ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស្រីលង្កា​សន្យា​ដោះ​ស្រាយ​ការ​ខូច​ខាត​របស់​ក្រុម​តាមិល


លោក Mangala Samaraweera រដ្ឋ​មន្រ្តី​ការបរទេស​ស្រីលង្កា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​កូឡុំបូ (Colombo) ប្រទេស​ស្រីលង្កា កាលពី​ខែឧសភា ឆ្នាំ២០១៥។
លោក Mangala Samaraweera រដ្ឋ​មន្រ្តី​ការបរទេស​ស្រីលង្កា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​កូឡុំបូ (Colombo) ប្រទេស​ស្រីលង្កា កាលពី​ខែឧសភា ឆ្នាំ២០១៥។

​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ស្រីលង្កា​ហាក់​ដូច​ជា​ទទួល​ស្គាល់​កំហុស​ឆ្គង​ដែល​កើត​ឡើង​តាំង​ពី​អតីតកាល​បង្ក​ដោយ​រដ្ឋាភិបាល​មុន ហើយ​សន្យា​ថា​នឹង​ដោះស្រាយ​ការ​ខូចខាត​របស់​សហគមន៍​តាមិល។

រដ្ឋាភិបាល​ស្រីលង្កា​បច្ចុប្បន្ន​ សន្យា​ថា​នឹង​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​កសាង​សន្តិភាព ​និង​រៀប​ចំ​ដំណើរ​ការ​ផ្សះ​ផ្សា​ជាមួយ​សហគមន៍​តាមិល​ ដែល​នេះ​ផ្ទុយ​ស្រឡះ​ពី​គោល​នយោបាយរបស់​រដ្ឋាភិបាល​មុន។​ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស្រីលង្កា​បាន​បង្ហាញ​គំរូ​វិធានការ​នានា ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​ទាំង​នេះ​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​។

ការ​អាន​សុន្ទរកថា​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ហាក់​ដូច​ជា​ទទួល​ស្គាល់​កំហុស​ឆ្គង​ដែល​កើត​ឡើង​តាំង​ពី​អតីតកាល​បង្ក​ដោយ​រដ្ឋាភិបាល​មុន។ លោក​ Mangala Samaraweera ​រដ្ឋ​មន្ត្រី​ការបរទេស​ស្រីលង្កានិយាយ​ថា​ ការ​បោះ​ឆ្នោត​សភា​កាល​ពី​ខែ​មុន​បាន​ធ្វើឲ្យ​ក្រុម​ជ្រុល​និយម​បាត់​បង់​អាសនៈ ​និង​ធ្វើ​ឲ្យ​គូប្រជែង​នយោបាយ​ដែល​មាន​ជា​យូរ​មក​ហើយ​នោះ​ អាច​បង្កើត​រដ្ឋាភិបាល​រួប​រួម​មួយ។ លោក​បន្ថែម​ថា ​នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​កែ​ទម្រង់។

លោក​ថា៖ «នេះ​រួម​បញ្ចូល​ទាំង​ការ​ធានា​ដែល​មាន​តម្លៃ​ជា​សកល​នៃ​សមភាព ​យុត្តិធម៌​ និង​សេរីភាព​ត្រូវ​បាន​គោរព ​ដោយ​ជំរុញ​ការ​ផ្សះ​ផ្សា​រវាង​សហគមន៍​នានា ​និង​ការ​រក្សា​ឲ្យ​បាន​នូវ​ដំណោះ​ស្រាយ​នយោបាយ​មួយ»។

រដ្ឋមន្ត្រី​ខាង​លើ​និយាយ​ថា​ ការ​តែង​តាំង​មេដឹកនាំ​បក្ស​ប្រឆាំង​ជា​ជនជាតិ​តាមិល ​និងការ​តែង​តាំង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​ នឹង​ធានា​បាន​ថា​គ្មាន​អ្នក​ណា​ម្នាក់ ​ត្រូវ​បាន​គេ​បដិសេធ​សិទ្ធិ​ដោយ​សារ​តែ​បញ្ហាជាតិ​សាសន៍​ សាសនា​ វណ្ណៈ​ ឬ​ភេទ​ឡើយ។ រដ្ឋាភិបាល​ស្រីលង្កា​មុន​បាន​បរាជ័យ​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ករណី​ការចោទ​ប្រកាន់ពាក់ព័ន្ធ​រឿង​រំលោភ​បំពាន​ ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ខ្លា​តាមិល​ ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​២៦ឆ្នាំ។​ ដូច្នេះ​ហើយ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បើក​ការ​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​តែ​ម្តង។

លោក Samaraweera ទទួល​ស្គាល់​ថា​ កិត្តិនាម​កង​ទ័ព​របស់​ប្រទេស​ស្រីលង្កា​ត្រូវ​បាន​ខូច​ខាត​ខ្លាំង​ ដោយ​សារ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពី​ពេល​នោះ​ដែរ។​ លោក​បាន​បន្ទោស​ទៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​និង​វប្បធម៌​ ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ពីរ​បី​នាក់​ស្ថិត​នៅ​ក្នុងតំណែង​ទទួល​ខុស​ត្រូវ​ខ្ពស់​នោះ។

លោក ​Samaraweera​ និយាយ​ថា​ លោក​មាន​ជំនឿ​ចិត្តថា​ កិត្តិនាម​កងកម្លាំងប្រដាប់​អាវុធ​នឹង​ត្រូវ​ស្តារ​ឡើង​វិញ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បន្ត​រៀប​ចំ​ដំណោះ​ស្រាយ​នយោបាយ​ដើម្បី​ដោះស្រាយ​ការ​ខូច​ខាត​របស់​ប្រជាជន​តាមិល។

រដ្ឋមន្ត្រី​ស្រី​លង្កា​រូបនេះ​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​លោក​គ្រោង​បង្កើត​គណៈកម្មការ​ស្វែង​រក​ការពិត​និង​ការ​ផ្សះ​ផ្សា​ ដោយ​យក​គំរូ​តាម​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ លោក​បន្ត​ថា​ វា​នឹង​មាន​តួនាទី​ស៊ើបអង្កេត​លើ​ករណី​មនុស្ស​បាត់​ខ្លួន​ បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ត្រឹមត្រូវ ​និង​បង្កើត​ការិយាល័យទទួល​បន្ទុក​ផ្តល់​សំណង​ប៉ះប៉ូវ​ជូន​អ្នក​រងគ្រោះ​ដោយ​សារ​សង្គ្រាម។

​លោក​បន្ត​ថា ​រដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​គ្រោង​អនុម័តរដ្ឋធម្មនុញ្ញ​ថ្មី ​ដែល​រួម​បញ្ចូល​ទាំង​ការ​ធានា​នូវ​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​នយោបាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ប្រហែល​៤០.០០០នាក់​បាន​ស្លាប់​ក្នុង​ខែ​ចុង​ក្រោយ​នៃ​សង្គ្រាម​ស៊ីវិល​ កាលខែ​ឧសភា​ឆ្នាំ២០០៩​កន្លង​ទៅ។ អ្នក​ដែល​របួស ​និង​ស្លាប់​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ក្រុម​តាមិល៕

ប្រែ​សម្រួល​ដោយ​ សៅ ផលនិស្ស័យ

XS
SM
MD
LG