​បាតុករ​ស៊ូដង់​លុប​ចោល​បាតុកម្ម​ដោយសារ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង

ពលដ្ឋ​ស៊ូដង់​នាំ​គ្នា​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ដោយ​​ក្រុម​ប្រឹក្សា​យោធា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ២០១៩ នៅ​រដ្ឋ​ធានី​ខាទុំ ប្រទេស​ស៊ូដង់។

ក្រុម​ចលនា​គាំទ្រ​ប្រជាធិបតេយ្យស៊ូដង់ ​កាលពី​ថ្ងៃ​សៅរ៍​ បាន​បោះ​បង់​ចោល​គម្រោងបាតុកម្ម​នានា​នៅ​សប្តាហ៍​ខាង​មុខ​បន្ទាប់ពី​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បែង​ចែក អំណាច​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​យោធា​គ្រប់គ្រង​អំណាច​ បន្ទាប់ពី​ការ​ជាប់គាំង​រយៈ ពេល​មួយ​សប្តាហ៍​លើ​តួនាទី​យោធា​នៅ​ពេល​អន្តរកាល​នេះ។

ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បង្កើត​ក្រុម​ប្រឹក្សា​បូរណភាព ស៊ីវិល​ និង​យោធា​រួមគ្នា​ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​អំឡុង​ពេល​អន្តរកាល​៣​ឆ្នាំ​និង​៣ខែ។ ​ការណ៍នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​អបអរ​សាទរ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី​ ខាទុំ‍ ​និង ​ទីក្រុង​ផ្សេងៗ​ទៀត​ពាស​ពេញ​ប្រទេស។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ ក្រុម​ឧទ្ទាម​ បាន​រិះគន់​កិច្ច​ព្រម​ព្រៀង​ដែល​គេទង្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នេះ​ ថា​ជា​កិច្ចព្រម​ព្រៀង​ក្បត់​នឹង​បដិវត្តន៍​ដែល​បាន​បណ្តេញ​លោក ប្រធានាធិបតី​ផ្តាច់ការ​ អាល់បាសៀ​ ( al-Bashir)​ កាល​ពី​ខែ​មេសា​ ដោយ​បាតុកម្ម​ពាស ពេញ​ប្រទេស​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​ជិត​៣​ទសវត្សរ៍​នោះ។

ចលនា​ «កម្លាំង​ប្រកាស​ពី​សេរីភាព​និង​ការ​ផ្លាស់​ប្តូរ‍»​ ដែល​ជាអ្នក​តំណាង​ឲ្យ​ក្រុម បាតុករ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុម​ប្រឹក្សា​យោធា​បាន​បោះ​បង់​ចោល​ការ​ប្រកាស​ពី​លើក មុន​ក្នុង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​សប្តាហ៍​ខាង​មុខ ​ចំថ្ងៃ​ប្រារព្ធ​ខួប​៤០ថ្ងៃ​នៃ​ការ​បង្ក្រាប ផ្តាច់​ផ្តិល​ជីវិត​បាតុករ​ពួកគេ ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដោយ​អង្គុយ​ចុះ​នៅ​ខាងក្រៅ​ទី បញ្ជាការ​យោធា​កាលពី​ថ្ងៃទី៣ ​ខែ​មិថុនា។

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ខ្លួន​ស្វាគមន៍ ចំពោះ​ដំណើរ​ការ​ជឿន​លឿន​ក្នុង​កិច្ច​ចរចា​ ដែល​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ នឹង​នាំ​ទៅ ដល់​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ដឹកនាំ​ដោយ​ក្រុម​ស៊ីវិល​ ដែល​រឿង​នេះ​ជា​ការ ដែល​ពលរដ្ឋ​ស៊ូដង់​អាច​ទទួល​យក​បាន​យ៉ាង​ទូលំ​ទូលាយ៕