ស្រ្តីនៅក្នុងប្រទេសស៊ូដង់ជាផ្នែកដ៏ធំមួយនៃបដិវត្តន៍ដែលបានជួយបញ្ចប់ការគ្រប់គ្រងតាមបែបអត្តធិបតេយ្យអស់រយៈពេល៣ទសវត្សរ៍ដោយអតីតប្រធានាធិបតីស៊ូដង់លោក Omar al-Bashir។
ការជំរុញរបស់ពួកគេសម្រាប់អន្តរកាលទៅកាន់រដ្ឋាភិបាលស៊ីវិលមួយបានត្រូវបញ្ឈប់នៅពេលដែលសង្គ្រាមបានផ្ទុះឡើងកាលពី៧ខែមុនរវាងកងទ័ពស៊ូដង់និងកងឯកភាពប្រតិព័ទ្ធ (Rapid Support Forces)។ មនុស្សរាប់ពាន់នាក់បានស្លាប់ មនុស្សរាប់លាននាក់គ្មានទីកន្លែងរស់នៅ ហើយមិនមានសញ្ញាបញ្ចប់។
អ្នកស្រី Hala Al-Karib នាយិកាប្រចាំតំបន់នៃអង្គការ SIHAបានថ្លែងថា៖
«ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក សំឡេងជនស៊ីវិលនិងស្ត្រីបានត្រូវគេបំផ្លាញទាំងស្រុង។ យើងមិនមានលម្ហដើម្បីប្រាប់រឿងរ៉ាវរបស់យើង ដើម្បីនិយាយអំពីការឈឺចាប់របស់យើងទេ»។
អ្នកស្រី Hala Al-Karib ធ្វើការជាមួយកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រសម្រាប់ស្ត្រីនៅក្នុងតំបន់រាងស្នែងក្របី(Horn of Africa)នៃទ្វីបអាហ្វ្រិក។
អ្នកស្រីបាននិយាយថាអង្គការរបស់អ្នកស្រីបានបើកជំនួបកំពូលរយៈពេល២ថ្ងៃនៅក្រុងណៃរ៉ូប៊ីពីព្រោះតែ ជំនួបកំពូលនេះជាការសំខាន់ដើម្បីនាំស្ត្រីស៊ូដង់និងក្រុមអង្គការសង្គមស៊ីវិលមកជួបគ្នា។
អ្នកស្រី Hala Al-Karib ថ្លែងថា៖
«យើងមានអ្នកចូលរួមដែលបានមកពីតំបន់ជម្លោះនានាហើយបានទ្រាំរស់នៅនៅក្រោមការបាញ់ប្រហារហើយត្រូវរងគ្រប់អំពើហិង្សាទាំងអស់ក្នុងរយៈពេល៧ខែកន្លងមកនេះ។ វាជាការសំខាន់ដើម្បីស្តាប់រឿងរ៉ាវរបស់ពួកគេ ស្តាប់បទពិសោធន៍របស់ពួកគេនិងស្តាប់ជំហរនិងទស្សនៈរបស់ពួកគេ»។
អ្នកចូលរួមខ្លះបានចំណាយពេលពី៣ទៅ១០ថ្ងៃធ្វើដំណើរដើម្បីឱ្យបានទៅដល់ទីក្រុងណៃរ៉ូប៊ី រួមមានអ្នកស្រី Nidal Usman Mosaដែលមើលការខុសត្រូវអង្គការមូលដ្ឋាន South Khartoum Kandakat ផង។
អ្នកស្រីបានថ្លែងថា៖
«យើងបានប្រឈមឧបសគ្គជាច្រើនដូចជា៖ ការគ្មានទីកន្លែងរស់នៅ ជនភៀសខ្លួន ការចាប់រំលោភនិងអំពើហិង្សា។ យើងបានបាត់បង់ការងាររបស់យើង។ កូនរបស់យើងមិនបានទទួលការសិក្សាអប់រំ ហើយយើងបានបាត់បង់សំឡេងរបស់យើងនៅក្នុងសង្គ្រាមនេះ»។
អ្នកស្រី Alaweya Baher Eldin ដែលជាអតីតបុគ្គលិកសង្គម ហើយឥឡូវនេះជាជនភៀសខ្លួននៅក្នុងប្រទេសឆាដដែលជាប្រទេសជិតខាងបាន ត្រូវចាកចេញពីផ្ទះសម្បែងរបស់អ្នកស្រីនៅទីក្រុង El Geneina ក្នុងតំបន់ Darfur ភាគខាងលិចជាទីកន្លែងដែលមនុស្សប្រហែល៧០០នាក់ត្រូវបានរាយការណ៍ថាបានត្រូវគេសម្លាប់នៅដើមខែនេះបន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ (SAF) និងកងឯកភាពប្រតិព័ទ្ធ(RSF)។ នេះបើតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ។
អ្នកស្រី Alaweya Baher Eldin ជនភៀសខ្លួនស៊ូដង់នៅក្នុងប្រទេសឆាដថ្លែងថា៖
«វាពិបាកណាស់។ ស្ថានភាពនៅទីនោះមានការលំបាកណាស់សម្រាប់ស្ត្រី។ ជឿខ្ញុំចុះ»។
ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់បានធ្វើឱ្យមានការលំបាកទៅដល់តំបន់មួយចំនួន។ នេះបើតាមអ្នកស្រី Nada Fadulដែលធ្វើការជាមួយអង្គការការឆ្លើយតបការអភិវឌ្ឍប្រកបដោយនិរន្តរភាពឬ SUDRO ។ អ្នកស្រីមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក។
អ្នកស្រី Fadul និយាយថាវាជាការចាំបាច់ដែលស្ត្រីរួបរួមគ្នាឆ្ពោះទៅកាន់សន្តិភាពនិងត្រូវគាំទ្រសន្តិភាពនោះ ដើម្បីកុំឲ្យស្ថានការណ៍ជាក់ស្តែងនៅកន្លែងនោះកើតឡើងម្តងទៀត។
អ្នកស្រីនិយាយយ៉ាងដូច្នេះថា៖
«យើងកំពុងពិភាក្សាគ្នាអំពីមនុស្សមានជំងឺទឹកនោមផ្អែមដែលមិនអាចទទួលបានថ្នាំចាក់ Insulin ដើម្បីព្យាបាលជំងឺទឹកនោមផ្អែមរបស់ខ្លួន។ យើងកំពុងពិភាក្សាអំពីក្មេងៗដែលមានជំងឺគ្រុនចាញ់ដែលមិនអាចទទួលបានថ្នាំព្យាបាលជំងឺគ្រុនចាញ់។ យើងកំពុងពិភាក្សាអំពីស្ត្រីដែលមិនអាចទទួលបានផលិតផលអនាម័យសាមញ្ញៗសម្រាប់ការធ្លាក់រដូវដើម្បីឲ្យពួកគេអាចឆ្លងកាត់បញ្ហានេះប្រកបដោយសេចក្តីថ្លៃថ្នូរ»។
អ្នកដទៃទៀតដែលបានចូលរួមក្នុងសន្និសីទនោះជាការបង្ហាញការគាំទ្ររួមមានភារធារីហុល្លង់ដ៏ប្រចាំប្រទេសស៊ូដង់លោក Wierish Ramsoekhដែលឥឡូវនេះកំពុងរស់នៅនៅក្នុងរដ្ឋធានីណៃរ៉ូប៊ីដែលបាននិយាយថាបញ្ហាប្រឈមសម្រាប់ស្ត្រីទាំងអស់នោះ គឺការអភិវឌ្ឍន៍យុទ្ធសាស្ត្រនយោបាយដើម្បីឱ្យទទួលបានអាសនៈមួយនៅឯតុចរចា។ លោកបានថ្លែងថា៖
«មានឧបសគ្គដ៏ខ្លាំងមួយសម្រាប់ស្ត្រីដែលត្រូវជម្នះនោះគឺ មិនត្រឹមតែការរៀបចំជាក់លាក់ប៉ុណ្ណោះទេ តែទស្សនៈរបស់ពួកគេអំពីអ្វីដែលពួកគេចង់បានសម្រាប់ស្ត្រីនៅក្នុងប្រទេសស៊ូដង់ ក៏ត្រូវតែឱ្យគេឮហើយខ្ញុំចូលចិត្តស្មារតីនៅព្រឹកនេះដែលសន្និសីទនេះបាននិយាយ នោះគឺលោកអ្នកមិនចង់រង់ចាំរហូតទាល់គេអញ្ជើញឱ្យចូលរួមនោះទេ លោកអ្នកត្រូវតែទៅយកវា»។
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន