សិស្ស​និង​អាណាព្យាបាល​បារម្ភ​អំពី​ចំណី​អាហារ​លក់​តាម​សាលា​រៀន​ប៉ះពាល់​សុខភាព

សិស្សសាលាពីរនាក់ ដើរចេញពីអាហារដ្ឋានក្នុងវិទ្យាល័យបាក់ទូក ក្បែរកន្លែងលក់នំចំណី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

សិស្សានុសិស្ស និង​អាណាព្យាបាល​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ការ​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​អប់រំ ដែល​ហាមមិន​ឱ្យ​មាន​ការ​លក់​នំ​ចំណីណាដែល​ប៉ះ​ពាល់​ដល់​សុខភាព​សិស្ស ខណៈ​ពួក​គេ​កំពុង​ព្រួយ​បារម្ភ​អំពីចំណី​អាហារ​ដែល​ដាក់​លក់​នៅ​ក្បែរ​សាលា​រៀន។

​បើ​ទោះ​បី​ជា​មានការ​ហាម​ឃាត់មិន​ឱ្យ​មាន​លក់ភេសជ្ជៈ​កំប៉ុង​ នំ​កញ្ចប់​ និង​ស្ករ​គ្រាប់​ដែល​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​ និង​សុខុមាលភាព​សិស្សនេះ​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ គេ​ក៏​នៅ​តែឃើញ​ក្នុង​អាហារដ្ឋាន​នៃសាលា​មួ​យ​ចំនួនក្នុង​រាជ​ធានី​ភ្នំពេញ​ បន្ត​លក់​ជា​ធម្មតា ដែល​ទាមទារ​ឱ្យមាន​ចំណាត់​ការ​តឹង​រ៉ឹង​ជាង​នេះ​បន្ថែម​ទៀត។

កាល​ពី​ពេល​ថ្មីៗនេះ ក្រសួង​អប់រំ​បាន​ក្រើន​រំឭក​នូវ​សេចក្តី​ណែនាំ​ស្តី​ពី​ការ​ពង្រឹងវិធាន​ការ​អនុវត្ត​ការ​លើក​កម្ពស់​សុវត្ថិភាព និង​សុខុមាល​ភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ចំណះ​ទូទៅ​សាធារណៈ និង​ឯកជន ដោយ​ក្រសួង​សង្កេត​ឃើញ​ថា​ សិស្សានុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​មួយ​ចំនួន នៅ​តែ​មាន​អាការៈ​ពុល​ចំណី​អាហារ ទន់​ដៃ​ទន់​ជើង និង​ឈាន​ដល់​ការ​សន្លប់​ជា​ដើម។ ក្រសួង​អប់រំ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូបភាពចំណី​អាហារ និងភេសជ្ជៈ​មួយ​ចំនួន​ដែលប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​សិស្សានុសិស្ស។

សិស្សានុសិស្ស និង​អាណាព្យាបាល​មួយ​ចំនួន​បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង ប៉ុន្តែ​សាលា​រៀនមួ​យ​ចំនួន​នៅ​តែ​មិន​ទាន់​អាច​ទប់​ស្កាត់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ។

អ្នក​ស្រី អ៊ុក ស៊ីថុន ​អាយុ​៤៣​ឆ្នាំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ្នកស្រី​គាំទ្រ​ចំពោះការ​ហាម​សាលា​មិន​ឱ្យ​លក់​ដូរ​ចំណី​អាហារ​ដែល​ប៉ះ​ពាល់​សុខភាព​កុមារ ព្រោះ​អ្នកស្រីយល់​ថា​ចំណី​អាហារ​ទាំង​នោះ​បាន​ប៉ះ​ពាល់​សុខ​ភាព​របស់​សិស្ស។

​អ្នក​ស្រី​ថ្លែង​ថា៖ «គាត់​ចេញ​មក​អ៊ីចឹងៗ [ការ​ហាម​ប្រាប់​មិន​ឱ្យ​លក់​ចំណី​អាហារ​ដែល​ប៉ះ​ពាល់​សុខ​ភាព​ក្នុង​សាលា]​ល្អ​ណាស់ ដើម្បី​សុខ​ភាព​កុមារៗ​ផង អាណិត​គ្នា​ គ្នា​ដឹង​តែ​ម៉ាក់​ឱ្យ​លុយ​មក ដឹង​តែ​ចង់​ទិញ​នំ​នៅ​សាលា គ្នា​អត់​ចេះ​មើលឌឺឡេៗ​ [កាល​បរិច្ឆេទ​ហួស​កំណត់​] អ៊ីចឹង​គាត់​ធ្វើ​អ៊ីចឹង​ល្អ​ គាំទ្រ​គាត់[ក្រសួង​អប់រំ]»។

​អ្នកស្រី​បន្ថែម​ថា​អ្នក​ស្រី​តែង​តែ​ដាក់​ទឹក​ដោះ​គោ​ក្នុង​កាបូប​របស់​កូន​ស្រី​ អាយុ​៥​ឆ្នាំ ដែល​រៀន​នៅ​សាលា​មត្តេយ្យមួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទុក​ឱ្យ​គេញុំាំជំនួស​ឱ្យការ​ចាយ​លុយ ឬ​ទិញ​របស់​ញុំាំ​ ​ដែល​ប៉ះ​ពាល់​ដល់​សុខភាព។

យុវតី ផន ​លីន​ដា អាយុ​១៤​ឆ្នាំ ​រៀន​ថ្នាក់​ទី​៩ ​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​ក៏​យល់​ឃើញ​ថា​ការ​ត្រួត​ពិនិត្យ និង​ហាម​ឃាត់​ចំណី​អាហារ​មួយ​ចំនួន​មិន​ឱ្យ​លក់​ដូរក្នុង​សាលា ជា​រឿង​ល្អ​ផងដែរ ព្រោះ​ដើម្បីកុំ​ឱ្យ​សិស្ស​ឆាប់​ឈឺ ដោយសារ​ ​សារធាតុ​គីមី​ពី​ចំណី​អាហារ​ដែល​លក់​តាម​សាលា​រៀន។

យុវតី​រូប​នេះ​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «បើ​សិន​ជា​ខ្ញុំ​ញុំាំ​របស់​គេ ពេល​ខ្លះ​ខ្ញុំ​ឈឺ ខ្ញុំ​ឧស្សាហ៍​ឈឺ​ អ៊ីចឹង​ម៉ាក់​គាត់​ដាក់​[​បាយ​]ឱ្យ[​យក​មក​ញុំាំ​នៅ​សាលា​]»។​

បើ​តាមយុវតី ផន ​លីនដា​ ​នៅ​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក៏​នៅ​មាន​ការ​លក់ភេសជ្ជៈ​កំប៉ុង​ផ្អែម និង​នំ​កញ្ចប់​មួយ​ចំនួន​ផង​ដែរ​។

​អ្នក​សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ ដែល​បាន​ចុះ​ទៅ​ទីតាំង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ថ្ងៃ​អង្គារ​នេះ ក៏​ឃើញ​នៅ​មាន​ការ​លក់​ដូរ​នំ​ចំណី​ដែល​ក្រសួង​បាន​ហាម​ឃាត់ ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​សិស្សានុសិស្ស​ផង​ដែរ។

យុវតី ជៀម សុធាប៊ីឡា អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១០នៅ​វិទ្យាល័យ​បាក់​ទូក ប្រាប់​អ្នក​សារព័ត៌មាន​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ហាម​ឃាត់លក់​នំ​ចំណី​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​នេះ គឺ​ជា​រឿង​ល្អ ដើម្បី​ការ​ពារ​សិស្ស​កុំ​ឱ្យ​មាន​ជំងឺ​ឈឺ​ស្កាត់។

យុវតីរូប​នេះ​បញ្ជាក់​ថា​លោក​គ្រូ អ្នក​គ្រូ​មួយ​ចំនួន​ក៏​បាន​ណែនាំ​កូន​សិស្សទាក់​ទង​នឹងនំ​ចំណី​ដែលហាម​ឃាត់​នេះ​ផង​ដែរ ប៉ុន្តែក្នុង​អាហារដ្ឋា​ន​របស់​សាលា​រៀន គឺ​នៅ​តែ​មាន​ការ​លក់​នំ​ចំណី​ទាំង​អស់​នោះ។ សម្រាប់យុវតី​រូប​នេះ ដោយ​សារ​បាន​យល់​ដឹង​អំពី​សុវត្ថិ​ភាព​ចំណី​អាហារ ទើប​កញ្ញា​មិន​ដែល​ទិញ​នំ​ចំណីនៅ​សាលារៀន​ទេ គឺ​តែង​តែ​ដាក់​បាយ​យក​មក​ញុំា។

​យុវតី​រូប​នេះ​បញ្ជាក់​ថា៖ «ប្អូន​ខ្ញុំ​អាច​ធ្លាប់​ញ៉ាំ ដោយ​សារ​ធ្លាប់​ទិញ​អី​ញ៉ាំ​ អ៊ីចឹង​ទៅ​មាន​អារម្មណ៍​ថា​មាន​ការ​ឈឺ​ពោះ ហើយ​រៀង​ឧស្សាហ៍​ឈឺ​ ដោយ​សារ​តែ​ពពួក[ចំណី​អាហារ​ដែល​ប៉ះពាល់] អ៊ីចឹង»។

ចំណែក​យុវ​ជន ឌឹម សុ​បញ្ញា​ អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​បាក់​ទូក និយាយ​ថា​គ្រូ​បង្រៀន​មួយ​ចំនួន​ក៏​តែង​តែ​ប្រាប់​កូន​សិស្ស​អំពី​ការ​បរិភោគចំណី​អាហារ​ដែល​អាច​ប៉ះ​ពាល់​សុខ​ភាព​នេះ​ផង​ដែរ​ ប៉ុន្តែ​នៅ​ក្នុង​អាហារ​ដ្ឋាន​សាលា គឺ​អ្នក​លក់​នៅ​តែ​លក់​ជា​ធម្មតា។

​យុវជន​រូប​នោះ​បញ្ជាក់​ថា៖ «គាត់​[​គ្រូ​បង្រៀន​] និយាយ​ច្រើន​ដង​[ទាក់​ទង​ចំណី​អាហារ​ប៉ះពាល់​សុខភាព​] តែ​អ្នក​[លក់]​នៅ​ហ្នឹង​ គឺ​នៅ​តែ​លក់​»​។

​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​អាហារដ្ឋាន​វិទ្យាល័យ​បាក់ទូក អ្នកសារព័ត៌​មាន​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​ក៏សង្កេត​ឃើញ​ថា​អ្នក​លក់​មួយ​ចំនួន នៅ​តែ​បន្ត​លក់​នំ​ចំណី​ដែល​ក្រសួង​បាន​ហាម​ឃាត់​នេះ​ផង​ដែរ ជា​ពិសេស​ទឹក​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង។

អ្នកស្រី ស្រី​ ស្រស់​ អាយុ​៣៣ឆ្នាំ​ ជា​អ្នក​លក់គ្រឿង​ភេសជ្ជៈកំប៉ុង​កូកាកូឡា ស្ទីង​ និង​តែ​បៃតង​នៅ​ក្នុង​វិទ្យាល័យ​បាក់​ទូក ប្រាប់​វីអូអេ​ថា​គ្រូ​ដែល​ត្រួត​ពិនិត្យ​ចំពោះ​ការ​ហាម​ឃាត់​អាហារ​ក្នុង​សាលា​នេះ ក៏​តែង​តែ​ចុះ​ចាប់​មិន​ឱ្យ​លក់​នំ​ចំណី​ជា​ញឹក​ញាប់​ ដូច​ដែលក្រសួង​បានហាម​ឃាត់​នោះ​ផង​ដែរ។ ប៉ុន្តែ​អ្នក​ស្រី​ថា​បើ​ទោះ​បី​ជា​ ​សាលាមិនអនុញ្ញាត​ឱ្យលក់​នំ​ចំណី​ទាំង​នោះ​ក៏​ដោយ​ ក៏សិស្សនៅ​តែទិញ​យកមក​ពី​ខាង​ក្រៅដដែល ​ដូច្នេះ​ទើប​អ្នក​ស្រី​សម្រេច​ចិត្ត​លក់គ្រឿង​ភេសជ្ជៈ​ផ្អែម​បន្តិច​បន្តួច​នៅ​តូប​របស់​អ្នកស្រី។

អ្នក​ស្រី​បញ្ជាក់​ថា​៖ «ទាល់​តែ​ប្រាប់​សិស្ស​ឱ្យ​ខ្លាំង​ជាង​អ្នក​លក់​នៅ​ខាង​ក្នុង​ ពីព្រោះ​សិស្ស​វា​អត់​ខ្វល់​ទេ​ បើ​អត់​ឱ្យ​វា​ទិញ​នៅ​ក្នុង​សាលា អ៊ីចឹងវា​យួរ​មក​ពី​ខាង​ក្រៅ​មក។ អ៊ីចឹង​បើ​ហាម​គឺ​ហាម​អ្នក​នៅ​ខាង​ក្រៅ​ បើ​ខាង​ក្នុង​តែ​ប៉ុន្មាន​តូប​ហ្នឹង»។

បើតាមក្រសួង​អប់រំ សេចក្តីណែនាំ​ស្តីពី​ការ​ពង្រឹង​វិធាន​ការ​អនុវត្ត​ការ​លើក​កម្ពស់​សុវត្ថិ​ភាព និង​សុខុមាល​ភាព​ចំណីអាហារ គឺ​ជា​ការ​ណែ​នាំបន្ថែម​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជ​ធានី​ ខេត្ត​ ការិយាល័យ​អប់រំ​ក្រុង​ ស្រុក​ ខណ្ឌ​ ​និង​គណៈ​គ្រប់​គ្រង​សាលា​ទាំង​អស់​ ឱ្យ​មាន​ការ​អនុវត្ត ពង្រឹង​វិធានការ​លើក​កម្ពស់​សុវត្ថិភាព ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់​អំពី​ចំណី​អាហារ​ដែល​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​លក់​ដូរ រួម​មានចំណី​អាហារ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ មិន​ដឹង​ប្រភព​ផលិត​ច្បាស់​លាស់ គ្រឿង​ស្រវឹង និង​ផលិត​ផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ​ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​ កាហ្វេ ទឹកស៊ីរ៉ូ​គ្រប់​ប្រភេទ​ ស្ករ​សូកូឡា ស្ករគ្រាប់ និង​ស្ករ​កៅស៊ូ​ ចាហ៊ួយ នំដូណាត់​ នំ​ផ្អែម​ និង​តំណាប់​ផ្អែម​ជាដើម។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពីលោក រស់ សុវាចា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បាន​នៅ​ឡើយ​ទេ។

​ចំណែក​ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ថ្លែង​ថា​ក្រសួងពាក់​ព័ន្ធ​ត្រូវ​តែ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បីត្រួត​ពិនិត្យ​រាល់ផលិត​ផល​ដែល​លក់​លើ​ទីផ្សារឱ្យ​បាន​ដិត​ដល់​ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ៕