គណបក្សភ្លើងទៀនបានសម្រេចជ្រើសតាំងអនុប្រធានបីរូបបន្ថែម ហើយប្រកាសកំណត់យកសារនយោបាយចំនួន ៥ ចំណុច សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ ២០២៣។
ការសម្រេចបែបនេះត្រូវបានប្រកាសឡើងនៅក្នុងសមាជវិសាមញ្ញ ដែលមានអ្នកចូលរួមប្រមាណ ៧.០០០ នាក់ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គណបក្សភ្លើងទៀនបានរៀបចំសមាជវិសាមញ្ញមួយនេះ ដើម្បីកំណត់យុទ្ធសាស្រ្ត និងគោលនយោបាយរបស់ខ្លួន សម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។
អនុប្រធានចំនួនបីរូបដែលត្រូវបានសម្រេចតែងតាំងជាផ្លូវការ រួមមានលោក សុន ឆ័យ អ្នកនយោបាយជើងចាស់ លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោក សុក ហាច អតីតទីប្រឹក្សាធនាគារពិភពលោកនិងស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។ ជាសរុប អនុប្រធានគណបក្សភ្លើងទៀនមានចំនួនប្រាំរូប។ ក្នុងសមាជនោះ ក៏មានការប្រកាសអំពីគោលនយោបាយសំខាន់ៗចំនួន ៩ ចំណុច និងសារនយោបាយចំនួន ៥ ចំណុចរបស់គណបក្សនេះផងដែរ។
សារនយោបាយអាទិភាព ៥ ចំណុចដែលដកស្រង់ចេញពីគោលនយោបាយទាំង ៩ ចំណុច រួមមាន ពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋឥតបង់ប្រាក់។ មនុស្សចាស់អាយុ ៦៥ ឆ្នាំឡើងទទួលបានប្រាក់ ២០ ម៉ឺនរៀលរៀងរាល់ខែ កម្មករប្រាក់ខែទាបបំផុត ១ លាន ២ សែនរៀល និងមន្រ្តីរាជការទាបបំផុត ២ លានរៀល។ កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប។ ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១ លាននាក់។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់ VOA ក្រោយបញ្ចប់សមាជថា សមាជវិសាមញ្ញនេះ ជាការបង្ហាញអំពីកម្លាំងរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។
លោកបានថ្លែងថា៖ «យើងសង្ឃឹមថា គណបក្សភ្លើងទៀននឹងទទួលជ័យជម្នះ។ គណបក្សភ្លើងទៀននឹងមានការគាំទ្រអំពីប្រជាពលរដ្ឋទូទាំង ២៥ ខេត្តក្រុង ហើយយើងនឹងទទួលជ័យជម្នះនាពេលខាងមុខនេះ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ ដោយមានការមើលឃើញថា គណបក្សភ្លើងទៀននឹងក្លាយជាគណបក្សឈរលើលំដាប់ទី ១ ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន ត្រូវបានធ្វើឡើង ខណៈដែលមន្រ្តីជាន់ខ្ពស់គណបក្សនេះរងការប្តឹងផ្តល់ពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបន្តបន្ទាប់៕