មេដឹកនាំរបស់ក្រុមប្រឹក្សាយោធាដែលបានបណ្តេញប្រធានាធិបតីស៊ូដង់លោក Omar Hassan Al Bashir បានលាចេញពីដំណែងកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីការប្រកាសការកាន់អំណាចរបស់ពួកយោធាមក។ ឧត្តមសេនីយ៍ទោ Awad Mohamed Ahmed Ibn Auf បានតែងតាំងឧត្តមសេនីយ៍ Abdel-Fattah Burhan ជាអ្នកស្នងដំណែងរបស់លោក។
ពួកយោធាមិនបាននិយាយថាហេតុអ្វីបានជាលោក Ibn Auf ចុះចេញពីតំណែងនោះទេ។
ការតវ៉ាប្រឆាំងដ៏ធំមួយ បានបន្តធ្វើនៅក្នុងរដ្ឋធានីនិងទីក្រុងផ្សេងៗទៀតរបស់ស៊ូដង់នៅពេលដែលពួកបាតុករបានច្រានចោលផែនការរបស់ក្រុមប្រឹក្សាដែលដឹកនាំដោយពួកយោធាដើម្បីដឹកនាំរដ្ឋាភិបាលរហូតដល់២ឆ្នាំ។
បាតុករមួយក្រុមធំ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីបញ្ជាការយោធានៅក្នុងរដ្ឋធានី Khartoum ដែលនៅទីនោះ បាតុករខ្លះបានស្រែកថា «រដ្ឋាភិបាលបានដួលរលំកាលពីមុន វានឹងដួលរលំម្តងទៀត»។
ពួកមេដឹកនាំយោធាថ្មីនៃប្រទេសស៊ូដង់ និយាយថា ពួកគេនឹងធ្វើឲ្យមានការដឹកនាំតាមបែបស៊ីវិលវិញក្នុងរយៈពេល២ឆ្នាំឬតិចជាងនេះ។
នៅឯសន្និសីទកាសែតកាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍ Omar Zein Abedeen ក៏បាននិយាយដែរថា ពួករដ្ឋអំណាចយោធា នឹងមិនធ្វើបត្យាប័នប្រធានាធិបតី Al Bashir ដែលត្រូវចង់ចាប់ខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីប្រឈមនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជ សាសន៍ទេ។ លោកឧត្តមសេនីយ៍ Abedeen បាននិយាយថា ប្រទេសស៊ូដង់ មានច្បាប់ដើម្បីដោះស្រាយមនុស្សដែលមានការសង្ស័យពីការប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសដែរ៕