អ្នកដើរ​លេងបុណ្យ​អុំទូក​នៅ​ចាំ​ឧបទ្ទវហេតុ​រត់ជាន់​គ្នា​នៅ​ឆ្នាំ​២០១០

ឈ្មោះ​ជន​រងគ្រោះ​ស្លាប់​​ក្នុង​ពេល​ជាន់គ្នា​​​ស្លាប់​លើ​ស្ពាន​​កោះពេជ្យ​​កាលពី​ឆ្នាំ​២០១០​​

មនុស្ស​ម្នារមកទស្សនា​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីព ​អក​អំបុក ​និង​សំពះ​ព្រះ​ខែ ​មាន​ចំនួន​តិ​ច​តួច​ ដែល​មិន​ធ្លាប់​មាន។ ​ ​នៅ​ថ្ងៃពុធ​នេះ ប្រជា​ពលរដ្ឋ​ដែល​ចូល​មក​កម្សាន្ត​នៅកោះ​ពេជ្រ​កាន់​តែ​មាន​ចំនួន​តិច​តួច​បំផុត។​ កោះ​ពេជ្រ​ដែល​ជា​ទីកន្លែង​សោក​នាដកម្ម​កាល​ពី​បី​ឆ្នាំ​មុន​ ពោល​គឺ​នៅ​ថ្ងៃទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ ចំ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​អុំទូក​ ​ប្រជា​ពលរដ្ឋ​អ្នក​មក​ទស្សនា​ព្រះ​រាជ​ពិធី​នេះ​បាន​ដើរ​ប្រជ្រៀត​ជាន់​លើ​គ្នា​ស្លាប់នៅ​លើ​ស្ពាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ ស្ពាន​ពេជ្រ។ ​ជន​រង​គ្រោះ​ចំនួន​ជាង​៣៥០​នាក់​បាន​ស្លាប់​និង​ប្រមាណ​៤០០​នាក់​ទៀត​រង​របួស។​

នៅ​ឆ្នាំ​នេះ​ ខណៈដែល​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ចាប់​ផ្តើម​ចាប់​តាំង​ពី​ពេល​ព្រឹក​ក្នុងពិធីបុណ្យ​នៅ​ថ្ងៃ​ទី​១​នេះ ​មាន​ពល​រដ្ឋ​ដោយ​កម្រ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កម្សាន្ត​នៅ​កោះពេជ្រ។​

សូ លីដា ​អ្នក​ក្រុង​ភ្នំពេញ​កំពុង​ដើរ​ឆ្លង​កាត់​ស្ពាន​ថ្ម​ឆ្លង​ចូល​កោះ​ពេជ្រ​ជាមួយ​នឹង​បង​ស្រី​របស់​អ្នក​នាង​ពីរ​នាក់​ផ្សេង​ទៀត។​

ពួក​នាង​ឈប់​នៅលើ​ទី​ធ្លា​មួយ​ក្បែរ​គល់​ស្ពាន​នេះ។ ទី​ធ្លា​ត្រង់​នេះ​គឺជា​អតីត​គល់​ស្ពាន​ពេជ្រ​ដែលកើត​មាន​រឿង​សោកនាដ​កម្ម​ដ៏​រន្ធត់​នោះ។ក្រោយ​ពី​គ្រោះ​ថ្នាក់​នោះ​មក​ ស្ពាន​ពេជ្រ​ដែល​ធ្វើ​ពី​ដែក​ត្រូវ​រុះរើ​ចោល។​

នៅ​ត្រើយ​ម្ខាង​នៃ​អូរនៃ​អតីត​ស្ពាន​ពេជ្រ​នេះ អាជ្ញា​ធរ​បាន​ធ្វើ​ស្តូប​មួយ​ដែល​មាន​កំពូល​ជារូប​ព្រហ្មមុខ​បួន​ និង​មាន​ចារឹក​ឈ្មោះ​ជនរង​គ្រោះ​ទាំង​ឡាយ​លើ​ជញ្ជាំង​ស្តូបនេះ។ ​ពុំ​មាន​សមាជិក​គ្រួសារ​ជនរង​គ្រោះ​ណា​ម្នាក់​មក​អុជ​ធូប​គោរព​បូជា​នៅ​ទីនេះ​ទេ​នៅ​ថ្ងៃ​នេះ។​

សូ លីដា​ឈរ​នៅ​ត្រង់​ចំណុច​គល់ស្ពាន​ពេជ្រ ​ហើយ​បាន​រំឭកក្នុង​ចិត្ត​អំពី​ព្រឹត្តិការណ៍​បាត់​បង់​ជីវិត​កាល​ពី​បីឆ្នាំ​មុន ​ប៉ុន្តែ​នៅថ្ងៃទី១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ​នាង​មិន​នៅ​សេស​សល់​ការ​ភ័យ​ខ្លាច​ទៀត​ទេ។​

«ឲ្យ​តែ​ដើរ​ចូល​មក​ស្ពាន​នេះ​ ខ្ញុំ​នៅ​នឹក​ឃើញ​ ទោះ​ជា​ស្ពាន​ត្រូវ​គេ​វាយ​ចោល​ក៏ដោយ​ នឹក​ឃើញ​ពី​ព្រឹត្តិ​ការណ៍​នៅ​ស្ពាន​នេះ។​ ​ខ្ញុំ​បាត់​អារម្មណ៍​ថា​ ខ្លាច​ហើយ​ តែ​ខ្ញុំ​គ្រាន់​តែ​នៅ​នឹក​ឃើញ»។​

មនុស្ស​បាន​កក​ស្ទះប្រជ្រៀត​លើ​គ្នា​រួច​តោង​ស្អិត​ជាប់​គ្នា​និង​បណ្តាល​ឲ្យ​ថប់​ដង្ហើម​ស្លាប់ ​និង​មាន​ការ​ជាន់​គ្នា​ស្លាប់។ ​ក្រោយ​មក​ក្រុម​អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ​មូលហេតុ​សំខាន់​គឺ​បណ្តាល​មក​ពី​មនុស្ស​ចូល​ទស្សនា​កោះ​ពេជ្រ​ច្រើន​ពេក​ ស្រប​ពេល​ដែល​មាន​ការ​និយាយ​បង្អើល​ត​គ្នា​ពី​ការ​បាក់​ស្ពាន ​ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជ្រួល​ច្របល់​ជាន់​គ្នា។​

អ្នក​ស្រី​វ៉ា ណុល ​អាយុ​៥០​ឆ្នាំ​មក​ពី​ខេត្ត​ព្រៃ​វែង។ ​អ្នក​ស្រី​ជួបទិដ្ឋ​ភាព​ផ្ទាល់នៅ​លើ​ស្ពានពេជ្រ។ ​អ្នកស្រី​ហាក់​ដូចជា​នៅ​ចង​ចាំ​ទិដ្ឋ​ភាព​ទាំង​នោះ។​

«គេ​ថា ​បាក់​ស្ពានៗ ​ខ្ញុំ​រត់​ទៅ​មើល​ ឃើញ​ជនរង​គ្រោះ​ប្រតោង​ប្រតាយ​គ្នា​លើ​ស្ពាន។ ​ខ្ញុំ​នឹក​ឃើញ​ថា ​ហាក់​ដូចជា​មិន​ដែល​ជួប​ប្រទះ​ ដល់​ពេល​មក​(លើក​នេះ)​ដូចជា​មាន​អារម្មណ៍​នឹក​ឃើញ​រឿង​ពួក​គេ​ស្រវា​តោង​គ្នា»។

អ្នកស្រី​វ៉ា ណុល​ធ្វើ​ដំណើរ​ជាមួយ​នឹង​កូន​និង​ក្មួយ​សរុប​ប្រមាណ​៦​នាក់។​

ដោយ​ឡែក​ អ្នកស្រី​សុខ ខុន ​៤២​ឆ្នាំ ​មក​ពី​ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ។ ​ថ្វី​បើ​អ្នក​ផ្សេង​ហាក់​ដូចជា​មិនបាន​យក​ចិត្ត​ទុក​ដាក់​អំពី​ឧបទ្ទវហេតុ​ដែល​អាចកើត​មាន​ឡើង​ជា​ថ្មី ​ប៉ុន្តែ​អ្នកស្រី​ព្រួយ​បារម្ភ​ និង​ហាម​មិន​ឲ្យ​ក្មួយៗ​របស់​អ្នក​ស្រី​ដើរ​ទៅ​ណា​ផ្តេសផ្តាស​នោះ​ទេ។​

«ខ្ញុំ​ព្រួយ​បារម្ភ​ដែរ ​ប៉ុន្តែ​ខ្ញុំ​ អ្នក​រក​ស៊ី ​អ្នក​លក់​ប៉េតប៉ោង។ ​តែ​ខ្ញុំ​អត់​ឲ្យ​ក្មេងៗ​ចេញ​ដើរ»។​

អ្នក​ទស្សនា​តិច​តួច​មិន​មែន​ជា​ការ​រំពឹង​ទុក​របស់​ក្រុម​អាជីវករ​ទេ។ ​ស្តង់​ជា​ច្រើន​តម្រៀប​ជា​ជួរ​នៅ​លើ​ទីលាន​មួយ​នៅ​ចំផ្លូវ​ចូល​កោះ​ពេជ្រ។​គ្រឿប​ឧបភោគ ​បរិភោគ​ ភេសជ្ជៈ​ គ្រឿង​អេឡិច​ត្រូនិក ​សម្ភារៈ​ប្រើ​ប្រាស់ស្ថិត​នៅ​ក្នុ​ង​ស្តង់​រៀងៗ​ខ្លួន​ ​ដោយ​បន្លឺ​សំឡេងតាម​ប្រដាប់​បំពង​សំឡេង​ប្រណាំង​ប្រជែង​គ្នា​យ៉ាង​ទ្រហឹង។​

លោក​ចិត្រា​គឺជា​អ្នក​លក់​សំបក​កង់​ម៉ូតូ​ម៉ាក​ឌូរ៉ូ ​គ្រប់​ប្រភេទ​នៅ​លើ​កោះ​ពេជ្រនេះ។ ​លោក​កត់​សម្គាល់ថា ​ប្រជា​ពល​រដ្ឋ​ហាក់​ដូចជា​នៅ​ដិត​ដាម​ដោយ​ការ​ភ័យ​ខ្លាច។​ ហើយ​ពួក​គេ​មិន​សូវ​ហ៊ាន​មក​ទស្សនា​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នោះ​ទេ។​

«អត់​សូវ​មាន​មនុស្ស​ទេ​ ស្ងាត់ម៉ង។​ រាល់ឆ្នាំ​ថ្មើរ​នេះ​ចាប់​ផ្តើម​មាន​មនុស្ស​ដើរ​ច្រើន។ ​ឆ្នាំ​នេះ​ស្ងាត់។ ​មូល​ហេតុ​ដោយសារ​គេ​ក្រែង​រអារ​អំពី​ប៉ុន្មាន​ឆ្នាំ​មុន​(ជាន់​គ្នា​ស្លាប់)។​ ​ម្យ៉ាង​ទៀត​អ្នក​ជន​បទ​មិន​ឡើង​មក​ក្រុង​ រីឯ​អ្នក​ក្រុង​ទៅកាន់​ទី​ជនបទ​វិញ»។​

ទោះ​ជា​មាន​មនុស្ស​ដើរ​ជា​ក្រុម​តូចៗ​ដោយ​កម្រ​នៅ​ពេល​ថ្ងៃ​ ដែល​ទំនង​ជា​មិន​មែន​ជា​បុព្វហេតុ​នៃ​កង្វល់​ផ្នែក​សុវត្ថិភាព​ដូច​កាល​ពី​ពេល​មុន​ក៏​ពិត​មែន ​ប៉ុន្តែ​នៅ​គល់​ស្ពាន​និមួយៗ​ កង​សមត្ថកិច្ច​ប៉ូលិស​ត្រូវ​ដាក់​ពង្រាយ​ប្រចាំ​ការ​នៅ​ទី​នោះ។​ ​សមត្ថកិច្ច​ប៉ូលិសប្រចាំ​ការ​គឺ​ដើម្បី​រង់​ចាំ​ណែនាំ​និង​បង្ហាញ​ផ្លូវ​ក្រុម​ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​ដើរ​បញ្ច្រាស​ទិស​របស់​ស្ពាន។​ ការ​ដើរ​បញ្ច្រាស​គឺជា​មូល​ហេតុ​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជាន់​គ្នា​ស្លាប់​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។​

ក្រុម​មន្ត្រី​ប៉ូលិសប្រចាំ​ការ​នៅ​គល់​ស្ពាន​បាន​ពន្យល់​បន្ថែម​ថា៖​

«ខាង​ខ្ញុំ​ សមត្ថកិច្ច ​ជួយ​ណែនាំ​ដើម្បី​ឲ្យ​គាត់​គោរព​ផ្លូវ ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ ដើម្បី​សុវត្ថិភាព​និង​បញ្ចៀស​បញ្ហា​បាន​ច្រើន»។​

រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ពុធ​នេះ​មាន​ប្រជា​ពលរដ្ឋ​ចូល​ទស្សនា​កោះ​ពេជ្រ​កើន​ឡើង​ច្រើន​បន្តិច៕