ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបជាមួយអ្នកតំណាងកំពូលនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅឯការិយាល័យប្រធានាធិបតីនៅសេតវិមានកាលពីថ្ងៃសុក្រដើម្បីពិភាក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Sarah Sanders លេខាធិការព័ត៌មានសេតវិមានបាននិយាយថា លោក ត្រាំ និងលោក Kim Yong Chol អនុប្រធានគណបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មាធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិកកូរ៉េ បានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការរីកចម្រើនបន្តដើម្បីផ្ទៀងផ្ទាត់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុងនិងចុងបញ្ចប់។
លោកឧត្តមសេនីយ៍ Kim Yong Chol ជាអតីតមេចារកម្មកូរ៉េខាងជើងដែលជាញឹកញាប់គេនិយាយថា ដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុនអ៊ុន នោះត្រូវបានគេរាយការណ៍ថា បាននាំយកសំបុត្រផ្តាល់ខ្លួនរបស់លោក គីម ជុងអ៊ុន មកឲ្យលោត្រាំ។
កិច្ចប្រជុំនេះបាននាំឲ្យមានក្តីរំពឹងទុកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងប្រកាសអំពីកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំទាំងពីរ។ កាលពីថ្ងៃសុក្រ លោក Kim Yong Chol បានជួបជាមួយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសស.រ.អា.នៅសណ្ឋាគារមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាលំអិតអំពីសារពើពន្ធកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង៕