ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នានា​ជម្លៀស​មន្ត្រី​ការទូត​និង​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ស៊ូដង់


ពលរដ្ឋ​ហ្ស៊កដានី​ដែល​ត្រូវ​បាន​ជម្លៀស​ពី​ប្រទេស​ស៊ូដង់​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​យោធា​នៅ​រាជធានី​អាម៉ាន់​​ប្រទេស​ហ្ស៊កដានី​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣។
ពលរដ្ឋ​ហ្ស៊កដានី​ដែល​ត្រូវ​បាន​ជម្លៀស​ពី​ប្រទេស​ស៊ូដង់​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​យោធា​នៅ​រាជធានី​អាម៉ាន់​​ប្រទេស​ហ្ស៊កដានី​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣។

ប្រទេស​នានា​កំពុង​ប្រញាប់ប្រញាល់​ជម្លៀស​មន្ត្រី​ការទូត​និង​ពលរដ្ឋ​របស់​ខ្លួន​ពី​ទីក្រុង​ខាទុំ (Khartoum) ប្រទេស​ស៊ូដង់ នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​គូ​សត្រូវ​ពីរ​នៅ​ក្នុង​រដ្ឋធានីនៅ​បន្ត។

ប្រទេស​កាណាដា អេហ្ស៊ីប បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត និង​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រើ​យន្តហោះ​និង​ក្បួន​រថយន្ត​ដើម្បី​នាំ​ជន​បរទេស​ចេញ​ពី​ប្រទេស​ស៊ូដង់។

រហូត​មក​ដល់​ពេលនេះ​ មាន​មនុស្ស​ជាង ៤២០ នាក់​ត្រូវ​បាន​សម្លាប់​ហើយ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​រង​របួស។

ជនជាតិ​ស៊ូដង់​កំពុង​ការពារ​ខ្លួន​ឯង​នៅ​ចំ​ពេល​ដែល​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​និង​ការ​ដាច់​សេវា​អ៊ីនធឺណិត។

ពលរដ្ឋ​ស៊ូដង់​ខ្លះ​បាន​សម្រេច​ប្រថុយ​គ្រោះថ្នាក់​ជិះ​រថយន្ត​និង​ឡាន​ក្រុង​ដើម្បី​គេច​ចេញ។


ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អ្នកស្រី Samantha Power បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​បង្កើត​ក្រុម​អ្នក​ជំនាញ​ផ្នែក​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ​សម្រាប់​ប្រទេស​ស៊ូដង់។ អ្នកស្រី Power បាន​និយាយ​ថា ក្រុម​អ្នក​ជំនាញ​នេះ​នឹង​ធ្វើ​ប្រតិបត្តិការ​ដំបូង​ចេញ​ពី​ប្រទេស​កេនយ៉ា។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​កំពុង​កៀរគរ​ឱ្យ​មាន​ការ​បង្កើន​ជំនួយ​ដល់​ប្រជាជន​ស៊ូដង់​ដែល​ជាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​រវាង​ក្រុម​សត្រូវ​ទាំង​ពីរ»។ អ្នកស្រី​បាន​បញ្ជាក់​ថា ក្រុម​ឆ្លើយតប​ជំនួយ​គ្រោះ​មហន្តរាយ (DART) នឹង​ធ្វើការ​ជាមួយ​នឹង «សហគមន៍​អន្តរជាតិ​និង​ដៃគូ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​កំណត់​តម្រូវការ​ជា​អាទិភាព​និង​ដើម្បី​ដឹក​ជញ្ជូន​ដោយ​សុវត្ថិភាព​នូវ​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ជីវិត​ទៅ​កាន់​អ្នក​ដែល​ត្រូវការ​ជំនួយ​នេះ​ខ្លាំង​បំផុត»។

ការ​ប្រយុទ្ធ​រវាង​ក្រុម​សត្រូវ​ទាំង​ពីរ​ក៏​បាន​ផ្ទុះ​ឡើង​ផង​ដែរ​នៅ​ក្នុង​តំបន់ Darfur៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG