ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចម្បាំង​នៅ​បន្ត​នៅ​រដ្ឋធានី​​ខាទុំ​ខណៈ​គូ​ប្រជែង​នៅ​ស៊ូដង់​មិន​អើ​ពើ​នឹង​បទ​ឈប់​បាញ់​


ផ្សែង​ហុយ​ចេញ​នៅ​ពី​ក្រោយ​អគារ​នៅ​រដ្ឋធានី​ខាទុំ​ (Khartoum) ប្រទេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣។
ផ្សែង​ហុយ​ចេញ​នៅ​ពី​ក្រោយ​អគារ​នៅ​រដ្ឋធានី​ខាទុំ​ (Khartoum) ប្រទេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣។

ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានីប្រទេស​ស៊ូដង់​បាន​បន្ត​នៅ​ថ្ងៃ​ពុធ​នេះ​ ខណៈភាគី​ទាំងពីរ​ដែល​ធ្វើ​សង្រ្គាម​នៅ​ប្រទេស​នេះ​មិន​អើពើ​នឹង​បទ​ឈប់​បាញ់​រយៈ​ពេល​ ២៤​ម៉ោង។

ការ​ផ្ទុះ​ដ៏​ខ្លាំង ​និង​ស្នូរ​បាញ់​កាំភ្លើង​អាច​មើល​ឃើញ និង​ឮ​នៅ​កណ្តាល​រដ្ឋធានីខាទុំ​ (Khartoum)​ នៅ​ជិតៗ​ក្រសួង​ការពារ​ជាតិ ​និង​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​រដ្ឋធានីនេះ​ ខណៈ​នៅ​តាម​ដងផ្លូវ​មាន​តែ ទាហាន​ គ្មាន​ប្រជាពលរដ្ឋ។​

ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​ពេញ​មួយ​យប់​ថ្ងៃ​អង្គារ​ បើទោះ​បី​នាយ​ឧត្តមសេនីយ៍ ​Abdel Fattah al-Burhan ​មេ​បញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធស៊ូដង់​ និង​នាយ​ឧត្តមសេនីយ៍ ​Mohamed Hamdan Dagalo ​មេដឹកនាំ​កង​កម្លាំង​គាំទ្រ​រហ័ស​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដោយសារ​មាន​សម្ពាធ​ពី ​សហរដ្ឋ​អាមេរិក អង្គការ​សហ​ប្រជាជាតិ ​និង​មេ​ដឹកនាំ​អាហ្វ្រិក​ ឲ្យបញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​ ៤​ ថ្ងៃ ។ ការ​ប្រយុទ្ធ​គ្នា​នេះបាន​បង្ខំ​អ្នក​ក្រុង ​Khartoum ​ជា​ច្រើន​នាក់​ឲ្យ​សំងំ​តែនៅ​ក្នុង​ផ្ទះ។​

ការ​សន្យា​បទឈប់បាញ់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Antony Blinken ​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ Burhan ​និង​លោក​ Dagalo ដោយ​ជំរុញ​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​ប្រយុទ្ធ​ ដើម្បី​អនុញ្ញាត​ឱ្យ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​អាច​ធ្វើ​បាន។​

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ លោក​ Blinken ​បាន​ជំរុញ​ឱ្យ​លោក​ Burhan ​និង​លោក Dagalo ​«ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​វត្តមាន​សហគមន៍​អន្តរជាតិ​នៅ​ទីក្រុង​ខាទុំ​ ​មាន​សុវត្ថិភាព»​ ហើយ​បាន​សង្កត់​ធ្ងន់​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​ឧត្តមសេនីយ៍​ទាំងពីរ​ «ដើម្បី​ធានា​សុវត្ថិភាព​ និង​សុខុមាល​ភាពជនស៊ីវិល ​បុគ្គលិក​ការទូត ​និង​បុគ្គលិក​មនុស្សធម៌»៕

XS
SM
MD
LG