី លឹម ស្រីម៉ុច អាជីវករក្នុងខេត្តកំពង់ឆ្នាំង ចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

លោក កង ដេត អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនស្រុកពារាំង ខេត្តព្រៃវែង ផ្តល់សម្ភាសន៍ដល់ VOA ក្នុងអំឡុងសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

សេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ បានរងផលប៉ះពាល់ខ្លាំង ដោយ​ធនាគារ​ពិភពលោក​បាន​រកឃើញថា អត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១៨%។ ប្រជាពលរដ្ឋ​កម្ពុជាភាគច្រើនប្រមាណ ៦៥% ប្រកបរបរកសិកម្ម ដែល​កំពុងជួប​បញ្ហា​ប្រឈម​ដោយសារ​តម្លៃទំនិញដូចជាប្រេងសាំង និងជីជាដើម បានឡើងថ្លៃ ខណៈអត្រា​អតិផរណា​ឡើង​ខ្ពស់​នៅ​ជុំវិញ​ពិភព​លោក ដោយសារ​សង្គ្រាម​ឈ្លានពានរបស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​ជំងឺ​រាត​ត្បាត​កូវីដ១៩។

ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ភ្លើងទៀន ​ដែលបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុង​ខេត្តសៀមរាប មានអ្នកចូលរួមប្រមាណជា ៧.០០០ នាក់ ដែល​ជា​ចំនួនលើសពីការកំណត់របស់បក្ស។ នេះបើយោងតាមការ​អះអាង​របស់​អ្នក​ដែល​ចូលរួម​សមាជ និង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​នេះ។

លោក កង ដេត អនុ​ប្រធានប្រតិបត្តិគណបក្ស​ភ្លើងទៀនប្រចាំស្រុកពារាំង ខេត្តព្រៃវែង បាន​គាំទ្រ​គណបក្ស​នេះ​តាំង​ពី​នៅ​ជាឈ្មោះ​ថា​ គណបក្ស​ជាតិ​ខ្មែរ​។ លោកបានអះអាងថា ​ប្រជាជន​នៅ​ក្នុង​ស្រុក​ពារាំង បាន​រៃ​លុយ​គ្នា​ដើម្បី​ឱ្យ​លោក​បានធ្វើ​ដំណើរ​មក​ចូលរួមសមាជវិសាមញ្ញ​នៅ​ខេត្ត​សៀម​រាប​នេះ។

លោកថ្លែងថា៖ «គណបក្ស​ភ្លើងទៀន​មានសភាព​ ហៅ​ថា​កក្រើក ហើយ​មកហ្នឹង​មកទាំង​ទឹក​ចិត្ត ថា គ្មាន​លុយ​ក៏​បង​ប្អូន​ជួយ​គ្នា​ដែរ។ មិនមាន​ថវិកា​អីច្រើន​ក៏​ប្រជាពលរដ្ឋ​ផ្តល់​ឱ្យ។ តិចតួចក្តីអីក្តី ធ្វើ​សោហ៊ុយ​មក»។​

បុរស​សម្បុរ​ខ្មៅ សក់​ល្បាយ​អាចម៍​ខ្លា​រូបនេះ​ បានថ្លែងប្រាប់វីអូអេបន្ថែម​ថា នៅ​តាមមូលដ្ឋាន សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀនតែង​រង​សម្ពាធ និង​ការ​រឹតត្បិត។ ​ប៉ុន្តែលោក​ថា លោក​មិន​បារម្ភ​អំពី​សម្ពាធ​ទាំងនេះ​នោះទេ។​

លោកថ្លែងថា៖ «មិនខ្លាចទេ ទោះបីថាស្លាប់ ក៏​សុខចិត្ត​ស្លាប់​ដែរ។ ឥត​ថា យើង​រស់​នៅ​វា​លំបាក​ទៅៗ វាអត់​មាន​ភាព​ទុក​ចិត្ត។​ កូនៗទៅ​ចំណាក​ស្រុក ស្រុកគេ ហើយ​បាន​កម្រៃ​តិចតួច​យក​មក​ចិញ្ចឹមគ្រួសារ​ រហូត​ដល់គេ​ធ្វើ​បាប​ ជាប់​គុកជាប់​ច្រវ៉ាក់នៅ​ស្រុក​គេ ដូចជាស្រុក​ថៃ​ស្រុក​អី។ អ៊ីចឹង​បាន​ថា អស់​សង្ឃឹម អស់​សេចក្តី​ទុក​ចិត្ត។ ​បានជា​ថា​មាន​តែគណបក្ស​ភ្លើងទៀន​ហ្នឹង​ទេ ​ដែល​អាច​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យ អាចយើង​រស់​បាន»។​

គណបក្សភ្លើងទៀន មានអាយុជាង ២៧ ឆ្នាំ ប៉ុន្តែ​គណបក្ស​នេះ​បាន​ផ្អាក​សកម្មភាពរបស់​ខ្លួន​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០១២ ដោយ​កាលនោះ​សកម្មជន​គណបក្ស​ភ្លើងទៀន បាន​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ ដោយបានបង្កើតជា​គណបក្ស​សង្គ្រោះជាតិ។

លោក សម រង្ស៊ី បាន​បង្កើត​គណបក្ស​ជាតិ​ខ្មែរ កាល​ពី​ឆ្នាំ​ ១៩៩៥ ប៉ុន្តែ​គណបក្ស​នេះបា​ន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ សម រង្ស៊ី កាល​ពី​ឆ្នាំ១៩៩៨ បន្ទាប់ពី​មាន​ការជំទាស់​មួយចំនួន។ ជាមួយ​នឹង​វិសោធនកម្ម​ដ៏​ចម្រូង​ចម្រាស​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កាល​ពី​ឆ្នាំ​ ២០១៧ គណបក្សនយោបាយមួយនេះ​ ក៏​បាន​ដូរ​ឈ្មោះ​ជា​ «គណ​បក្ស​ភ្លើង​ទៀន»​ វិញ រហូតមក​ទល់​សព្វ​ថ្ងៃ។

នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាល​ពី​ឆ្នាំ​ ១៩៩៨ គណ​បក្ស​ភ្លើងទៀន បាន​ទទួល​អាសនៈ​រដ្ឋ​សភា​ចំនួន​ ១៥​ ​ឆ្នាំ​ ២០០៣ ឈ្នះអាសនៈចំនួន​ ២៤ និង​ឆ្នាំ​២០០៨ បានអាសនៈចំនួន​ ២៦ ​មុន​ពេលគណបក្សនេះបាន​រួមគ្នា​ជាមួយ​គណ​បក្ស​សិទ្ធិ​មនុស្ស ​ហើយបានបង្កើតជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​ ២០១២។​ ប៉ុន្តែ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ គណបក្ស​សង្គ្រោះជាតិ​ក៏​ត្រូវ​បានរំលាយ​ ដោយ​រងការ​ចោទ​ថា ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

​សមាជ​វិសាមញ្ញ​គណបក្ស​ភ្លើងទៀន​ ដែលបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នេះ​ ត្រូវបានធ្វើ​ឡើង​ក្នុង​គោលបំណងកំណត់យុទ្ធសាស្រ្ត និង​គោល​នយោបាយ​របស់​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស។

សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

ក្នុង​គោលនយោបាយ​ចំនួន​ ៩ ​ចំណុច ​ដែល​ត្រូវបាន​អនុម័ត​ក្នុង​សមាជ​ ផ្តោត​លើ​វិស័យ​សេដ្ឋកិច្ច វិស័យ​អប់រំ និង​យុវជន វិស័យ​ការងារ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម ការការពារ​ទ្រព្យ​សម្បត្តិ​ជាតិ និង​បរិស្ថាន កិច្ចការពារ​ជាតិ និងការ​គ្រប់គ្រងប្រទេស ការ​លើកស្ទួយ​ស្រ្តី ការ​ប្រមូល​ថវិកាជាតិ និង​ការ​ចំណាយ។​

ក្នុង​សមាជ​នោះ ​ក៏​មានការអនុម័តសារនយោបាយ​អាទិភាព ​៥ ​ចំណុច ​ដែល​ត្រូវ​បានដកស្រង់​ចេញ​ពី​គោល​នយោបាយ​ ៩ ចំណុច​នោះ​ រួមមាន ពិនិត្យនិង​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ​រដ្ឋ​ឥតបង់​ប្រាក់។ មនុស្សចាស់អាយុ​ ៦៥ ​ឆ្នាំ​ឡើង​ ទទួល​បាន​ប្រាក់​ ២០ ម៉ឺនរៀល​រៀងរាល់ខែ កម្មករ​ប្រាក់​ខែ​ទាបបំផុត ​១ លាន ២ ​សែន​រៀល​ និង​មន្រ្តី​រាជការ​ទាបបំផុត​ ២ ​លាន​រៀល។​ កសិផល​ថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប។ ការអប់រំ​ល្អ បង្កើតការងារសម្រាប់​យុវជន​ ១ លាន​នាក់។​

លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រាប់ VOA ថា គណបក្ស​ភ្លើងទៀន​ នឹង​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន នៅ​ពេល​ដែល​គណបក្ស​នេះ​ឈ្នះ​ការបោះឆ្នោត ដើម្បី​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ។

លោកបានថ្លែងថា៖ «នៅពេលដែលគណបក្ស​ភ្លើងទៀន​បានទទួល​ជ័យ​ជម្នះ​នៅក្នុងការ​បោះឆ្នោតខាង​មុខនេះ​ គឺ​គណបក្ស​ភ្លើង​ទៀននឹង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន នាំ​នូវ​លទ្ធិ​ប្រជាធិបតេយ្យដូច​នៅក្នុង​គោលការណ៍​របស់​គណបក្ស​ភ្លើងទៀន​ ក៏​ដូច​នៅ​ក្នុង​សារ​ទាំង​ ៥ ​ចំណុច របស់​គណបក្ស​ភ្លើងទៀន គឺ​នាំយក​នូវ​លទ្ធិ​ប្រជាធិបតេយ្យពិត​ប្រាកដ​ជូន​ដល់ប្រទេស​កម្ពុជាយើង»។

លោករំពឹងថា រដ្ឋាភិបាល​នឹង​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​គណបក្ស​នយោបាយទាំងអស់ ចូលរួម​ក្នុងការ​បោះឆ្នោតថ្នាក់ជាតិ​ខាងមុខ​នេះ ​ដោយ​សេរី និងមិនមានការ​ដាក់សម្ពាធ។

លោកថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យគឺមាន​ន័យ​ទូលំទូលាយ គឺយើងមានសិទ្ធិ​ធ្វើ​នយោបាយ​ដូចៗ​គ្នា ហើយ​យើងមា​ន​សិទ្ធិ​ក្នុងការ​បញ្ចេញ​សារ​នយោបាយ​របស់​យើង មានការ​តិះតៀន​នូវ​កំហុស​របស់​រដ្ឋា​ភិបាល​ ដែលមានការ​ធ្វើ​ខុស​កន្លង​ផុត​ទៅ។ នេះគឺ​ជាលំហ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ហើយ​គណបក្ស​ភ្លើង​ទៀន​ក៏​សង្ឃឹម​ថា រាជរដ្ឋាភិបាលនឹង​បើក​លំហ​ប្រជាធិបតេយ្យឱ្យ​គណបក្ស​ទាំងអស់​ចូលរួមក្នុងការ​បោះឆ្នោត​ថ្ងៃទី​ ២៣ ​កក្កដា ប្រកប​ដោយ​សន្តិភាព​ មិនមានការ​ឈ្លោះ​ប្រកែក ​ចាប់ចង​គ្នា​នោះ​ឡើយ»។

ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ ​គណបក្ស​ភ្លើង​ទៀន​បាន​ប្រមូល​ផ្តុំសមាជិ​ក​ ហើយបាន​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពីខែ​មិថុនា ឆ្នាំ​ ២០២២ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​ ២.១៩៨។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អាសនៈចំនួន​ ៩.៣៧៦។ គណបក្ស​ភ្លើង​ទៀន​ទទួល​បានតំណែងមេឃុំ ៤ ជំទប់ទី​១​ បាន​ចំនួន​ ២៥ និង​ជំទប់ទី​ ២ ​បាន ១.៣៦០។​

ចាប់តាំងពី​គណបក្សភ្លើងទៀន​ចូលរួមក្នុងការបោះឆ្នោត​វិញ ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​បាន​រងការប្តឹងផ្តល់​ពីគណបក្ស​កាន់អំណាច​ជាបន្ត​បន្ទាប់។​

​កាលពីខែតុលា ឆ្នាំ​ ២០២៣ តុលាការ​សម្រេចឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​សុន ឆ័យ​ ​បង់​សំណង​ជំងឺ​ចិត្ត​ឱ្យគណបក្ស​កាន់​អំណាច ​ប្រមាណ​ជា​ ៧៥ ​ម៉ឺន​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹងបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ទាក់​ទិន​ការអត្ថា​ធិប្បាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០២២។​

កាលពីពាក់កណ្តាលខែមករា ឆ្នាំ​ ២០២៣ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្សភ្លើង​ទៀន ពី​បទ​ល្មើសដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ចេញសែកអត់​លុយ។

ហើយ​កាលពី​ខែមករា ឆ្នាំ​ ២០២៣ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឱ្យមេធាវីបក្ស​កាន់​អំណាច​ពិនិត្យមើល​សេចក្តីថ្លែង​ការណ៍​របស់​គណបក្សភ្លើង​ទៀន​ ដែល​ចោទ​ថា​ គណ​បក្ស​កាន់​អំណាច​គាប​សង្កត់​គូ​ប្រជែង​។​ លោក​ ហ៊ុន សែន​ អំពាវ​នាវ​ឲ្យ​គណបក្ស​ប្រឆាំងមួយ​នេះសុំ​ទោស​ បើ​មិន​ចង់​ប្រឈម​នឹង​ចំណាត់​ការ​ច្បាប់​។

លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាបបានបញ្ចប់ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វអូអេ)

ចំណែក​លោក គង់ គាំ​ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​បរទេស និង​ជាអតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន ត្រូវបាន​លោក​ ហ៊ុន សែន​ ចោទ​ថា​ បាន​និយាយ​បរិហារ​លើគណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធនឹង​ការ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​លោក ដោយ​រិះគន់​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​។ ក្រោយបន្តិច លោក ​ហ៊ុន សែន បាន​ព្រមាន​ប្តឹង​លោក​ គង់ គាំ​ ប្រសិន​បើ​លោក​មិន​ព្រម​ប្រគល់​ដីទំហំ​ ៥.២៩០​ ម៉ែត្រ​ការ៉េ ​ស្ថិត​ក្នុង​ភូមិ​ ៥ ​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន ឱ្យទៅ​ក្រសួង​ការ​បរទេស​វិញ​ទេ​នោះ។

ក្រោយ​មក​ គណ​បក្ស​ប្រជាជន​កម្ពុជាបាន​សម្រេច​ដក​ពាក្យ​បណ្តឹង​លើ​លោក គង់ គាំ ​ក្រោយលោក​បាន​ប្រកាស​សុំ​ទោ​ស​ជា​សាធារណៈ ​និង​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន។

សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ លោក​ ឯម សុវណ្ណារ៉ា​ ​លើកឡើង​ថា គោល​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​សុទ្ធ​តែជាគោលនយោបាយ​ដែល​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន ប៉ុន្តែ​លោក​ថា គណបក្ស​ក៏​គួរ​ផ្តោត​លើ​គោលនយោបាយ​ជន​អន្តោប្រវេសន៍ និងព្រំ​ដែន​ផង​ដែរ។ ចំណែក​ការ​ជ្រើសតាំង​អនុប្រធាន​បន្ថែម ក៏​អាច​ជួយ​ឱ្យ​ការដឹកនាំ​គណបក្ស​បាន​ប្រសើរ​ផង​ដែរ។

លោក ឯម សុវណ្ណារ៉ា បានលើកឡើងបន្ថែម​ថា គណបក្ស​ភ្លើងទៀន​គួរ​តែ​ប្រមូល​ធនធាន​បន្ថែម​ដើម្បី​មាន​លទ្ធភាពក្នុងការ​ប្រកួត​ប្រជែងជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោកថ្លែងថា៖ «គណបក្ស​ភ្លើងទៀន​ទាមទារ​ការ​ប្រមូល​ធនធាន​បញ្ញាជន ឬក៏​ធនធាន​ផ្សេងៗ​ចូលរួម​ឱ្យ​បាន​ច្រើន ពីព្រោះ​ធនធាន​បញ្ញា​ជន​ក្នុងគណ​បក្សហាក់ ដូចជានៅ​តិចតួច​ស្តួច​ស្តើង ប្រើប្រាស់​ខ្វះ​នូវ​ទស្សនៈ​វិស័យច្រើន​ណាស់ នៅមានភាព​ភ័យ​ខ្លាច មិន​ទាន់មានការចូលរួម​ច្រើនទេ។​ នេះជា​កិច្ច​ការ​មួយ​ដែល​គណបក្ស​ត្រូវ​តែធ្វើ​ឱ្យ​បាន។ ហើយ​ត្រូវ​ពង្រួម​បក្ស​តូចៗ​ផ្សេងហ្នឹង​ ឱ្យចូលរួមបានច្រើន​ទើបមាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្សប្រជាជន​បាន»។

បើតាមការលើកឡើងរបស់​លោក ឯម សុវណ្ណារ៉ា ការ​បោះឆ្នោត​ដែល​អាច​បម្រើ​ប្រយោជន៍ប្រជាពលរដ្ឋ​បាន លុះត្រា​តែ​ការ​បោះឆ្នោត​នោះគោរព​ទៅតាម​ស្មារតី និង​គោលការណ៍​ច្បាប់ ដែល​មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​ទាំង​ពលរដ្ឋ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​មានការ​ជឿជាក់គ្នា។

លោកថ្លែងថា៖ «គណៈកម្មការធិការ​ជាតិ​រៀបចំការ​បោះឆ្នោតនោះជាគណៈកម្មាធិការ​ជាតិ ដែលអព្យាក្រឹត្យនៅ​ឆ្ងាយ​ពីគណបក្ស​នយោបាយ ឬក៏ជាសមាសភាព​គណបក្ស​នយោបាយ? បើ​ជាសមាស​ភាព​គណបក្សនយោបាយ ​មិនអាច​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ប្រជាពលរដ្ឋ​តាមគោលការណ៍​នៃ​ការបោះ​ឆ្នោត​ដោយសេរី និង​យុត្តិធម៌​បានទេ អ៊ីចឹង​មិនអាច​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋបានទេ»។​

អ្នកស្រី សន ភារម្យ ​កំពុង​បី​កូន​ប្រុស​អាយុ​ប្រាំបួន​ខែ ​ដែល​កំពុង​យំ​ងង៉ក់​បន្តិចផង បាន​បញ្ជាក់ថា ការចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ជា​យូរ​មក​ហើយនោះ ទោះបីជា​មិន​ទាន់​បានផលអ្វីជាដុំកំភួននៅឡើយ ក៏ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ខំប្រឹង​បន្តទៀត​ដើម្បី​ក្មេង​ជំនាន់​ក្រោយ។

អ្នកស្រីថ្លែងថា៖ «និយាយទៅ ដូចជាអត់ទាន់បានទទួលអី តែនៅតែខំប្រឹងបន្តទៀត ដើម្បីជោគជ័យ ហើយ​និង​ខំ​ដើម្បី​កូន​តូចៗ ដល់​គ្នា​ធំ​ឡើង​ឱ្យ​កូន​ក្មេង​តូចៗ​ហ្នឹង​រស់នៅ​បាន​សុខ​ស្រួល​អ៊ីចឹង​ទៅ​»៕