ការសិក្សាមួយបានរកឃើញប្រភេទសត្វនិងរុក្ខជាតិនៅក្រោមថ្មប៉ប្រះទឹករាក់ភាគច្រើននៅក្នុង
ការសិក្សារបស់អូស្ត្រាលីដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថាប្រភេទសត្វនិងរុក្ខជាតិនៅថ្មប៉ប្រះទឹក នៅទឹករាក់រហូតដល់១៣៨ប្រភេទដែលបានទទួលរងនូវការថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ឥឡូវនេះមានលក្ខណៈគ្រប់គ្រាន់ជាប្រភេទជិតផុតពូជ ឬជិតផុតពូជបំផុត។
ការស្រាវជ្រាវនេះបង្ហាញថាជីវិតសត្វនៅថ្មប៉ប្រះទឹកត្រូវបានគេរកឃើញថាត្រីធំបានថយចុះខ្លាំងជាងពូជត្រីតូចៗ ដែលភាគច្រើនទំនងជាដោយសារតែការរួមបញ្ចូលគ្នានៃការនេសាទលើសកម្រិត និងការប្រែប្រួលអាកាសធាតុ។ ការបំពុល និងការអភិវឌ្ឍក៏ជះឥទ្ធិពលផងដែរ។
នៅក្នុងអ្វីដែលអ្នកស្រាវជ្រាវនិយាយថាជាសញ្ញាច្បាស់លាស់នៃការឡើងកំដៅផែនដី ការថយចុះនៃចំនួនសត្វសមុទ្រ កំពុងប៉ះពាល់ដល់ប្រភេទសត្វសមុទ្រកម្រិតផ្សេងៗគ្នា ក្នុងស្ថានភាពត្រជាក់ជាងនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី។
មានការព្រមានថា ជាង៣០% នៃសត្វគ្មានឆ្អឹងខ្នងនៅក្នុងតំបន់ទឹករាក់និងត្រជាក់ឥឡូវនេះត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការផុតពូជ។
លោក Graham Edgar អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tasmania គឺជាអ្នកដឹកនាំការស្រាវជ្រាវ។
លោកបានប្រាប់ទូរទស្សន៍ ABC របស់អូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលគឺសំខាន់។
«ការធ្លាក់ចុះត្រូវបានគេដឹងច្បាស់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ជាងនៅតំបន់ត្រូពិច។ ដូច្នេះ ដោយមិនគិតពីការយកចិត្តទុកដាក់ទាំងអស់ចំពោះថ្មប៉ប្រះទឹក នៅ តំបន់សម្បត្តិបេតិកភណ្ឌធម្មជាតិពិភពលោក(Great Barrier Reef) ដែលសមនឹងទទួលបានផ្អែកតាមលក្ខខណ្ឌនៃផលប៉ះពាល់ដែលកំពុងកើតឡើងនៅទីនោះដោយសាររលកកំដៅ, យើងបានរកឃើញថាប្រភេទសត្វនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអូស្ត្រាលីបានបង្ហាញពីការថយចុះកាន់តែច្រើនជាទូទៅ»។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សត្វសមុទ្រ និងរុក្ខជាតិជាច្រើនទៀតនៅក្នុងប្រទេសអូស្ត្រាលីកំពុងផ្លាស់ទីទៅភាគខាងត្បូង ដើម្បីជៀសវាងសីតុណ្ហភាពសមុទ្រកាន់តែក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានព្រមានថា ប្រភេទសត្វនៅក្នុងទឹកត្រជាក់ជាងកំពុងប្រឈមមុខនឹងអ្វីដែលគេហៅថា «អន្ទាក់អាកាសធាតុ» ឬរបាំងភូមិសាស្ត្រដែលរារាំងពួកគេមិនឱ្យធ្វើចលនា ដូចជាសីតុណ្ហភាពទឹក ឬជាតិប្រៃ។
លោក Edgar បានព្រមានថា សីតុណ្ហភាពមហាសមុទ្រកាន់តែក្តៅ «ចាប់ផ្តើមរុញប្រភេទសត្វទៅដែនកំណត់របស់វា»។
ការស្រាវជ្រាវពីជីវិតថ្មប៉ប្រះទឹកបានវិភាគសត្វសមុទ្រជាង១០០០ ប្រភេទនៅទីតាំងប្រហែល ១៦០០កន្លែង។ ការងារនៅមូលដ្ឋានទាំងនោះត្រូវបានអនុវត្តដោយអ្នកមុជទឹកកម្សាន្តប្រហែល ១០០ នាក់ដែលត្រូវបានបណ្តុះបណ្តាលដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្រ។
លទ្ធផលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature៕