ស្ត្រី​នៅតែ​តស៊ូ​ដើម្បី​ឲ្យ​មាន​តំណាង​របស់​ខ្លួន​ច្រើន​នៅ​ក្នុង​ប្រទេស​ស៊ូដង់

បាតុករ​ស្រ្តីជនជាតិ​ស៊ូដង់​អបអរ​នៅ​ក្នុង​ទីក្រុង​ខាទុំកាលទី​០៤ ឆ្នាំ២០១៩​បន្ទាប់​ពី​អ្នក​ដឹក​នាំកងទ័ពនិង​មេដឹកនាំ​បាតុកម្ម​ចុះ​ហត្ថាលេខា​លើ​កិច្ច​ព្រមព្រៀងចែក​រំលែកអំណាច។

ស្ត្រី​មួយ​ចំនួន​មាន​ចម្ងល់​ថា​តើ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ និង​សហជីព​ការងារ​ផ្សេង​ទៀត​កំពុង​ប្រឹងប្រែង​ដើម្បី​ផល​ប្រយោជន៍​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្ត្រី​ឬ​ក៏​យ៉ាង​ណា​។

នៅ​ក្នុង​ប្រទេស​ស៊ូដង់ ស្ត្រី​ដែល​ធ្វើ​ការ​មាន​ចំនួន​ច្រើន។ ស្ត្រី​ទាំង​នោះ​ក៏​សកម្ម​នៅ​ក្នុង​ការ​តវ៉ា​ជា​សាធារណៈ​នានា​ផង​ដែរ ដោយ​គេ​ឃើញ​ថា ស្ត្រី​មាន​ចំនួន​ជាង​ពាក់​កណ្ដាល​ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​ចង់​បាន​តំណាង​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​អន្តរកាល​ថ្មី​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ប៉ុន្តែ ស្ត្រី​ជា​ច្រើន​ដូចជា​អ្នកស្រី Nahid Bustami ដែល​ជា​អ្នក​ចេញ​មុខ​តវ៉ា​នៅ​ក្នុង​ការ​ទម្លាក់​លោក​ប្រធានាធិបតី Omar al Bashir ដែល​កាន់​អំណាច​យូរ ចេញ​ពី​តំណែង​ជា​ដើម បាន​បញ្ជាក់​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ថ្មី​នឹង​មិន​ខ្វាយខ្វល់​ខ្លាំង​ចំពោះ​សិទ្ធិ​របស់​ស្ត្រី។

អ្នកស្រី Bustami និយាយ​ថា ទោះបីជា​មាន​ស្ត្រី​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​នេះ​ក៏​ដោយ ក្នុង​នាម​ជា​សកម្មជន​គាំទ្រ​សិទ្ធិ​ស្ត្រី អ្នកស្រី​គិត​ថា រដ្ឋាភិបាល​ថ្មី​នេះ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប្រយោជន៍​របស់​ស្ត្រី​ឡើយ។

ស្ត្រី​មួយ​ចំនួន​បាន​ប្រឹងប្រែង​ឲ្យ​មាន​កូតា​ចំនួន ៥០ ភាគរយ សម្រាប់​ស្ត្រី​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សភា​នៃ​រដ្ឋាភិបាល​អន្តរកាល​នេះ ប៉ុន្តែ​ទោះបីជា​ពួកគេ​យល់ព្រម​ចំពោះ​កូតា​តែ​ចំនួន ៤០ ភាគរយ ក៏​ដោយ ក៏​ចំនួន​នេះ​នៅតែ​មិន​អាច​សម្រេច​បាន​ដដែល។

អ្នកស្រី Haifa'a Farouq គឺ​ជា​សមាជិក​ម្នាក់​នៃ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ ដែល​ជា​សហជីព​ការងារ​ដែល​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ពិភាក្សា​ជុំវិញ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។

អ្នកស្រី​បន្ត​តវ៉ា​ប្រឆាំង​នឹង​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់​នេះ ដោយ​និយាយ​ថា សហជីព​នេះ​មិន​បាន​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​តំណាង​ឲ្យ​ស្ត្រី​ដែល​រួម​ចំណែក​នៅ​ក្នុង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​កន្លង​មក​នេះ។

អ្នកស្រី Farouq និយាយ​ថា តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​ការ​ចរចា​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​បដិវត្តន៍​នេះ​គឺ​តិច​ជាង​អ្វី​ដែល​អ្នកស្រី​បាន​សង្ឃឹម​ទុក​ទៅ​ទៀត។

អ្នកស្រី​បញ្ជាក់​ថា ទាំង​ការ​ធ្វើ​ការ​ឲ្យ និង​ទាំង​ការ​តវ៉ា​ចំពោះ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់​នេះ បាន​ជួយ​ជំរុញ​ឲ្យ​សហជីព​ការងារ​នេះ​ដើរ​លើ​ទិសដៅ​ត្រឹមត្រូវ ដោយ​គេ​ឃើញ​មន្ត្រី​នៃ​សហជីព​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​តាម​ការ​ចង់​បាន​របស់​ពួកគេ។ ជា​រឿយៗ មន្ត្រី​សហជីព​នេះ​នឹង​ចេញ​ទៅ​ជួប​ជាមួយ​នឹង​អ្នក​តវ៉ា​ដោយ​ផ្ទាល់ ដើម្បី​ស្ដាប់​ការ​ចង់​បាន​របស់​ពួកគេ។

ពាក់ព័ន្ធ​នឹង​តួនាទី​អន់ថយ​របស់​ស្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី លោក Rasheed Saeed អ្នក​នាំ​ពាក្យ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ បាន​និយាយ​ថា សមភាព​ពេញលេញ​ត្រូវការ​ពេល​វេលា។

លោក Saeed និយាយ​ថា លោក​លើក​ទឹកចិត្ត​ស្ត្រី​ឲ្យ​បន្ត​ទាមទារ​អ្វី​ដែល​ពួកគេ​ចង់​បាន។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការណ៍​ដែល​ការ​ទាមទារ​របស់​ពួកគេ​មិន​អាច​សម្រេច​បាន​បាន​បង្ហាញ​ថា រយៈពេល​ពីរ​បី​ខែ​កន្លង​មក​នេះ​មិន​អាច​បញ្ជាក់​ថា​ជា​បដិវត្តន៍​ទាំងស្រុង​នោះ​ទេ។ លោក​បាន​និយាយ​ទៀត​ថា គណបក្ស​ប្រឆាំង​នៅ​ត្រូវ​គេ​បង្ខំ​ឲ្យ​សម្រប​សម្រួល​លើ​បញ្ហា​មួយ​ចំនួន​ជាមួយ​នឹង​ពួក​យោធា។

ប៉ុន្តែ ស្ត្រី​មួយ​ចំនួន​មាន​ចម្ងល់​ថា​តើ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ និង​សហជីព​ការងារ​ផ្សេង​ទៀត​កំពុង​ប្រឹងប្រែង​ដើម្បី​ផល​ប្រយោជន៍​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្ត្រី​ឬ​ក៏​យ៉ាង​ណា​នោះ។

អ្នកស្រី Niemat Koko ដែល​ជា​អតីត​អ្នក​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ដែល​ផ្ដោត​លើ​ទ្រឹស្ដី​ស្ដី​ពី​ស្ត្រី បាន​ពន្យល់​ថា ទោះបីជា​មេដឹកនាំ​ខាង​គណបក្ស​ប្រឆាំង​ជា​បុរស​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​ក្ដី គឺ​ស្ត្រី​ឯណោះ​ទេ​ដែល​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ។ ប៉ុន្តែ នៅ​ពេល​ដែល​បុរស​ទាំង​នោះ​ត្រូវ​បាន​ដោះលែង ពួកគេ​គឺ​ជា​អ្នក​ដែល​ត្រឡប់​ទៅ​កាន់​តំណែង​ជា​អ្នក​ដឹកនាំ​នេះ​ឡើង​វិញ គឺ​មិន​មែន​ស្ត្រី​ដែល​ដឹកនាំ​ការ​តវ៉ា​នោះ​ទេ។

អ្នកស្រី Koko និយាយ​ថា តម្លៃ​ដែល​គិត​ថា​បុរស​ជា​អ្នក​គ្រប់គ្រង​នោះ​នៅតែ​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​ក្នុង​សង្គម​នៃ​ប្រទេស​ស៊ូដង់។ អ្នកស្រី​ជឿ​ថា គំនិត​នេះ​បាន​បណ្ដាល​ឲ្យ​បុរស​ទាំង​នោះ​ត្រឡប់​ទៅ​កាន់​មុខ​តំណែង​ដឹកនាំ​របស់​ពួកគេ​ឡើង​វិញ ដោយ​មិន​ខ្វល់​ពី​ស្ត្រី។

អ្នកស្រី Koko បាន​បញ្ជាក់​ថា តាំង​ពី​ទសវត្សរ៍ ១៩៨០ មក នៅ​ពេល​ដែល​ប្រព័ន្ធ​ច្បាប់​ឥស្លាម​មួយ ដែល​ហៅ​ថា​ច្បាប់ Sharia ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​ប៉ះពាល់​ភាគ​ច្រើន​ដល់​សិទ្ធិ និង​សេរីភាព​របស់​ស្ត្រី​មក ស្ត្រី​ស៊ូដង់​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​បាន​គេ​គាប​សង្កត់។ ហើយ​ស្រប​ពេល​ដែល​ភាព​ចលាចល​នៅតែ​បន្ត​នៅ​ក្នុង​ប្រទេស ស្ត្រី​គឺ​មិន​សុខ​ចិត្ត​នៅ​ស្ងៀមស្ងាត់ និង​មិន​សុខ​ចិត្ត​ឲ្យ​ខ្លួន​មាន​តំណាង​តិចតួច​នោះ​ឡើយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា