ស្រីលង្កា​លក់​ភាគហ៊ុន​មួយភាគ​ធំ​របស់​កំពង់ផែ​យុទ្ធសាស្រ្ត​នៅ​មហាសមុទ្រ​ឥណ្ឌា​ទៅ​ឲ្យ​ចិន

  • Anjana Pasricha

រដ្ឋមន្រ្តី​ក្រសួង​ផែ​និង​នាវា​ប្រទេស​ស្រី​លង្កាលោក​ Mahinda Samarasinghe (កណ្តាល) ដោះ​ដូរ​វត្ថុអនុស្សាវរីយ​ជាមួយ​អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនកំពង់ផែចិន​ Dr. Hu Jianhua អំឡុង​កិច្ចព្រមព្រៀងសម្បទានកំពង់ផែ​អន្តរជាតិ ​Hambantota នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា។

រដ្ឋាភិបាល​ស្រី​លង្កា​បាន​ចុះ​កិច្ច​ព្រមព្រៀង​តម្លៃ ​១,១​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ​ដើម្បី​លក់​ភាគ​ហ៊ុន​មួយ​ភាគ​ធំ​នៃ​​កំពង់​ផែ​ទឹកជ្រៅ​​ដ៏​ចម្រូង​ចម្រាស​មួយ​ ​ដើម្បី​កាត់បន្ថយ​បំណុល។ រដ្ឋាភិបាល​នេះ​បាន​បន្ត​​ថា ​ខ្លួន​ក៏​បាន​ដោះស្រាយ​ក្តី​បារម្ភ​ ដែល​ថា​ចិន​អាច​​ប្រើប្រាស់​កំពង់​ផែ​​​នោះ​សម្រាប់​បុព្វហេតុ​យោធា។

កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា ​បន្ទាប់ពី​មាន​ការ​ចរចា​សារ​ជា​ថ្មីអស់​រយៈពេល​ជាច្រើន​ខែ​ ក្រោយ​ពីមាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​នេះ។ ស្របពេល​ដែល​ក្រុមអ្នក​រិះគន់​ក្នុង​ប្រទេស​បានព្រមាន​ថា​ ការ​ប្រគល់​ការ​គ្រប់គ្រង​ភាគ​ច្រើន​ឲ្យ​ទៅ​ចិន​ គឺជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ប្រទេស​ឥណ្ឌា ​ដែល​ជា​ប្រទេស​ជិត​ខាង​ ក៏​បាន​ត្អូញត្អែរ​ពី​ការដែល​ប្រទេស​ចិន​អាច​ចូល​ក្នុង​កំពង់ផែ​យុទ្ធសាស្ត្រ​កៀក​នឹង​តំបន់​សមុទ្រ​របស់​ខ្លួន​ក្នុង​មហា​សមុទ្រ​ឥណ្ឌា។​

សាងសង់​ឡើង​ដោយ​ប្រើ​កម្ចី​យ៉ាង​ច្រើន​ពី​ប្រទេស​ចិនក្នុង​ឆ្នាំ​២០១០ កំពង់ផែ Hambantota ​ត្រូវ​បាន​គេ​យល់​ថា​ជា គន្លឹះសម្រាប់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ ប្រកប​ដោយ​មហិច្ឆតារបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​គម្រោង​នេះ​គឺ​ មាន​បំណង​ភ្ជាប់​ផ្លូវ ​និង​កំពង់ផែ​ទូទាំង​ទ្វីប​អាស៊ី​ និង​អឺរ៉ុប ក៏​ដូចជា​ជំរុញ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួននៅ​តំបន់មហាសមុទ្រ​ឥណ្ឌា។

រដ្ឋាភិបាល​ស្រីលង្កា​និយាយ​ថា ​ក្រោម​លក្ខខណ្ឌ​របស់​កិច្ច​ព្រមព្រៀង ​ទាហាន​ជើង​ទឹករបស់​ប្រទេស​ស្រីលង្កា​នឹង​គ្រប់គ្រង​សន្តិសុខ​នៅ​កំពង់ផែ Hambantota ហើយ​គ្មាន​ទាហាន​ជើង​ទឹក​ពី​ប្រទេស​ក្រៅ​ណា​មួយ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កំពង់ផែ​ជាមូលដ្ឋាន​របស់​ខ្លួន​ជា​ដាច់ខាត។

​នាយក​រដ្ឋមន្ត្រីស្រីលង្កា​លោក Ranil Wickremesinghe​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា៖ «យើង​កំពុង​ផ្តល់​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ដល់​ប្រទេស​ស្រីលង្កា ដោយមិនមែន​ការ​ប៉ះពាល់​ផ្នែក​សន្តិសុខ​នោះ​ទេ»។​

ភាគហ៊ុនរបស់​ប្រទេស​ចិន​ក្នុង​គម្រោង​កំពង់ផែ​នេះ​ក៏​ត្រូវបាន​បន្ទាបពី ​៨០ភាគរយ​មក​ត្រឹម ​៧០ ភាគរយ​ ដើម្បី​កាត់​បន្ថយ​ការ​ជំទាស់​ក្នុង​ស្រុក​ ដែល​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​គួរ​ក្តោបក្តាប់​លើ​ទ្រព្យ​សម្បត្តិ​ជាតិ​ទេ។​

ប្រទេស​ស្រីលង្កា​នឹង​មាន​ចំណែក​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ខ្លួន​នឹង​ត្រួតពិនិត្យ​ថា​ នាវា​ណា​អាច​ចុះ​ចត​នៅ​កំពង់ផែ​ ខណៈ​ដែល​ប្រទេស​ចិន​នឹង​គ្រប់គ្រង​ផ្នែក​ធុរកិច្ច។

​លោក​ Sukh Deo Muni ​អ្នកជំនាញ​ប្រចាំ​តំបន់អាស៊ី​ខាងត្បូង​នៃ​វិទ្យាស្ថាន​សម្រាប់​ការ​ស្រាវជ្រាវ​ និង​ការ​វិភាគ​ផ្នែក​ការពារជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ញូវដេលី បាន​និយាយ​ថា ​នៅ​ពេល​ដែល​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​របស់​ប្រទេស​ឥណ្ឌា​ ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ វត្តមាន​របស់​ប្រទេស​ចិន​នៅ​កំពង់ផែ​នោះ​នៅតែ​ជា​រឿង​កង្វល់​មួយ។ លោក Sukh Deo Muni បាន​មាន​ប្រសាសន៍​ថា៖

«គម្រោង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​កាន់កាប់​ដោយ​ចិន​ ដែល​ការណ៍​នេះប្រហែល​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ឥណ្ឌា​នោះ​ទេ។ យើង​នៅ​តែ​រង់ចាំ​មើល​ថា​តើ​ប្រទេស​ស្រីលង្កា​មាន​លទ្ធភាពត្រួត​ពិនិត្យ​សកម្មភាព​របស់​ចិន​នៅ​តំបន់ចំណុច​រសើប​មួយ​ចំនួន​បាន​ប៉ុណ្ណា»។​

ចាប់​តាំង​ពី​ពេល​កំពង់ផែ Hambantota ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ កំពង់ផែ​នេះ​ខកខាន​ក្នុង​ការ​បង្កើត​ជា​អាជីវកម្ម​ធំដុំ​ ហើយ​រង​ការ​ខាតបង់​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់។ អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា​ ការ​វិនិយោគ​របស់​ចិន​មិន​សូវ​ត្រូវ​បាន​ជំរុញ​ខ្លាំង​ ដោយ​ភាព​ទាក់ទាញ​ផ្នែក​ពាណិជ្ជកម្ម​របស់​គម្រោង​តំបន់​ផែន​នេះ ដូច​ទីតាំង​យុទ្ធសាស្ត្រ​នៅ​លើ​ច្រក​សមុទ្រ​ដ៏​មមាញឹករវាង​អាស៊ី​ និង​អឺរ៉ុប​នោះ​ទេ។​

ប្រទេស​ឥណ្ឌា​ធ្លាប់​មាន​ការ​ប្រុងប្រយ័ត្ន​ នៅពេល​ដែល​នាវា​មុជទឹក​របស់​ចិន​បាន​ចត​ចូល​ចត​នៅកំពង់​ផែ​ក្រុង​កូឡុំបូ (Colombo) កាល​ពី​ឆ្នាំ​២០១៤ ហើយ​តាំងពី​ពេល​នោះ​មក​ឥណ្ឌាបាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស្រីលង្កា​ ដើម្បី​មិន​អនុញ្ញាត​ឲ្យ​នាវា​ចិន​ប្រើ​កំពង់ផែ​របស់​ខ្លួន។

ឥណ្ឌា​បារម្ភ​ពី​ការ​ពង្រីកខ្លួន​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​តំបន់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់អាស៊ី​ខាងត្បូង​ដូចជា ​បង់ក្លាដេស នេប៉ាល់ និង​ស្រី​លង្កា។​

រដ្ឋាភិបាលស្រីលង្កា​បាន​សន្យា​ថា​ នឹង​ពិនិត្យ​មើលឡើង​វិញ​ទៅ​លើ​គម្រោង​វិនិយោគ​ធំៗរបស់​ចិន​ក្នុង​អាណត្តិ​រដ្ឋាភិបាលរបស់​អតីត​នាយក​រដ្ឋមន្រ្តី លោក Mahinda Rajapaksa ប៉ុន្តែ​ផែនការ​ត្រួត​ពិនិត្យ​នេះត្រូវ​បាន​បង្អាក់​ ដោយសារប្រទេស​ស្រីលង្កាជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន។​

រដ្ឋាភិបាល​ស្រីលង្កា​បាន​និយាយ​ថា​ ថវិកា​ពី​ភាគ​ហ៊ុនកំពង់​ផែ Hambantota ​ដែល​លក់​ឲ្យ​ក្រុម​ហ៊ុន​ចិន​ នឹង​ត្រូវ​ប្រើ​ដើម្បី​សង​បំណុល​បរទេសមួយ​ផ្នែក​របស់​ប្រទេស៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ