សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ព្រម​ព្រៀង​គ្នា​បន្តស្វែង​រក​ដំណោះ​ស្រាយ​ខាង​ការទូត​ដល់​កូរ៉េខាង​ជើង

លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ថ្លែង​ទៅ​កាន់​សារព័ត៌មាន​មុន​ពេល​លោក​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​កាតា Sheikh Mohammed bin Abdulrahman Al Thanil នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov បាន​ព្រមព្រៀង​គ្នា​បន្ត​ធ្វើការ​ឆ្ពោះ​ទៅកាន់​ដំណោះ​ស្រាយខាង​ការទូតដើម្បី​ធ្វើ​ឲ្យ​សម្រេច​ការ​គ្មាន​អាវុធ​នុយក្លែអ៊ែ​នៅ​ឧបទ្វីបកូរ៉េ ​នេះ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​២​បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពីការ​ព្រួយ​កង្វល់​ទាក់​ទិន​ទៅ​នឹង​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ហើយ​បាន​សង្កត់​ថា ​ទាំង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​មិន​អាច​ទទួល​យករដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ជា​មហាអំណាច​នុយក្លេអ៊ែរ​បាន​ទេ។

កាល​ពី​ថ្ងៃ​មុន ​ក្រសួងការបរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Lacrov ​បាន​ប្រាប់​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថា វោហាសាស្ត្រ​ដ៏​គគ្លើន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើន​ការ​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ។ ក្រសួង​ការបរទេស​រុស្ស៊ី​ក៏បាន​ប្រាប់ឲ្យ​ដឹងទៀត​ថា ​លោករដ្ឋ​មន្ត្រី​ការ​បរទេស Lavrov ​បាន​ហៅ​វោហារសាស្ត្រ​បស់​សហរដ្ឋ​អាមេរិក​ជា​ការ​មិនអាច​ទទួល​យក​បាន។

ក្នុង​ខណៈ​នោះ​ដែរ ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួនបាន​ដាក់​ទណ្ឌកម្ម​លើ​ពួកមន្ត្រី​កូរ៉េខាង​ជើង​២​នាក់​ចំពោះ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​កម្មវិធី​កាំជ្រួច​បាល់លីស្ទិក​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ចំណាត់​ការ​នេះបាន​កើត​មាន​ឡើង​បន្ទាប់​ពីការ​អនុម័ត​ជាឯកច្ឆ័ន្ទ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិនូវ​សេចក្តី​សម្រេចចិត្ត​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​កម្រិត​ចំនួន​ប្រេងឥន្ធនៈ​និង​ប្រេង​ម៉ាស៊ូត​ដែល​កូរ៉េខាង​ជើង​អាចនាំ​ចូល​និងរឹត​បន្តឹងការ​ត្រួត​ពិនិត្យ​កប៉ាល់​ដែល​សង្ស័យ​ដឹក​ទំនិញ​ហាម​ឃាត់​ខុស​ច្បាប់ទៅកាន់​ឬ​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង៕