ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​បាគីស្ថាន​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់

មេធាវី​បាគីស្ថាន​ម្នាក់​ស្រែក​ពាក្យ​ស្លោក​​ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​​ថ្កោល​ទោស​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្រុង Quetta និង​ក្រុង Lahore ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់។

កាល​ពី​ថ្ងៃ​ចន្ទ ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាត​ខ្លាំង​មួយ​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង ​Quetta​ នា​ប៉ែក​និរតី​នៃ​ប្រទេស​បាគីស្ថានបាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៦០​នាក់​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​១៦០​នាក់​ទៀត​ត្រូវ​របួស​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​ពួកអ្នក​ឃើញ​ហេតុការណ៍ផ្ទាល់​និង​ពួក​ប៉ូលិស។​

ពួក​មន្ត្រី​បម្រើ​ការ​មន្ទីរ​ពេទ្យ​បាន​និយាយ​ថា​ មនុស្ស​ជាង​២៤​នាក់​ក្នុង​បណ្តា​ក្រុម​មនុស្ស​ដែល​រង​របួស​កំពុង​ឋិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ ហើយ​មានការ​ព្រួយ​បារម្ភ​ថា ​ចំនួន​មនុស្ស​ស្លាប់​អាច​កើន​ឡើង​ច្រើន​ជាង​មុន។ ជន​រងគ្រោះ​ភាគ​ច្រើន​ជា​មេធាវី។

ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​មាន​ឡើងភ្លាមៗ​ក្រោយ​ពេល​ពួក​មេធាវី​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ស៊ីវិល​នៃ​ក្រុង​ Quetta ​ដើម្បី​តវ៉ា​និង​កាន់​មរណទុក្ខ​ដល់​ការ​សម្លាប់​ប្រធាន​នៃ​សមាគម​មេធាវី​នៅ​ក្នុង​ខេត្ត​របស់​ពួក​គេ​ដែល​បាន​បាញ់​ប្រហារ​កាល​ពី​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ​ ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ដែល​គេ​មិន​ដឹង​អត្តសញ្ញាណ។​

ពួក​អ្នកកា​សែត​ និង​ពួក​អ្នក​ថត​ទូរទស្សន៍​ដែល​ទៅ​យកព័ត៌មាន​អំពី​ការ​ប្រជុំ​តវ៉ា​ របស់​ក្រុម​មេធាវី​នោះ​ ក៏​ឋិត​នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​បាន​បាត់​បង់ជីវិត​និង​ត្រូវ​របួស​ដែរ។

ពួក​ Jamaat -ul-Ahrar ​ហៅ​កាត់​ថា​ JuA ​ដែល​ជា​ពួក​បំបែក​ខ្លួន​ចេញ​ពី​ក្រុម Taliban Pakistan ​ជ្រុល​និយម​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​ធ្វើ​ឃាត​ប្រធាន​លើ​សមាគមមេធាវី​នេះ​ និង​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ពេល​បន្ទាប់​មក​នេះ។​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ពួក​ជន​ជ្រុល​និយម​នេះ​បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ដោយ​រំពឹង​ថា ​មានមេធាវី​និងមន្ត្រី​រដ្ឋាភិបាល​ច្រើន​នាក់​ឋិត​នៅ​ទី​នោះ។

គ្មាន​ការ​បញ្ជាក់​ដោយ​ឯករាជ្យ​ថា​ ការ​អះអាង​នេះ​ជាការ​ពិត​ឬមិន​ពិត​ទេ។ពួក​ JuA ​បាន​អះអាង​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​មួយ​នៅ​ពេល​បុណ្យ​ Easter​ នៃ​គ្រឹស្តសាសនា​នៅ​ក្នុង​ក្រុង​ Lahore ​ដែល​ជា​ក្រុង​ធំ​ទី​ពីរ​នៃ​ប្រទេស ​Pakistan ​កាល​ពី​ខែ​មីនា​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៧០នាក់​ស្លាប់។កាល​ពី​សប្តាហ៍​មុន​ស.រ.អា.​បាន​ចាត់​ទុកពួក​ JuA ​ថា​ជា​អង្គការ​ភេរវជន​សាកល​មួយ៕