បេក្ខជនខ្មែរ-អាមេរិកាំងប្តេជ្ញាកសាងក្រុមការងារចម្រុះកាន់តែខ្លាំងជាងមុនក្នុងការបោះឆ្នោតជុំផ្តាច់ព្រាត់ សម្រាប់តំណែងក្រុមប្រឹក្សាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា បន្ទាប់ពីបាននាំមុខចៅសង្កាត់ដែលកំពុងកាន់តំណែងយ៉ាងច្រើន។
លទ្ធផលឆ្នោតបឋមដើម្បីតែងតាំងបេក្ខជនចៅសង្កាត់លេខ៦ ក្នុងទីក្រុងឡុងប៊ិច គឺគ្មានបេក្ខជនណាម្នាក់ទទួលបានសន្លឹកឆ្នោតលើសពី ៥០ភាគរយ ដែលចាំបាច់តម្រូវឱ្យបេក្ខជនដែលជាប់លំដាប់ទី១និងទី២ ត្រូវប្រកួតផ្តាច់ព្រាត់នៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំនេះ។
លទ្ធផលឆ្នោតបណ្តោះអាសន្នចុងក្រោយរបស់គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋកាលីហ្វញ៉ាបង្ហាញថា អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) ដែលជាខ្មែរ-អាមេរិកាំងទទួលបានសំឡេងគំាទ្រចំនួន១.៦២៩ ដែលត្រូវជា ៤៤ភាគរយ។ លោក ឌី អែនឌ្រូ (Dee Andrew) ដែលជាចៅសង្កាត់កំពុងកាន់តំណែងទទួលបាន ១.១០៣សំឡេង ដែលត្រូវជា ៣០ភាគរយ។ រីឯបេក្ខជនជាប់លេខបី គឺអ្នកស្រីអាណា អាស ទទួលបាន ៦៧១សំឡេង ដែលត្រូវជា ១៨ភាគរយ។
បេក្ខជនបីនាក់ផ្សេងទៀតទទួលបានសំឡេងតិចតួចប៉ុណ្ណោះ។
អ្នកស្រី ស៊ូលី សារ៉ូ បានបញ្ជាក់ប្រាប់វីអូអេថា អ្នកស្រីនឹងខិតខំកសាងក្រុមការងារចម្រុះកាន់តែធំជាងមុន៖ «ឥឡូវហ្នឹងមានតែយើងខិតខំទៀត រៀបចំរៃអង្គាសថវិកាហើយជួបជុំជាមួយអ្នកគាំទ្រ។ ខ្ញុំសរសេរនៅតាមហ្វេសប៊ុកថា ខ្ញុំចង់ធ្វើការជាមួយនឹងអ្នកទាំងអស់ ទាំងអ្នកបោះឆ្នោតឱ្យខ្ញុំនិងអ្នកបោះឆ្នោតឱ្យអ្នកដទៃ»។
អ្នកស្រី ស៊ូលី សារ៉ូ ដែលមានអាយុ ៣៩ឆ្នាំ ទើបតែឈរឈ្មោះប្រកួតប្រជែងជាលើកដំបូងនៅក្នុងឆាកនយោបាយថ្នាក់មូលដ្ឋាន។ ប៉ុន្តែអ្នកសី្រ បានធ្វើការងារសហគមន៍ជាច្រើនដើម្បីលើកកម្ពស់សហគមន៍ទីក្រុងឡុងប៊ិច ក្នុងនោះជានាយិកាប្រតិបត្តិនៃសមាគមសកម្មភាពយុវនារីខ្មែរ ដែលជាអង្គការមួយជួយបង្ហាត់បង្រៀនជំនាញជាអ្នកដឹកនាំដល់យុវជននៅក្នុងទីក្រុងឡុងប៊ិច ប្រធានគណៈកម្មការទទួលបណ្តឹងរបស់ពលរដ្ឋប៉ូលិស ហើយក៏ជាតំណាងមូលដ្ឋាននៅក្នុងទីក្រុងឡុងប៊ិចនៃការិយាល័យលោករីកាដូ ឡារ៉ា ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វញ៉ា។
បេក្ខជនដែលជាប់លំដាប់លេខពីរគឺលោក ឌី អែនឌ្រូ។ លោកបានកាន់តំណែងចៅសង្កាត់លេខ៦តាំងពីឆ្នាំ២០០៧។
លោកឌី អែនឌ្រូ បានសរសេរសារតាមហ្វេសប៊ុកនៅថ្ងៃអង្គារសប្តាហ៍មុន ដោយថ្លែងអំណរគុណអ្នកបោះឆ្នោតដែលបានជួយនិងជំរុញទឹកចិត្តរបស់លោក។
លោកបានបន្ថែមថា៖ «ការប្រកួតប្រជែងនេះគឺអំពីអ្នកទាំងអស់គ្នានិងធ្វើឱ្យអ្នកទាំងអស់គ្នាទទួលបានតំណាងដ៏ល្អបំផុតតាម ដែលអាចធ្វើបានសម្រាប់សង្កាត់យើងដែលរួមបញ្ចូលមនុស្សគ្រប់គ្នានិងគិតឆ្ពោះទៅមុខ»។
ប៉ុន្តែ ការបោះឆ្នោតនេះហាក់មានភាពល្អក់កករ ដោយសារតែមួយថ្ងៃមុនការបោះឆ្នោតលោក ឌី អែនឌ្រូ បានបង្ហោះសារតាមហ្វេសប៊ុកដែលចោទប្រកាន់ថា មានការបំភិតបំភ័យអ្នកបោះឆ្នោត។ នៅក្នុងសារនោះលោក ឌី អែនឌ្រូ បានអះអាងថា មានអតីតអ្នកស្ម័គ្រចិត្តជួយយុទ្ធនាការអ្នកស្រី ស៊ូលី សារ៉ូ មួយរូបដែលងាកមកគាំទ្រលោកវិញបានអះអាងពីការប្រើប្រាស់ពាក្យពេចន៍ដែលមានលក្ខណៈរើងអើងជាតិសាសន៍ថា បើអ្នកណាមិនបោះឆ្នោតជូនអ្នកស្រី ស៊ូលី ទេ គឺមិនមែនជាខ្មែរទេ។
លោក ឌី អែនឌ្រូ ដែលជាជនជាតិអាមេរិកាំងស្បែកខ្មៅ បានសរសេរបន្ថែមថា លោកមានការក្រៀមក្រំចិត្តដោយបានឮដូច្នេះ។ លោកចៅសង្កាត់អះអាងថា លោកបានធ្វើយុទ្ធនាការដោយត្រឹមត្រូវហើយទទូចឱ្យពលរដ្ឋបោះឆ្នោតដោយសុច្ចរិត។
លោកឌី អែនឌ្រូ មិនទាន់ឆ្លើយតបនៅឡើយទេ នៅពេលដែលវីអូអេទាក់ទងសួរបន្ថែមតាំងពីថ្ងៃពុធសប្តាហ៍មុន។
អ្នកស្រី ស៊ូលី សារ៉ូ បានបដិសេធថាមិនមានការរើសអើងជាតិសាសន៍ទេ ហើយថាសារនយោបាយរបស់អ្នកស្រីគឺផ្តោតលើចំណុចវិជ្ជមាន៖ «នៅក្នុងយុទ្ធនាការខ្ញុំមិនគិតថាដោយសារតែខ្ញុំជាខ្មែរទេដែលត្រូវបោះឆ្នោតឱ្យខ្ញុំ។ ខ្ញុំប្រាប់ពួកគាំទ្រខ្ញុំថាគាំទ្រខ្ញុំមកពីខ្ញុំចេះដឹង មានបទពិសោធធ្វើការនៅទីក្រុងហើយ។ យុទ្ធនាការខ្ញុំក៏មិនមែនសំដៅលើខ្មែរទេគឺខ្ញុំក៏មានអ្នកស្ម័គ្រចិត្តដែលនិយាយជាមួយនឹងសហគមន៍អាមេរិកឡាទីននិងអាមេរិកាំងសដែរ»។
សារឃោសនារបស់អ្នកស្រី ស៊ូលី សារ៉ូ ឈរលើការស្វែងរកដំណោះស្រាយបញ្ហាប្រឈមលើការអត់ការងារធ្វើ សុខាភិបាល សុវត្ថិភាព ឧក្រិដ្ឋកម្ម ជនគ្មានផ្ទះសម្បែង និងការផ្តល់ផ្ទះសម្បែង។ ទន្ទឹមនឹងបញ្ហារួមដែលសង្កាត់ទាំងមូលប្រឈម បេក្ខជនខ្មែរ-អាមេរិកាំងរូបនេះមើលឃើញថា កន្លងមកសហគមន៍ខ្មែរនៅជួបការលំបាកខ្លះក្នុងការស្វែងរកសេវានានាពីរដ្ឋ ដោយសារតែមិនមានតំណាងនៅថ្នាក់ក្រុង៕