ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយការ​ធ្វើឃាត​លោក Khashoggi នៅ​តែមាន​ការ​ស្វែង​រក​អ្នកទទួល​ខុសត្រូវ​ដល់​​ឃាតកម្មនេះ

រូបឯកសារ៖ លោក Jamal Khashoggi អ្នក​ប្រឆាំង​ជនជាតិអារ៉ាប៊ីសាអូឌីតល្បី​ឈ្មោះ​ម្នាក់ និង​ជា​អ្នកសរសេរអត្ថបទ​ក្នុង​កាសែត Washington Post ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុង Manama ប្រទេសបារ៉ែន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក Khashoggi បាន​រិះគន់​មេដឹកនាំ​អារ៉ាប៊ីសាអូឌីតអំពី​ការរំលោភលើ​សិទ្ធិមនុស្ស​ច្រើន​ដង ការធ្វើទុក្ខបុក​ម្នេញ​ក្រុមអ្នករិះគន់និងគោលនយោបាយ​គឃ្លើន​ក្នុង​តំបន់ ដោយមានរួម​បញ្ចូល​ទាំង​មុខ​នាទី​របស់​ពួក​មេដឹកនាំ​ទាំង​នេះ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិលបួនឆ្នាំ​នៅ​ក្នុងប្រទេសយ៉េមែនផងដែរ។​

ការ​ធ្វើ​ឃាតលោក Jamal Khashoggi អ្នក​ប្រឆាំង​ជនជាតិអារ៉ាប៊ីសាអូឌីតល្បី​ឈ្មោះ​ម្នាក់ និង​ជា​អ្នកសរសេរអត្ថបទ​ក្នុង​កាសែត Washington Post បានធ្វើឱ្យ​ពិភពលោក​រង្គើ​កាល​ពី​មួយ​ឆ្នាំ​មុន​នេះ នៅពេល​ដែលសាធារណជន​បានដឹង​ថា ​ភ្នាក់ងារ​មួយ​ក្រុម​របស់​រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្លាប់​និង​កាត់ដៃ​ជើង​លោក​នៅ​ខាងក្នុង​ស្ថាន​កុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុង​ក្រុងអ៊ីស្តង់ប៊ូល ប្រទេស​តួកគី។

លោក Khashoggi បាន​រិះគន់​មេដឹកនាំ​អារ៉ាប៊ីសាអូឌីតអំពី​ការរំលោភលើ​សិទ្ធិមនុស្ស​ច្រើន​ដង ការធ្វើទុក្ខបុក​ម្នេញ​ក្រុមអ្នករិះគន់និងគោលនយោបាយ​គឃ្លើន​ក្នុង​តំបន់ ដោយមានរួម​បញ្ចូល​ទាំង​មុខ​នាទី​របស់​ពួក​មេដឹកនាំ​ទាំង​នេះ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិលបួនឆ្នាំ​នៅ​ក្នុងប្រទេសយ៉េមែនផងដែរ។​

បើ​តាមរបាយ​ការណ៍​បោះពុម្ពផ្សាយ​ថា​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់អាមេរិក CIA បានសន្និដ្ឋានថា ​ព្រះអង្គម្ចាស់​រជ្ជទាយាទ​ Mohammed bi Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជា​ឱ្យ​ធ្វើឃាត​លោក Khashoggi ហើយ​ការណ៍​នេះ​បាននាំ​ឱ្យ​ពួក​សមាជិក​សភា​អាមេរិកថ្កោលទោស​អាជ្ញាធរ​ប្រទេស​នេះ​ជាសាធារណៈ​ហើយ​បានខិតខំប្រឹងប្រែង​បញ្ឈប់​ការ​លក់អាវុធ​ពីសហរដ្ឋអាមេរិកឱ្យ​ព្រះ​រាជាណាចក្រនេះ។

លោកប្រធានាធិបតី​អាមេរិក Donald Trump មិនបានធ្វើតាមសមាជិក​នៃគណបក្ស​លោក​ទេ ​ដោយ​លោក​បានជំរុញ​ឱ្យមានការ​លក់អាវុធ​ទាំង​នេះ​ ដែល​មានទឹក​ប្រាក់៨ពាន់១រយ​លាន​ដុល្លារ ថែរក្សា​ទំនាក់ទំនង​ជា​មិត្តភាព​ជាមួយ​ប្រទេស អារ៉ាប៊ីសាអូឌីត ដែល​លោកបាននិយាយយោង​ថា​ជា​កំពែង​ការពារ​ប្រឆាំង​នឹង​ឥទ្ធិពលនៃ​ប្រទេសអ៊ីរ៉ង់។​ លោក​ Trump បាននិយាយ​ទទូចថា​ សហរដ្ឋអាមេរិកមិន​អាចបោះបង់​ចោល​ការលក់សព្វាវុធយ៉ាង​ច្រើន​ឱ្យសម្ព័ន្ធមិត្ត​ខ្លួននៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​បានទេ៕