អ្នក​ស្រុក​ស្ទឹងត្រែង​ថា សង្គ្រាម​ជាមួយ​ឡាវ​មិនមែន​ជា​ជម្រើស​ល្អ​ទេ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន (ស្តាំ) និង​នាយករដ្ឋ​មន្ត្រីឡាវ​ លោក​ ថោងលន់ ស៊ីសូលីត (ឆ្វេង)។

ពលរដ្ឋ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​មិនចង់​ឃើញ​សង្គ្រាម​កើត​ឡើង​ទេ​ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បញ្ជូន​កងទ័ព​ទៅកាន់​ព្រំដែន​ឡាវ ​ក្រោយ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា កងទ័ព​ឡាវ​បាន​ចូល​មក​កាន់កាប់​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន។ ពលរដ្ឋ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​មួយចំនួន​បាន​ប្រាប់ VOA ថា ពួកគេ​ចង់ឲ្យ​ភាគី​ទាំងពីរ​មាន​ការ​ចរចា​គ្នា ​និង​ដក​ថយរៀងៗខ្លួន។​

ភ្លាមៗ​ក្រោយ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​គឺ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី​យោធា​បាន​ប្រកាស​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ ​និង​ចំណាត់ការ​ផ្នែក​ការ​ទូត​ប្រឆាំង​ជាមួយ​នឹង​កងទ័ព​ឡាវ​មួយ​ចំនួន ​ដែល​ត្រូវគេ​ចោទ​ប្រកាន់​ថា​បាន​ចូល​មក​កាន់កាប់​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន​ ក្នុងស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​នោះ​ ពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មួយ​ចំនួន​មិន​ចង់​ឃើញ​សង្គ្រាម​កើត​ឡើង​ទេ។​

លោក ​សេង សុគន់​ អ្នកស្រុក​នៅក្នុង​ស្រុក​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​ បាន​ថ្លែង​ប្រាប់VOA ថា​ ជា​ការ​ល្អ​ប្រទេស​ទាំងពីរ​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​កងទ័ព​ដោះស្រាយ​បញ្ហា។

«បើ​តាម​ការ​យល់ឃើញ​របស់ខ្ញុំ​ យោធា​ទៅអត់​រួចទេ​ ព្រោះ​ខាង​ណោះ(ឡាវ)​ក៏អត់​ហ៊ាន​ដែរ​ ហើយ​យើង​ (កម្ពុជា)​ក៏​អត់​ចង់​ធ្វើការ​ហ្នឹង​ ហើយ​គួរ​តែ​ជជែក​គ្នា​ទៅ​ ហើយ​ដក​រៀងខ្លួន​ទៅចប់ ព្រោះ​យើង​(កម្ពុជា)​ អត់​ដែល​រំលោភ​គេផង​ មាន​តែ​គេ​រំលោភ​យើង‍»។

លោក​ សុគុន​ បានបន្ត​ថា​ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ពលរដ្ឋ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​មិនមាន​ការ​ភ្ញាក់ផ្អើល​អ្វី​ដែរ​មក​ដល់​ពេលនេះ​ ទោះជា​មាន​ការ​ចល័ត​ទ័ព ​និង​ដឹង​ពី​ការ​គម្រាម​ដាក់​ឱសានវាទ​របស់​រដ្ឋាភិបាល​ចំពោះ​ភាគី​ឡាវ​ ដែល​មិន​ទាន់ឃើញ​មាន​ការ​បញ្ជាក់​ពីគោល​ជំហរ​មក​ដល់​ព្រឹក​ថ្ងៃសៅរ៍​នេះ។

បើ​តាម​ពលរដ្ឋ​ដែល​នៅទីរួម​ខេត្ត​ស្ទឹងត្រែង​ម្នាក់​ទៀត​ ដែល​ធ្លាប់​ធ្វើ​កិច្ចការ​ជា​មន្ត្រី​អង្គការ​មួយ​ បានថ្លែង​ប្រាប់ VOA ក្នុងលក្ខខណ្ឌ​មិនព្រម​ប្រាប់​ឈ្មោះ ថា​ ការ​ចរចា​ដោយ​សន្តិវិធី​ជា​ជម្រើស​ល្អ។

«ខ្ញុំ​ថា​គួរតែ​យើង​និយាយគ្នា​ដោយ​សន្តិវិធី​ វា​ល្អ​ជាង​យើង​ធ្វើ​សង្គ្រាម។​ កាល​ណា​ធ្វើ​សង្គ្រាម​វា​ធម្មតា​ មាន​ការ​ខូចខាត​ទាំងសង​ខាង​ហើយ។​ បើសិន​ជា​យើង​មាន​ការ​ចរចា​គ្នា​ល្អដែរ​ បើសិនជា​យើង​ចរចា​គ្នា​ត្រូវ‍»។

បើ​តាម​ម្ចាស់ផ្ទះ​សំណាក់​មួយ​នៅក្នុង​ស្រុក​សៀមប៉ាង ​ដែល​ជា​ស្រុក​កើត​វិវាទ​ព្រំដែន​នោះ ​បាន​អះអាង​ថា​ អ្នកស្រី​មិន​ទាន់​ឃើញ​មាន​អ្វី​ប្លែក​នោះ​ទេ​ គឺ​ដំណើរការ​មុខ​ជំនួញ​ពាណិជ្ជកម្ម​កំពុង​ប្រព្រឹត្ត​ទៅជា​ធម្មតា ​ហើយ​ពលរដ្ឋ​គ្មាន​ការ​ជម្លៀស​ចេញ​ដែរ។ ​អ្នកស្រី​បាន​អះអាង​ថា ពលរដ្ឋ​កំពុង​រង់ចាំ​មើលការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ជា​ឯកតោ​ភាគី​ ហើយជា​សាធារណៈ​កាល​ពី​ថ្ងៃសុក្រ​ មុន​ពេល​លោក​ចេញ​បទ​បញ្ជា​ឲ្យ​កងទ័ព​កម្ពុជា​ត្រៀម​បើក​ការ​វាយ​ប្រហារ​ទៅលើ​ទាហាន​ឡាវ​ ប្រមាណ​៣០​នាក់​ដែល​កំពុង​បោះ​ទីតាំង ​នៅអូរតាង៉ាវ ​ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង។

«អញ្ចឹង​ខ្ញុំ​សូម​បញ្ជូនសារ​ពី​នេះ​ អំពាវនាវ​ចំពោះ​ឯកឧត្តម​ ថោង​លន់ ស៊ីសូលីត​ ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ​ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា​ ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ឱសានវាទ​យូរ​បំផុត​គឺ​ថ្ងៃនេះ ​គឺថ្ងៃទី​១១ ​យូរបំផុត​នៅថ្ងៃទី​១៧​ ខ្ញុំទុក​ឲ្យ​ប្រាំមួយ​ថ្ងៃ»។

បើតាម​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចុះថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៧​ ដែល​ VOAទទួល​បាន​នៅសៀល​ថ្ងៃសុក្រ​នេះ ​លោក ហ៊ុន សែន​ បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ លោក ​ថោងលន់ ​ស៊ីសូលីត​ ថា​ តាម​ការ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដោយ​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ​ឡាវ ​កាលពីថ្ងៃ​ទី៥ ខែ​សីហា​កន្លង​ទៅ ​ទៅ​លើ​ការ​សាង​សង់​ផ្លូវ​ដោយ​កង​វិស្វកម្ម​កម្ពុជា​ នៅបណ្តោយ​ទន្លេ​សេគុង​ ក្បែរ​តំបន់​អូរអាឡៃ ​និង​នៅ​តំបន់​ដែល​ទាហាន​ឡាវ​បោះ​ទីតាំង ​នៅអូរតាង៉ាវ​ ស្រុក​សៀមប៉ាងព្រំដែន​ខេត្ត​ស្ទឹងត្រែង ​និងខេត្ត​អាតាពើ ​នោះមក​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា៖

«ទាហាន​ឡាវ​ពិតជា​បាន​រំលោភ​អធិបតេយ្យភាព​ និង​បូរណ​ភាព​ទឹកដី​កម្ពុជា​នៅតំបន់​ខាង​លើ​នោះ​ពិតប្រាកដ​មែន​ ហើយរហូត​មកដល់​ពេលនេះ​ ភាគី​មិត្ត​នៅ​ពុំទាន់​បាន​ដក​កម្លាំង​ប្រដាប់​អាវុធ ​ចេញ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ ទោះបី​ជា​កម្ពុជា​បាន​ផ្អាកការ​ធ្វើផ្លូវនិង​បាន​ដកគ្រឿង​ចក្រ​ចេញ​ពី​តំបន់​នោះ​ហើយ​ក៏ដោយ»។

​ក្រៅពី​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​រឿង​ចល័ត​ទ័ព ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ដាក់​គម្រោង​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​ ដើម្បី​ជួប​ជាមួយ​សមភាគី​ឡាវ​នៅចុង​សប្តាហ៍​នេះ​ផងដែរ​ដើម្បី​ដោះស្រាយ​រឿង​ព្រំដែន​។

បន្ទរ​តាម​នាយក​រដ្ឋមន្ត្រី​ ក្រុមមន្ត្រី​យោធា​កម្ពុជា​បាន​ព្រមាន​ធ្ងន់​ ហើយ​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុងប្រទេស​និង​ក្រៅប្រទេស​អំពី​ការ​បញ្ជូន​កងទ័ព ​ការត្រៀម​ខ្លួន​បណ្តេញ​កងទ័ព​ឡាវ​ បើកង​ទ័ព​ឡាវ​មិនដក​ថយ​ ដែល​សកម្មភាព​ដូច្នេះ​បាន​កើត​ឡើង​ជាមួយ​កងទ័ព​ថៃដែរ។​ តែ​គេ​មិន​បាន​ឃើញ​ថា មាន​សកម្មភាព​ខ្លាំងក្លា​ផ្នែក​យោធា​នេះ​បាន​កើត​ឡើង​ជាមួយ​កងកម្លាំង​ប្រទេស​វៀតណាម​ ដែល​ត្រូវ​ចោទ​ថា​បាន​ចូលមក ​ជីកស្រះ ​សង់​បុស្តិ៍យោធា​ ធ្វើផ្លូវ​នៅតាម​ព្រំដែន​ក្នុង​តំបន់​ខ្លះ​នោះ​ទេ។​ គេ​ឃើញ​ថា​វិស័យ​ការទូត​បាន​ដើរតួ​ជា​ជំនួស​វិញ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុម​ពលរដ្ឋ​នៅក្នុង​ខេត្តស្ទឹង​ត្រែង​មួយចំនួន​បាន​អះអាង​ថា ជា​ការ​ល្អ​ដែរ​ដែល​កម្ពុជា​មាន​ការ​គម្រាម​ជាមុន​ទៅលើ​ប្រទេស​ដែល​ចូល​មក​រំលោភ​ដែនអធិបតេយ្យ​កម្ពុជា​ ហើយ​បង្ហាញ​កម្លាំង​ ដើម្បី​ទប់ស្កាត់​និង​ការពារ​បូរណភាព​ទឹកដី។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព លោក​ យ៉ង គឹម​អេង ​បាន​ជឿជាក់​ថា ​យោងតាម​ទំនាក់​ទំនងរវាង​កម្ពុជា​និងឡាវ ​ហាក់ដូចជា​គ្មានអ្វី​ដែល​អាច​ឈាន​ទៅដល់​ការ​ប្រើប្រាស់​កម្លាំង​យោធា​ទេ។

«កម្ពុជា​និង​ប្រទេស​ឡាវហ្នឹង ​គឺ​មិន​ជា​មាន​បញ្ហា​ដែលថា​មិន​អាច​និយាយ​គ្នា​បានទេព្រោះអី​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​ទាំងពីរ​អាច​ទៅជជែក​គ្នា​បាន ​អាច​ដោះស្រាយ​បញ្ហា​រួមគ្នា​បាន​ជាច្រើន​ហើយ‍»។​

លោក ​គឹមអេង​ បាន​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ជម្លោះ​ដីធ្លី​ទាំង​ជាមួយ​ឡាវ ​ហើយព្រម​ទាំង​ដោះស្រាយ​ ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​កម្ពុជា​ផងដែរ​ក្នុង​ពេល​ឬ​ក្រោយ​ពេល​បញ្ចប់​បញ្ហា​ជាមួយ​ទាហាន​ឡាវ​នោះ។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជាតិឆ្នាំ​ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ព្រឹត្តិការណ៍​រំលោភ​បំពាន​ទឹកដី​ពីប្រទេស​ឡាវ ​ដែល​ផ្តល់​កំសួល​នៃ​កម្លាំង​ជាតិ​និយម​ខ្ពស់​បំផុត​នេះ​ ត្រូវគេ​រំពឹងថា​នឹង​អាច​ជួយ​ដល់​អ្នក​នយោបាយ​ដើម្បី​នឹង​ទាញ​យក​ប្រជាប្រិយភាព៕