អ្នកតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា លើកឡើងថា គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតនាពេលខាងមុខ ចាំបាច់ត្រូវប្រកាសជាមុន ថាតើខ្លួនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ក្រោមយន្តការថ្មីដែលកំពុងដំណើរការបច្ចុប្បន្ននេះដែរឬអត់។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងអភិបាលកិច្ចល្អ បានថ្លែងបែបនេះនៅក្នុងកម្មវិធី «ហេឡូវីអូអេ» កាលពីថ្ងៃច័ន្ទទី២៦ ខែកញ្ញានេះ៖
«គណបក្សធំៗទាំងពីរហ្នឹង ត្រូវតែធ្វើការជជែកគ្នាមុនការបោះឆ្នោត កុំឲ្យឡាំប៉ា ក្រោយការបោះឆ្នោតហើយខាតពេល១ឆ្នាំ ឬ១ឆ្នាំកន្លះ។ ប្រជាពលរដ្ឋអត់មានសេចក្ដីសុខ នៅតែមានសតិអារម្មណ៍ អ្នករកស៊ី ក៏រកស៊ីមិនកើត អ្នកវិនិយោគ ក៏មានហ៊ានវិនិយោគ ម្នាក់ៗគិតតែភ័យអញ្ចឹង គឺថាទៅមិនរួចទេ»។
ប្រទេសកម្ពុជា បានជួបប្រទះការជាប់គាំងនយោបាយអស់រយៈពេលជិត១ឆ្នាំ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ ២០១៣ ដោយសារគណបក្សប្រឆាំងដែលមានការរួបរួមគ្នា បានបដិសេធ មិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដោយអះអាងថា លទ្ធផលនោះ មានការលួចបន្លំនិងមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។
លោក ឱក សេរីសោភក្តិ៍ ថ្លែងថា គណបក្សធំៗ ជាពិសេសគឺគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ត្រូវតែចរចាគ្នាឲ្យហើយថា ទោះបីជាលទ្ធផលនៃការបោះឆ្នោតអាណត្តិក្រោយ ចេញមកយ៉ាងដូចម្ដេចក៏ដោយ គឺត្រូវតែទទួលស្គាល់លទ្ធផលនោះ។
បច្ចុប្បន្នប្រទេសកម្ពុជា កំពុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ ដើម្បីត្រៀមទៅរកការបោះឆ្នោតឃុំ សង្កាត់ នៅពាក់កណ្ដាលឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨។
ប៉ុន្តែ មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង លើកឡើងថា ការចុះឈ្មោះអ្នកបោះឆ្នោតនិងដំណើរការបោះឆ្នោតនេះ ធ្វើឡើងក្នុងគ្រាដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បាននិងកំពុងធ្វើទុក្ខម្នេញតាមរយៈប្រព័ន្ធតុលាការ លើមេដឹកនាំនិងសកម្មជនរបស់ខ្លួន ដែលបង្កឲ្យមានការប្រកួតប្រជែងគ្នាមិនស្មើភាព។
តែទោះជាយ៉ាងនេះក្តី លោក ឱក សេរីសោភក្តិ៍ មានប្រសាសន៍ថា បើគណបក្សដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ យល់ថា ការចាប់ខ្លួននិងការកាត់ទោសមេដឹកនាំនិងសមាជិករបស់ខ្លួននេះ មិនមែនជាបញ្ហាព្រហ្មទណ្ឌតែជាបញ្ហានយោបាយ ខ្លួនត្រូវតែប្រកាសឲ្យហើយថា ការបោះឆ្នោតនេះ មិនអាចទទួលយកបានទេ ប្រសិនបើគ្មានដំណោះស្រាយណាមួយដែលភាគីអាចទទួលយកបានទាំងអស់គ្នាទេនោះ។
«បើមិនដោះទេ គឺថា យន្តការនៃការបោះឆ្នោតហ្នឹង មិនសុក្រឹតទេ មិនតម្លាភាពទេ មិនអាចចូលរួមបាន។ ដូច្នេះ ត្រូវតែនិយាយមុនឲ្យហើយថា ដរាបណារឿងហ្នឹង អត់ដោះទេ គឺថាការបោះឆ្នោតហ្នឹង អត់អាចធ្វើទៅបានទេ»។
លោកបន្តថា ប្រសិនបើគណបក្សប្រឆាំងមិនធ្វើដូច្នេះ ហើយបែរជាព្រមចូលរួមក្នុងដំណើរការបោះឆ្នោតហើយ ហើយនៅតែប្រកែកមិនព្រមទទួលស្គាល់លទ្ធផល ប្រសិនបើលទ្ធផល មិនគួរជាទីគាប់ចិត្តសម្រាប់ខ្លួននោះ នោះគឺជារឿងមិនត្រឹមត្រូវទេ។
យ៉ាងណាក៏ដោយ មន្ត្រីបក្សប្រឆាំង អះអាងថា ខ្លួនមិនអាចប្រកាសបានថាខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតនោះទេ ដោយសង្ឃឹមថានឹងមានដំណោះស្រាយនយោបាយមួយនៅពេលខាងមុខ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គិតមកត្រឹមថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០១៦ អ្នកចុះឈ្មោះបោះឆ្នោត មានចំនូនជាង៣លាននាក់ហើយនៅទូទាំង១៦៣៣ ឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជា ឬស្មើនឹងជាង៣៥ភាគរយនៃពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលមានសិទ្ធិបោះឆ្នោត។
ដំណើរការចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំនេះ នឹងបិទបញ្ចប់នៅចុងខែវិច្ឆិកាខាងមុខ។
លោក ឱក សេរីសោភក្តិ៍ ថ្លែងថា ក្រោយពីការបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មីនេះ គណបក្សនយោបាយដែលប្រកួតប្រជែងទាំងអស់ គួរតែអាចប្រកាសបានហើយថាតើ ខ្លួននឹងចូលរួមនៅក្នុងការបោះឆ្នោតឬអត់។
«បើបញ្ជីនៃការបោះឆ្នោតហ្នឹង គណបក្សដែលចូលរួម មិនអាចទទួលយកបាន ត្រូវតែនិយាយពេលហ្នឹងថា បញ្ជីហ្នឹង អត់សុក្រឹតទេ យកទៅប្រើការអត់បានទេ ដូច្នេះខ្ញុំអត់ចូលរួមនៅក្នុងការបោះឆ្នោតហ្នឹងទេ»៕