កិច្ចឈប់បាញ់គ្នារយៈពេល ៣ ថ្ងៃរវាងភាគីសង្គ្រាមទាំងពីរនៅក្នុងប្រទេសស៊ូដង់បានចូលជាធរមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្វីដែលសហរដ្ឋអាមេរិកបានហៅថាជា«ការចរចាដ៏តឹងតែង»។
ទាំងកងកម្លាំងយោធាស៊ូដង់ (SAF) និងទាំងកងកម្លាំងជំនួយរហ័ស (RSF) បានសន្យាជាសាធារណៈថានឹងគោរពតាមការឈប់ប្រយុទ្ធគ្នារយៈពេល ៣ ថ្ងៃនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ដើម្បីគាំទ្រឱ្យមានការបញ្ចប់ជារៀងរហូតនូវការប្រយុទ្ធគ្នានេះ សហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយនឹងដៃគូនានានៅក្នុងតំបន់និងអន្តរជាតិ និងភាគីស៊ីវិលស៊ូដង់ដែលពាក់ព័ន្ធផ្សេងៗ ដើម្បីជួយបង្កើតគណៈកម្មាធិការមួយក្នុងគោលបំណងមើលការខុសត្រូវលើការចរចា ការធ្វើសេចក្ដីសន្និដ្ឋាន និងការអនុវត្តការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ និងការរៀបចំផ្នែកមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់»។
លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូស៊ូដង់នានាដើម្បី«ឆ្ពោះទៅរកគោលបំណងរួមនៃការត្រឡប់ទៅរករដ្ឋាភិបាលស៊ីវិលឡើងវិញនៅក្នុងប្រទេសស៊ូដង់»។
ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្ដើមកាលពីថ្ងៃទី ១៥ ខែមេសាមក យ៉ាងហោចណាស់មនុស្ស ៤២៧ នាក់ត្រូវបានសម្លាប់ និងជាង ៣.៧០០ នាក់បានរងរបួស។ នេះបើយោងតាមទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ«ដាក់គំនាបឥទ្ធិពលជាអតិបរមាលើភាគីសង្គ្រាមដើម្បីបញ្ចប់អំពើហិង្សា ស្ដាររបៀបរៀបរយ និងត្រឡប់ទៅរកមាគ៌ានៃអន្តរកាលប្រជាធិបតេយ្យឡើងវិញ»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំកិច្ចប្រជុំមួយអំពីវិបត្តិនៅស៊ូដង់នេះនៅថ្ងៃអង្គារនេះ។
លោក Guterres ក៏បាននិយាយផងដែរថា អង្គការសហប្រជាជាតិនឹងមិនចាកចោលស៊ូដង់ទេ ប៉ុន្តែបានជម្លៀសបុគ្គលិករបស់ខ្លួន «រាប់រយនាក់» ជាបណ្ដោះអាសន្នទៅទីតាំងថ្មីទាំងនៅក្នុង និងក្រៅប្រទេស៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មានAFP និង ទីភ្នាក់ងារសារព័ត៌មាន Reuters។