អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា មិនមានភស្តុតាងបង្ហាញថា រុស្ស៊ីពិតជាបានដកកងទ័ពចេញពីព្រំដែនជាប់ប្រទេសអ៊ុយក្រែននោះទេ និងថា រុស្ស៊ីនៅតែអាចមានលទ្ធភាពចាប់ផ្តើម «លុកលុយពេញទំហឹងលើអ៊ុយក្រែន ដោយមិនមានការព្រមានឲ្យដឹងជាមុន»។
រុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារនិងម្តងទៀតកាលពីថ្ងៃពុធអំពីការបញ្ចប់ការធ្វើសមយុទ្ធយោធាមួយចំនួនរបស់ខ្លួន ដែលក្នុងនោះរួមមានទាំងសមយុទ្ធនៅលើឧបទ្វីប Crimea ដែលត្រួតត្រាដោយរុស្ស៊ីផងដែរ ដោយមានការបង្ហាញវីដេអូអំពីអ្វីដែលខ្លួនបាននិយាយថាជាកងយោធាដែលវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ។
លោក Stoltenberg បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក មុនជំនួបរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិករបស់អង្គការអូតង់ថា ចលនារបស់កងទ័ពរុស្ស៊ីនេះមិនមែនជាភស្តុតាងបញ្ជាក់អំពីការដកកងទ័ពចេញទេ ហើយកាលពីពេលមុន រុស្ស៊ីធ្លាប់បានដកកងទ័ពចេញពីទីកន្លែងណាមួយ ប៉ុន្តែនៅរក្សាទុកសព្វាវុធនៅកន្លែងដដែល ដែលខ្លួនអាចបញ្ជូនកងទ័ពត្រឡប់មកវិញបានយ៉ាងងាយស្រួល។
លោកបាននិយាយទៀតថា អង្គការអូតង់មិនបានឃើញរុស្ស៊ីដកកងទ័ពចេញពិតប្រាកដនោះទេ ប៉ុន្តែឃើញរុស្ស៊ីកំពុងបន្តបង្កើនកម្លាំងយោធារបស់ខ្លួន។ លោកបានបន្ថែមថា លោកសង្ឃឹមថា រុស្ស៊ីនឹងសម្រេចចូលរួមនៅក្នុងការចរចា និង «ជ្រើសរើសយកផ្លូវការទូតជំនួសឲ្យការប្រឈមមុខដាក់គ្នា»។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពេញចិត្តធ្វើការចរចានិងមើលឃើញក្នុងលក្ខណៈវិជ្ជមាននូវឆន្ទៈរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការចរចា។
លោក Biden បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកជឿថា រុស្ស៊ី «នៅតែអាច» ឈ្លានពានប្រទេសអ៊ុយក្រែន ហើយលោកបានអំពាវនាវដល់លោក Putin ឲ្យបន្តការចរចា បើពុំដូច្នោះទេ រុស្ស៊ីនឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។