ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ទេច​ក្រណាត់​តូចៗ​កំពុង​គំរាម​កំហែង​ដល់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef នៅ​អូស្ត្រាលី


រូបភាព​ដែល​មិន​មាន​កាលបរិច្ឆេទ​មួយ​បង្ហាញ​ពី​ការ​សឹក​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ក្នុង​ប្រទេស​អូស្ត្រាលី។
រូបភាព​ដែល​មិន​មាន​កាលបរិច្ឆេទ​មួយ​បង្ហាញ​ពី​ការ​សឹក​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ក្នុង​ប្រទេស​អូស្ត្រាលី។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បង្ហាញ​ថា តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef កំពុង​រង​ការ​បំពុល​ដោយសារ​តែ​កម្ទេច​តូចៗ។ វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​វិទ្យាសាស្ត្រ​សមុទ្រ​បាន​ព្រមាន​ថា​ ការ​បំពុល​នេះ​ជា​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​មួយ​ដល់​សម្បត្តិ​ធម្មជាតិ​ដ៏​អស្ចារ្យ​របស់​អូស្ត្រាលី​មួយ​នេះ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជាតិ​ពុល​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Great Barrier Reefមិន​មែន​ជា​កម្ទេច​ផ្លាស្ទិក​តូចៗ​នោះ​ទេ ប៉ុន្តែ​ជា​កម្ទេច​ក្រណាត់​តូចៗហៅ​ថា Microfiber ​ដែល​មាន​ជាតិ​នីឡុង​និង​សសៃ​អំបោះ​តូចៗ។

ផល​ប៉ះពាល់​ដែល​ស្ទើរ​តែ​មិន​អាច​មើល​ឃើញ​ នៃ​ជាតិ​ពុល​នៃ​ទៅ​លើ​ត្រី ឬ​មនុស្ស​ជាតិ​នៅ​មិន​ទាន់​រក​ឃើញ​នោះ​ទេ ប៉ុន្តែ​ក្រុម​អភិរក្ស​ព្រួយបារម្ភ​ថា វា​នឹង​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​ថ្ម​ប៉ប្រះ​ទឹក​នៅ​តំបន់​ភូមិភាគ​ឦសាន​របស់​អូស្ត្រាលី។ ថ្ម​ប៉ប្រះ​ទឹក​បាន​រងគ្រោះ​ដោយសារ​ការ​សឹក​ថ្ម ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​ទឹក​សមុទ្រ​ ការ​នេសាទ​ហួសហេតុ និង​ជាតិ​ពុល​ដែល​ហូរ​ចេញ​ពី​កសិដ្ឋាន​ចូល​ទៅ​ក្នុង​សមុទ្រ​។

អ្នកស្រី​បណ្ឌិត Frederieke Kroon ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​មួយ​នៅ​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​វិទ្យាសាស្ត្រ​សមុទ្រ។

អ្នកស្រី​បាន​ថ្លែង​ថា៖

«គំរូ​ទឹក​សមុទ្រ​ទាំង​អស់​មាន​កម្ទេច​ផ្លាស្ទិក​ ហើយ​ត្រី​ដែល​យើង​យក​មក​ពិសោធន៍​ទាំង​អស់​ក៏​មាន​កម្ទេច​ផ្លាស្ទិក​ដែរ។ យើង​ឃើញ​មាន​ត្រី​មួយ​មាន​ជាប់​អ្វី​ម្យ៉ាង​ដែល​យើង​ហៅ​ថា កម្ទេច​ក្រណាត់​តូចៗ។ ត្រីអាច​គិត​ថា វា​ជា​អាហារ​ ប៉ុន្តែ​តាម​ពិត​ទៅ​ ត្រីស៊ី​តែ​កម្ទេច​ក្រណាត់​តូចៗ​តែ​ប៉ុណ្ណោះ។ ដូច្នេះ វា​មិន​មាន​សារធាតុ​បំប៉ន​អ្វី​នោះ​ទេ»។

វា​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ​ថា​តើ​ កម្ទេច​តូចៗ​ទាំង​នោះ​មក​ពី​ណា។ ក្រុម​អ្នក​ស្រាវជ្រាវ​សង្ស័យ​ថា កម្ទេច​ទាំង​នោះ​ស្ថិត​នៅ​លើ​ចរន្ត​ទឹក​សមុទ្រ ជា​កាកសំណល់​ចេញ​ពី​កប៉ាល់ ឬ​ហើរ​តាម​ខ្យល់​ ឬ​ហូរ​តាម​ប្រព័ន្ធ​លូ​ចូល​ទៅ​ក្នុង​សមុទ្រ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា កម្ទេច​តូចៗ​ទាំង​នោះ​អាច​កើត​ចេញ​ពី​ក្រណាត់ និង​ប្រអប់​កញ្ចប់​ផ្សេងៗ ដែល​បាន​បំបែក​ខ្លួន​នៅ​ក្នុង​សមុទ្រ ហើយ​ក្លាយ​ទៅ​ជា​កម្ទេច​តូចៗ។​

តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef មាន​ទំហំ​ប៉ុន​ប្រទេស​អ៊ីតាលី ឬ​ជប៉ុន។​

តំបន់​បេតិកភណ្ឌ​ពិភពលោក​នេះ​ជា​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ដ៏​ធំ​បំផុត​នៅ​លើ​ភព​ផែនដី និង​មាន​ទំហំ​៣៤៤.០០០​ គីឡូម៉ែត្រ​ការ៉េ។ វា​ធំ​ខ្លាំង​ណាស់ ដែល​អាច​មើល​ឃើញ​ពី​លើ​អាកាស​បាន។

តំបន់​នេះ​ស្ថិត​នៅ​ពី​មុខ​ឆ្នេរ​ក្នុង​រដ្ឋ Queensland ហើយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​៣.០០០ និង​ជា​ជម្រក​សត្វ​និង​រុក្ខជាតិ​អស្ចារ្យ​ជាច្រើន៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG