ទីផ្សារភាគហ៊ុននៅទូទាំងពិភពលោកក្នុងថ្ងៃពុធនេះមានលក្ខណៈចម្រុះ ដោយទីផ្សារនៅទ្វីបអាស៊ីបានធ្លាក់ចុះជាថ្មី ខណៈទីផ្សារនៅអឺរ៉ុបមានការកើនពិន្ទុ។
ផ្សារ Nikkei នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចំនួន២.៣% ខណៈដែលផ្សារ ភាគហ៊ុន Hang Sengនៅក្រុងហុងកុងបានធ្លាក់ចុះ០.៧% ហើយទីផ្សារ Composite Index នៅទីក្រុងសាំងហៃនៃប្រទេសចិនបានធ្លាក់ចុះ០.៩%។
ទីផ្សារ FTSE នៃក្រុងឡុងដ៍ប្រទេសអង់គ្លេសបានបើកលក់ក្នុងតម្លៃខ្ពស់ជាងមុន មួយផ្នែកដោយសារការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការកាត់អត្រាការប្រាក់ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការរីករាលដាលនៃមេរោគកូរ៉ូណា។ ផ្សារហ៊ុននៅអាល្លឺម៉ង់និងបារាំងក៏បានបើកក្នុងតម្លៃខ្ពស់ជាងមុន។
ទីផ្សារ Futures របស់សហរដ្ឋអាមេរិកទំនងនឹងមានតម្លៃហ៊ុនទាបជាងមុននៅពេលបើកទីផ្សារនៅក្នុងថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារទីផ្សារភាគហ៊ុននៅអាមេរិកបានកើនឡើងវិញយ៉ាងខ្លាំងដោយ ទីផ្សារសំខាន់ៗទាំងបីគឺ Dow Jones, S&P 500 និង Nasdaq បានបិទទីផ្សារដោយមានកំណើន៥%។
ភាពមិនប្រាកដប្រជាបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទាំងអស់នៅទូទាំងពិភពលោក ដោយសារមានការផ្ទុះរាលដាលនៃមេរោគកូរ៉ូណាដែលមកទល់នឹងពេលនេះបានឆ្លងដល់មនុស្សជាង១១៤.០០០នាក់ និងសម្លាប់មនុស្សជាង៤.០០០នាក់៕